ប្រាសាទបាយ័ន នឹង​កាន់តែស្រស់ស្អាតខ្លាំងដូច​ទម្រង់ដើម ខណៈ​អាជ្ញាធរ​កំពុង​ស្តារស្រះទឹកឡើងវិញហើយ

  • 2023-07-31 09:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងតែ​ខិតខំ​ប្រឹងប្រែង​រុះរើ​ផ្ទាំងថ្ម​នៃប្រាសាទបុរាណ​ចំនួនច្រើន​ម៉ឺនដុំ​ចេញពី​គំនរ​ដែលធ្លាប់​តែធ្លាក់នៅក្នុងស្រះទឹក នាភាគខាងកើតនៃប្រាសាទបាយ័ន ដើម្បីផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីមួយផ្សេងទៀត។

បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា លោកស្រី ទឹម ធីតា មានប្រសាសន៍ថា ការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២នៅភាគខាងកើតប្រាសាទបាយ័នឡើងវិញ ឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផង។

លោកស្រី ទឹម ធីតា ឱ្យដឹងទៀតថា គំនរថ្ម​នៃប្រាសាទ​បុរាណ​នេះ​មួយផ្នែក ធ្លាប់បាន​ប្រមូល​នៅក្នុងបរិវេណរួតទី៣ និង​នៅរោងទងទី១ នៃប្រាសាទបាយ័ន​ដោយអ្នកអភិក្សជនជាតិបារាំង កាលពីចន្លោះឆ្នាំ១៩១៩-១៩៣០ម្ដងមកហើយ។

ក្រុមអ្នកជំនាញ​ឱ្យដឹងថា ថ្មប្រាសាទ​បុរាណ​ភាគច្រើន​ដែលធ្លាក់ជាគំនរនៅក្នុងស្រះទឹកនាភាគខាងកើត​នៃប្រាសាទបាយ័ន​នោះ គឺជាប្រភេទថ្មដំបូល៥០ភាគរយ ក្រៅពីនេះមាន ថ្មហោជាង ធ្នឹម សសរ ថ្មកំពូលព្រហ្ម ខឿន និងថ្មចម្លាក់តូចៗដែលបានបាក់បែកមុខជាដើម។ ស្ថានភាពថ្មមុនពេលរើ គឺមានសភាពនៅរាយប៉ាយគរគ្នា និងគុណភាពថ្ម ឃើញនៅល្អភាគច្រើន។

ដំណាក់កាលដំបូង គឺក្រុមការងារនឹងរើគំនរថ្មយកទៅដាក់នៅបរិវេណមុខប្រាសាទសិន បន្ទាប់ពីរើថ្មអស់ហើយ គឺក្រុមការងារនឹងត្រូវបែងចែកប្រភេទថ្មថា មួយណាជាប្រភេទថ្មដំបូល ថ្មណាជាសសរ ដោយត្រូវយកទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន។ រហូតមកដល់ពេលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើផ្ទាំងថ្ម នៃប្រាសាទបុរាណទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន បានចំនួនប្រហែលជាង៤ពាន់ដុំហើយ។

ក្រុមការងារបានសន្និដ្ឋានថា ថ្មប្រាសាទបុរាណ ដែលគេត្រូវរើចេញពីគំនរទាំងអស់មានប្រហែល២ម៉ឺនដុំ។ ការងាររុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចេញពីគំនរដែលធ្លាប់តែនៅក្នុងស្រះទឹកនាភាគខាងកើតនៃប្រាសាទបាយ័ន គឺបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣មកម៉្លេះ ដោយដំណាក់កាលដំបូងចាប់ផ្តើមពីការសិក្សាស្វែងរកឯកសារ ការសម្រង់ប្លង់ ថតរូបស្ថានភាពថ្មមុនពេលរើ ហើយក៏គ្រោងនឹងបញ្ចប់នៅខែសីហាឬខែកញ្ញាខាងមុខនេះ ៕

ប្រភព៖ អាជ្ញាធរ​ជាតិអប្សរា

អត្ថបទពេញនិយម