ក្រសួង​ទេសចរណ៍ ​កំណត់​គោលដៅ​២ ដើម្បី​ប្រែក្លាយ​ខេត្តសៀមរាប​ជា "“តារារះនាទិសឧត្តរ”

  • 2023-08-21 02:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ខេត្តឆ្នេរសមុទ្រ​ត្រូវ​បាន​កំណត់​ថា “តារារះនាទិសនិរតី” ក្នុង​យុទ្ធសាស្ត្រ​លើក​កម្ពស់​សក្ដា​នុពល​ទេសចរណ៍​ក្នុង​ស្រុក ឥឡូវ​នេះ ក្រសួង​ទេសចរណ៍ បាន​កំណត់​ផែន​ការ​ធំៗ២ ដើម្បីប្រែ​ក្លាយ​ខេត្តសៀមរាបជា “តារារះនាទិសឧត្តរ”។

គោល​ដៅ​នេះ​ស្ថិត​ក្នុង ​«ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦»។ អនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦» តាមរយៈប្រកាសរបស់ក្រសួងទេសចរណ៍ លេខ ១៣៦ប្រក ចុះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

គោលបំណងនៃផែនការយុទ្ធសាស្រ្ត គឺដាក់ចេញនូវសកម្មភាពផ្សព្វផ្សាយ និងផ្តោតសំខាន់លើការទាក់ទាញប្រភពទីផ្សារទេសចរណ៍គោលដៅ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ តាមរយៈការធ្វើអាទិភាវូបនីយកម្មជម្រើសសកម្មភាពផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ សម្រាប់ខេត្តសៀមរាប តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ស្របតាមការវិវត្តន៍នៃបរិបទទីផ្សារ និងបង្កើនកិត្តិនាមខេត្តសៀមរាបជា “តារារះនាទិសឧត្តរ”។

ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងខាងលើ ផែនការយុទ្ធសាស្រ្តនេះបានកំណត់នូវគោលដៅសំខាន់ៗ រួមមាន ទី១).ទាក់ទាញប្រភពទីផ្សារទេសចរណ៍សំខាន់ៗសម្រាប់ខេត្តសៀមរាប និង ទី២).ពង្រឹងការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយឱ្យកាន់តែមានប្រសិទ្ធភាព ដោយដាក់ចេញនូវ ២១ សកម្មភាពអនុវត្តសម្រាប់ ឆ្នាំ២០២៣-២០២៦ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ឱ្យបានកម្រិតស្មើ ឬប្រសើរជាងមុនពេលវិបត្តិជំងឺ​កូវីដ-១៩ (ឆ្នាំ២០១៩) ដោយសម្រេចឱ្យបាននូវចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣ លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៤ លាននាក់ នៅត្រឹមឆ្នាំ២០២៦៕

អត្ថបទ៖ ទារិកា