ផ្លូវ​ក្រវាត់​ក្រុងទី៣ សម្ពោធហើយ​ ក្រោម​ការផ្តល់​កិត្តិយស​លើកចុងក្រោយរបស់​សម្តេចតេជោ ក្នុងនាម​ជានាយករដ្ឋមន្រ្តី

  • 2023-08-03 02:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវក្រវាត់​ក្រុង​ទី៣ ​ត្រូវបាន​ធ្វើ​ពិធី​សម្ពោធ​ជាផ្លូវការហើយ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ​២០២៣នេះ ក្រោមអធិបតី​ភាព​សម្តេចតេជោ ហ៊ុន សែន ដែល​ជាការផ្តល់​កិត្តិយស​លើកចុងក្រោយ​របស់​សម្តេច ក្នុងនាម​ជានាយករដ្ឋមន្រ្តី។

ក្រសួង​សាធារណការ​ និងដឹកជញ្ជូន បាន​ឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុប ៥២,៩៨គីឡូម៉ែត្រ (ផ្លូវមេប្រវែង ៤៧,៦១គ.ម និងផ្លូវខ្នែងប្រវែង ៥,៣៧គ.ម) មានចំណុចចាប់ផ្តើម

-ត្រង់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ចម្ងាយ ៥០០ម៉ែត្រ ពីផ្លូវជាតិលេខ៤ (គីឡូម៉ែត្រលេខ១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

-ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១(គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋ កោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

-ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥២ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណជាង ២៧៣លានដុល្លារអាមេរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

-ក្នុងគម្រោងនេះដែរ មានរួមបញ្ចូលនូវស្ពានឆ្លងកាត់ទន្លេបាសាក់ ២កន្លែង ក្នុងនោះស្ពានខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានខាងលិចប្រវែង ៣៦៦ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តកោះអន្លង់ចិន ត្រូវបានប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន កោះអន្លង់ចិន”។

-បន្ថែមពីលើនេះ ក៏បានសាងសង់ផងដែរនូវស្ពានរំលង ឬស្ពានអាកាស(Flyover) ២កន្លែង ប្រវែងសរុប ៥៦៤ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ២កន្លែង ប្រវែងសរុប ៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣, និងស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែងសរុប ៥៦៨ម៉ែត្រ, និងការរៀបចំទីតាំងសម្រាប់បត់ត្រឡប់ក្រោយ(U-Turn) ព្រមទាំងការបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ ក៏ដូចជាបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយបន្ថែមទៀតរបស់កម្ពុជា ជាពិសេសក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ខ្សែផ្លូវមានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ដែលនឹងជំរុញបន្ថែមនូវសក្តានុពលនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ជាពិសេសការដឹកជញ្ជូនទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងចំណេញពេលវេលាធ្វើដំណើរបានមួយកម្រិតធំ។

ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវខ្នែងនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅចុងអាណត្តិទី៦ ដែលរាជរដ្ឋាភិបាលបានខិតខំសម្រេចឱ្យលេចចេញជារូបរាងឡើង ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍ បម្រើដល់ការដឹកជញ្ជូន ការផ្សារភ្ជាប់ទំនាក់ទំនងរបស់បងប្អូនប្រជាពលរដ្ឋយើង ទៅដល់គ្រប់ទីកន្លែង និងការតភ្ជាប់ប្រទាក់ក្រឡានៅទូទាំងប្រទេស ព្រមទាំងតភ្ជាប់ផងដែរជាមួយបណ្ដាប្រទេសជិតខាង ស្របតាមតម្រូវការ និងការចម្រើនរបស់ប្រទេសជាតិ។

ម្យ៉ាងវិញទៀត សម្រាប់ការតភ្ជាប់ និងសមាហរណកម្មតំបន់ ផ្លូវក្រវាត់ក្រុងនេះបានតភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១(AH-1) និងផ្លូវអាស៊ានហាយវេលេខ១១(AH-11) និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។

ក្នុងសុន្ទរកថាដ៏ខ្ពង់ខ្ពស់ចុងក្រោយ ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោបានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗ សំខាន់ៗ ជាច្រើនតាមរយៈការសម្ពោធរដាក់ឱ្យដំណើរការ និងបើកការដ្ឋាននាពេលកន្លងមក។

ទន្ទឹមនេះ សម្តេចតេជោ ក៏បានសម្តែងនូវការកោតសរសើរ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្ដាល ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត និងផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយ ក្រុមហ៊ុនសំណង់សៀងហៃ(SCG) ដែលជាអ្នកសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ាន់អាន ដែលទទួលបន្ទុកត្រួតពិនិត្យបច្ចេកទេសផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវខ្នែងនេះ រហូតបានបញ្ចប់ការសាងសង់ជាស្ថាពរតាមការគ្រោងទុក និងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ៕

ប្រភព៖ ក្រសួង​សាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី