សម្ដេច ហ៊ុន សែន នឹង​កាន់​តំណែង​ផ្សេង ៣ ក្រោយ​សម្រេច​មិន​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី

  • 2023-07-26 08:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ការ​ថ្លែង​ពិសេស​អំពី​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​រសៀល​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​មិន​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី ៧នេះ​ទេ ផ្ទុយ​ទៅ​វិញ​នឹង​កាន់​តំណែង​ផ្សេង​ចំនួន ៣​ជា​ជំនួស​វិញ។

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត នឹង​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បន្ត ក្រោយ​សម្ដេច​បាន​លាលែង ក្នុង​នោះ​តាម​សម្ដេច គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា "គ.ជ.ប" នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៥ សីហា ហើយ​ព្រះមហាក្សត្រ នឹង​ចេញ​ព្រះរាជប្រកាស​តែង​តាំង​នាយកដ្ឋមន្ត្រី​ថ្មី​នៅ​ថ្ងៃ​ទី ៩ ខែ​ដដែល។

នៅ​ថ្ងៃ​ទី ២១ សីហា នាយករដ្ឋមន្ត្រី​ថ្មី នឹង​ចូល​ទៅ​ស្បថ​មុខ​ព្រះ​មហាក្សត្រ។ ១ថ្ងៃ​ក្រោយ សម្ដេច​បញ្ជាក់​ថា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត នឹង​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ផ្លូវ​ការ។ ដោយ​ឡែក​សម្ដេច ក្រោយ​លាលែង​តំណែង​នាយករដ្ឋមន្ត្រី នឹង​កាន់​តំណែង​ចំនួន ៣ ទី១ ប្រធាន​បក្ស​ប្រជាជនកម្ពុជា ទី២​ប្រធានព្រឹទ្ធសភា និង​ដើរតួនាទីជា​ប្រមុខរដ្ឋ​ស្ដី​ទី ករណី​ព្រះមហាក្សត្រ​ដែល​ជា​ប្រមុខរដ្ឋ មាន​ព្រះរាជ​កិច្ច​ត្រូវ​យាង​ចេញ​ពី​ប្រទេស។

ដោយ​ឡែក​ទី៣ សម្ដេចតេជោ នឹង​កាន់ជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​រាជសម្បត្តិផងដែរ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី