ថៃ ហៅអនុព័ន្ធយោធាបរទេស ៤២ប្រទេស មកស្តាប់អំពីស្ថានការណ៍តានតឹង នៅព្រំដែន កម្ពុជា-ថៃ
- 2025-06-10 03:35:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ ហៅអនុព័ន្ធយោធាបរទេស ៤២ប្រទេស មកស្តាប់អំពីស្ថានការណ៍តានតឹង នៅព្រំដែន កម្ពុជា-ថៃ
ចន្លោះមិនឃើញ
កងទ័ពថៃបានធ្វើសន្និសីទជាមួយតំណាងការពារជាតិមកពី៤២ប្រទេស ដើម្បីផ្តល់ព័ត៌មានអំពីស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែនថៃ-កម្ពុជា ដែលបានកើនឡើងបន្ទាប់ពីការប៉ះទង្គិចខ្លីមួយកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥។ យោងតាមការចេញផ្សាយរបស់ The Nation Thailand កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតយោធារបស់ថៃ ដើម្បីធានាតម្លាភាព និងជំរុញការយល់ដឹងរួមអំពីស្ថានការណ៍នៅតាមព្រំដែន។
នៅថ្ងៃចន្ទ ទី៩ មិថុនា ឆ្នាំ២០២៥ អ្នកនាំពាក្យនៃទីបញ្ជាការកងទ័ពថៃ បានប្រកាសថា នាយកដ្ឋានស៊ើបការណ៍យោធាបានផ្តល់ព័ត៌មានលម្អិតដល់អនុព័ន្ធយោធាបរទេសអំពីស្ថានការណ៍សន្តិសុខនៅតាមព្រំដែន។ ឯកសារចំនួន១១ ដែលរួមមាន បទបញ្ជាសន្តិសុខយោធាចំនួន៦ និងបទបញ្ជាដែលបានបកប្រែចំនួន៥ ត្រូវបានចែកចាយទៅកាន់ការិយាល័យអនុព័ន្ធយោធានៃប្រទេស៤២ ទាំងនៅទីក្រុងបាងកក និងនៅក្រៅប្រទេស។ ឯកសារទាំងនេះក៏ត្រូវបានផ្តល់ជូនការិយាល័យអនុព័ន្ធយោធាថៃ និងបរទេសចំនួន២៦ផងដែរ។
ឧត្តមសេនីយ៍ទោ វិថៃ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងបង្ហាញពីគោលជំហររបស់ថៃក្នុងការការពារអធិបតេយ្យភាព និងសុចរិតភាពទឹកដី ខណៈពេលដែលរក្សាការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ ថៃបានអំពាវនាវឱ្យកម្ពុជាប្រើប្រាស់យន្តការទ្វេភាគី ជាពិសេសកិច្ចប្រជុំនៃគណៈកម្មការព្រំដែនរួមថៃ-កម្ពុជា (JBC) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ មិថុនា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព។
ទោះបីជាមានការប៉ះទង្គិច និងការបង្កើនវត្តមានយោធានៅសងខាងក៏ដោយ ថៃបានសង្កត់ធ្ងន់ថា ខ្លួននៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះតាមរយៈការចរចា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែន។ កម្ពុជាក៏បានបង្ហាញឆន្ទៈក្នុងការធ្វើការងាររួមគ្នាដើម្បីកាត់បន្ថយភាពតានតឹង ដោយភាគីទាំងពីរបានយល់ព្រមត្រឡប់ទៅទីតាំងដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០២៤៕