Nico Williams ពីវាលខ្សាច់សាហារ៉ា មកជាម្ចាស់ពានបាល់ទាត់​ពិភពលោក

  • 2026-07-20 07:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុងព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ម៉ោងនៅកម្ពុជា កីឡាករវ័យក្មេង Nico Williams បានបង្កើតអនុស្សាវរីយ៍ដ៏អស្ចារ្យបំផុតក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីលោកបានប្តូរចូលក្នុងវគ្គថែមម៉ោង ហើយបានបញ្ជូនបាល់យ៉ាងល្អឥតខ្ចោះទៅឱ្យ Ferran Torres ទាត់បញ្ចូលទីគ្រាប់បាល់តែមួយគត់ ជួយឱ្យអេស្ប៉ាញឈ្នះអាហ្សង់ទីន ១-០ លើកពានរង្វាន់ World Cup។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ Nico ជ័យជម្នះនេះមិនមែនត្រឹមតែជាការឈ្នះពានរង្វាន់បាល់ទាត់ដ៏ធំបំផុតនោះទេ ប៉ុន្តែវាគឺជាផ្លែផ្កានៃភាពក្លាហាន ការលះបង់ និងក្តីសង្ឃឹមដ៏មហិមារបស់ឪពុកម្តាយលោក ដែលបានឆ្លងកាត់រឿងរ៉ាវស្ទើរតែមិនគួរឱ្យជឿកាលពីអតីតកាល។

កាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ឪពុកម្តាយរបស់ Nico Williams បានធ្វើដំណើរចាកចេញពីប្រទេសកាណា (Ghana) ដោយគ្មានទ្រព្យសម្បត្តិអ្វីជាប់ខ្លួនឡើយ ក្នុងបំណងស្វែងរកជីវិតដ៏មានសុវត្ថិភាព និងប្រសើរជាងមុន។ ដើម្បីទៅដល់ទឹកដីអឺរ៉ុប ពួកគេត្រូវធ្វើដំណើរដោយជើងទទេរកាត់វាលខ្សាច់ដ៏ធំធេងសាហារ៉ា។ ដំណើរនោះពោរពេញទៅដោយគ្រោះថ្នាក់បំផុត ដោយពួកគេត្រូវប្រឈមមុខនឹងកម្តៅថ្ងៃដ៏ក្តៅហួតហែងខ្លាំងនៅពេលថ្ងៃ ភាពត្រជាក់ដល់ឆ្អឹងនៅពេលយប់ និងភាពស្រេកឃ្លានខ្លាំង។

អ្វីដែលរឹតតែលំបាកខ្លាំងជាងនេះទៅទៀតនោះ គឺនៅពេលធ្វើដំណើរនោះ ម្តាយរបស់ Nico កំពុងតែមានផ្ទៃពោះបងប្រុសរបស់លោក គឺកីឡាករ Iñaki Williams ផងដែរ។ ទោះបីជាត្រូវស៊ូទ្រាំនឹងការឈឺចាប់ និងភាពភ័យខ្លាចយ៉ាងណាក៏ដោយ ក៏ពួកគាត់មិនបោះបង់ចោលឡើយ។ ពួកគាត់បានបន្តដើរទៅមុខ ព្រោះតែជំនឿចិត្តយ៉ាងមុតមាំថា កូនៗរបស់ពួកគាត់នឹងមានអនាគតល្អនៅថ្ងៃណាមួយ។

ក្រោយឆ្លងកាត់ថ្ងៃដ៏លំបាក ទីបំផុតពួកគាត់បានទៅដល់ទីក្រុង Melilla ដែលជាទឹកដីចំណុះរបស់អេស្ប៉ាញនៅអាហ្វ្រិកខាងជើង ហើយក្រោយមកក្រុមគ្រួសារនេះបានទៅរស់នៅតំបន់ Basque ប្រទេសអេស្ប៉ាញ ដែលជាកន្លែងដែល Iñaki និង Nico ចាប់កំណើត និងធំដឹងក្តីឡើង។ បងប្អូនប្រុសទាំងពីរបានធំធាត់ឡើងជាមួយក្តីស្រឡាញ់លើវិស័យបាល់ទាត់ និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើឱ្យក្តីស្រមៃរបស់ពួកគេក្លាយជាការពិត។

ច្រើនឆ្នាំក្រោយមក Nico បានក្លាយជាតារាបាល់ទាត់វ័យក្មេងដ៏ភ្លឺស្វាងបំផុតមួយរូបរបស់អេស្ប៉ាញ។ ល្បឿន ជំនាញ និងការប្តេជ្ញាចិត្តរបស់លោក បានជួយឱ្យលោកទទួលបានកៅអីមួយនៅក្នុងក្រុមជម្រើសជាតិ រហូតឈានដល់ការក្លាយជាវីរៈបុរសជួយក្រុមលើកពានរង្វាន់ពិភពលោក World Cup 2026 នេះ។

ចាប់តាំងពីដំណើរដ៏គ្រោះថ្នាក់កាត់វាលខ្សាច់សាហារ៉ា រហូតដល់ការក្លាយជាម្ចាស់ជើងឯកពិភពលោក រឿងរ៉ាវគ្រួសាររបស់ Nico Williams បានបង្ហាញឱ្យពិភពលោកឃើញថា ក្តីស្រមៃពិតជាអាចក្លាយជាការពិតបាន តាមរយៈកម្លាំងចិត្ត ការប្តេជ្ញាចិត្ត និងស្មារតីមិនចេះចុះចាញ់៕

ប្រភព៖ Unknown Facts

ដោយ៖ តារា

អត្ថបទថ្មី