ធ្លាប់​តែ​លឺ​អាហារ​ដ្ឋាន​សម្រាប់​មនុស្ស ឥឡូវ​ដៃគូ​អភិរក្ស​ចំនួន​២ ​រួម​គ្នា​បង្កើត "អាហារដ្ឋានត្មាត​"

  • 2023-08-09 02:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគី​អភិរក្ស​សត្វ​ព្រៃ​ចំនួន ២ គឺ USAID មរតក​បៃតង និង​ដៃគូ​អភិរក្ស គឺ​ក្រុមហ៊ុន Rishing Phoenix បាន​សហការ​គ្នា បង្កើត​អាហារ​ដ្ឋាន​សម្រាប់​សត្វត្មាត​នៅ​តំបន់​ជម្រក​សត្វ​ព្រៃ​សៀមប៉ាង។

កិច្ចការ​នេះ បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​មើល​ឃើញ​ពី​ការ​ប្រឈម​ខ្លាំង​ឡើងៗ​របស់​សត្វត្មាត​ក្នុង​តំបន់​ខាង​លើ។ តាម USAID មរតក​បៃតង ចំនួនសត្វត្មាតជិតផុតពូជចំនួនបីប្រភេទគឺ ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង បានបន្តធ្លាក់ចុះជាបន្ដបន្ទាប់នៅក្នុងប្រទេសកម្ពុជា។

មានមូលហេតុចម្បងៗចំនួនពីរ ដែលនាំឱ្យមានការធ្លាក់ចុះនៃចំនួនសត្វត្មាតទាំងនេះ រួមមានកង្វះអាហារ និងការស្លាប់ដែលបណ្តាលមកពីការស៊ីសាកសពសត្វពុលបង្កដោយមនុស្សជាចំណី (ថ្នាំឌីក្លូហ្វេណាក់)។ ដើម្បីដោះស្រាយបញ្ហានេះ USAID មរតកបៃតង និង​ដៃគូអភិរក្សក្រុមហ៊ុន Rising Phoenix បាន​សម្រេច​បង្កើត​ "អាហារដ្ឋាន​ត្មាត​" នេះ​ឡើង ដើម្បីជួយសង្គ្រោះប្រភេទសត្វត្មាតទាំងនេះ ពីការផុតពូជនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង និងការផុតពូជនៅក្នុងតំបន់ទាំងមូលតាមរយៈការរៀបចំអាហារដ្ឋានត្មាត។

នៅទីនោះ សត្វត្មាត ត្រូវបានផ្តល់ចំណីអាហារបន្ថែមដែលមានសុវត្ថិភាព សន្តិសុខ និងទៀតទាត់ជារៀងរាល់សប្តាហ៍។ ក្រុមហ៊ុន Rising Phoenix នឹងបន្តតាមដានពីប្រភេទ អាយុ និងភេទរបស់សត្វត្មាតនីមួយៗ ដែលចូលមកស៊ីចំណីនៅក្នុងអាហារដ្ឋាន។ ការធានាបាននូវចំនួនសត្វត្មាតក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង នឹងទាក់ទាញភ្ញៀវទេសចរទៅទស្សនាអាហារដ្ឋានត្មាតនេះនាពេលអនាគត ហើយវានឹងជួយគាំទ្រដល់ការរក្សាវត្តមាននៃសត្វត្មាតដ៏មានសារៈសំខាន់ទាំងនេះផងដែរ៕ (ប្រភព៖ USAID មរតកបៃតង)

អត្ថបទ៖ ទារិកា

អត្ថបទថ្មី