Hazard បដិសេធ​ឱកាស​ទៅ​លេង​ជាមួយ Messi នៅ​អាមេរិក

  • 2023-07-26 11:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Eden Hazard បាន​បដិសេធ​សំណើ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប Inter Miami។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Voetbalkrant ហើយ​ចុះ​ផ្សាយ​បន្ត​ដោយ​ Goal។

Hazard ត្រូវ​បាន​រាយការណ៍​ថា បាន​បដិសេធ​សំណើ​នេះ ដោយសារ​កីឡាករ​វ័យ ៣២ ឆ្នាំ ចង់​បន្ត​អាជីព​នៅ​អឺរ៉ុប។

យោង​តាម​ប្រភព​ដដែល រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ក្លឹប​អឺរ៉ុប​ណា​មួយ​ចង់​បាន​ Hazard នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា Hazard នៅ​តែ​មាន​ចេតនា​ចង់​បន្ត​រក​ក្លឹប ដោយ​មិន​ទាន់​ចង់​ចូល​និវត្តន៍។

Hazard ធ្លាប់​ជា​កីឡាករ​មួយ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​ក្នុងពិភព​បាល់ទាត់​ ជា​ពិសេស​កាល​ពេល​លេង​នៅ​ Chelsea កាល​ពី​ឆ្នាំ ២០១២ ដល់​ ២០១៩។ កាល​ពី​ឆ្នាំ ២០១៩ កីឡាករ​បែលហ្សិក​បាន​សម្រេច​ចិត្ត​ទៅ​លេង​នៅ Real Madrid។ យ៉ាង​ណា​ក៏​ដោយ រយៈ​ពេល ៤ ឆ្នាំ​នៅ​ក្លឹប​យក្ស​អេស្ប៉ាញ កីឡាករ​បាន​ជួប​ប្រទះ​បញ្ហា​របួស​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ Hazard ធ្លាក់​ទម្រង់​លេង​ជា​គំហុក។ ខ្សែ​ស្លាប​លេង​បាន​តែ​ជាង ៧០ ប្រកួត ហើយ​ស៊ុត​ចូល ៧ គ្រាប់​ប៉ុណ្ណោះ​ឲ្យ Real Madrid។

កាល​ពី​ខែ​មុន ភាគី​ក្លឹប Real និង​ភាគី​ Hazard បាន​ព្រមព្រៀង​ចែក​ផ្លូវ​គ្នា។

នៅ​អាមេរិក​ឯណោះ​វិញ ក្លឹប Inter Miami បាន​បើក​យុទ្ធនាការ​នាំ​ចូល​កីឡាករ​ល្បីៗ​ដែលលេង​នៅ​ក្លឹប​អឺរ៉ុបធំៗ។​ តួ​យ៉ាង​ក្លឹប​ទើប​តែ​ផ្ទេរ​ចូល​បាន​សម្រេច​ខ្សែ​ប្រយុទ្ធ Lionel Messi ខ្សែ​បម្រើ Sergio Busquets និង ​ខ្សែ​ការពារ​ស្លាប Jordi Alba៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី