ដឹងទេ! រយៈពេលជាង ១២០ឆ្នាំមកនេះ តើ​នាវា​ផ្ទុកយន្តហោះ​មានការវិវត្ត​យ៉ាងណាខ្លះ?

  • 2023-09-01 04:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នេះ​នេះ គេឃើញ​ថា នាវាផ្ទុកយន្តហោះបាន​ឈានដល់​ការប្រើ​ថាមពលនុយក្លេអ៊ែរ ដែល​ធ្វើដំណើរបានកាន់តែលឿនលើផ្ទៃសមុទ្រ ហើយ​នាវា​ត្រូវបានសង់កាន់តែធំ ដើម្បី​ផ្ទុកយន្តហោះបានកាន់តែច្រើន។ ប៉ុន្តែ​មុន​នឹង​ក្លាយ​ជា​នាវាផ្ទុក​យន្តហោះ​ដូចបច្ចុប្បន្ននេះ វាមាន​រឿងរ៉ាវ និង​បាន​ឆ្លងកាត់​ដំណាក់កាល​វិវឌ្ឍន៍​ជាច្រើន​ដូចខាងក្រោម៖

១. នាវាផ្ទុកយន្តហោះ​ទីមួយ​ក្នុងពិភពលោក

នាវា​បារាំង​ឈ្មោះ La Foudre គឺជានាវាផ្ទុកយន្តហោះ​ដំបូង​ក្នុងប្រវត្តិសាស្រ្ត ដែល​ដាក់ដំណើរការ​ក្នុងឆ្នាំ​១៨៩៦ ប៉ុន្តែ​វាមិនទាន់មានផ្លូវរត់យន្តហោះនៅឡើយ ដោយ​យន្តហោះ​ត្រូវបាន​ដាក់​​បន្ទាបចុះចូល​ក្នុង​តួនាវា។ យន្តហោះទីមួយ​ដែលត្រូវបានដាក់​នៅលើនាវានេះ គឺយន្តហោះ Canard Voisin ដែល​ប្រើសម្រាប់​ឈ្លបការណ៍ និង​អង្កេត។

២. ពីឡុត​ដំបូងគេ​ដែល​បើក​យន្តហោះ​ចុះចត​លើ​នាវា

លោក Eugene Burton Ely គឺ​ជា​ពីឡុតដំបូង​គេបង្អស់​ក្នុងពិភពលោក ដែលបាន​បើកយន្តហោះ ​ចុះចតលើ​នាវា។ ពេលនោះ​លោក​បាន​បើកយន្តហោះចេញពី​ Tanforan ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​១៩១១ និង​បានចុះចត​​លើនាវា USS Pennsylvania។

៣. នាវាដំបូង​ដែល​អាចដាក់យន្តហោះនៅ​លើផ្នែក​ដំបូល​ខាងលើបាន

នាវា​ HMW Argus របស់​អង់គ្លេស គឺ​ជានាវាដំបូងគេបង្អស់​ដែល​អនុញ្ញាតឱ្យ​យន្តហោះ​ ហោះចេញ និងចុះចត​លើផ្នែក​ដំបូល​ខាងលើបាន ក្នុងឆ្នាំ​១៩១៨។

៤. នាវា​ផ្ទុក​យន្តហោះ​ដំបូង​ដែលប្រើ​ក្នុងសង្គ្រាម

នាវា Hosho របស់ជប៉ុន គឺជា​នាវាផ្ទុកយន្តហោះដំបូងបង្អស់​ដែល​ត្រូវបាន​ដាក់បំពេញ​បេសកកម្ម​ក្នុងសង្គ្រាម។ នាវានេះ បាន​បង្ហាញខ្លួនក្នុង​សមរភូមិ «Battle of Midway» ដែល​ជាការ​វាយប្រហារ​លើ​កំពង់ផែ Pearl Harbor រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក នៅឆ្នាំ​១៩៤២ ប៉ុន្តែ​វាគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ​ក្នុងសង្គ្រាមនេះ។ ក្រោយ​សង្គ្រាម​លោកលើកទី២ នាវា Hosho ត្រូវបានយកប្រើដឹកទាហាន និងជនស៊ីវិល ៤ម៉ឺននាក់ ពីបរទេស​មកស្រុកកំណើតវិញ។

៥. នាវា ចាប់ផ្តើម​មានគូសខ្សែ​ឆ្នូត​សម្រាប់យន្តហោះ

ក្នុងអំឡុងចុងបញ្ចប់​នៃសង្គ្រាមលោកលើកទី២ គឺចាប់ផ្តើម​មាននូវយន្តហោះប្រតិកម្ម ធ្វើឱ្យមានការគិតគូរច្នៃប្រឌិតបន្ថែមនូវការ​គូសខ្សែឆ្នូត​លើនាវាផ្ទុកយន្តហោះ សម្រាប់​ជាសញ្ញាឱ្យយន្តហោះ​ចុះចត និង​ហោះចេញ ដោយ​សុវត្ថិភាព។

៦. ពីឡុតដំបូង​ដែល​ហោះចេញ និងចុះចតលើនាវា

កងទ័ពជើងទឹកអង់គ្លេស លោក Eric Brown គឺ​ជាពីឡុត​ដំបូងគេបង្អស់​ដែល​បើកយន្តហោះប្រតិកម្ម​ហោះចេញ និងចុះចត​លើ​នាវា។ ពេលនោះ​លោក​បានបើកចុះចតលើនាវា HMS Ocean ហើយ​បន្ទាប់មកហោះចេញពីនាវានេះវិញ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ​១៩៤៥។

៧. នាវា​ចាប់ផ្តើមមានទួលសម្រាប់យន្តហោះងាយហោះឡើង

ក្រោយ​សង្កេតឃើញថា នាវា HMS Furious ត្រូវបានដំឡើងទួល​បណ្តោះអាសន្ន​នៅចុងនាវា មានប្រសិទ្ធភាព​សម្រាប់​យន្តហោះ​ធ្វើការហោះឡើង​ក្នុង​អំឡុង​សង្គ្រាមលោកលើកទី២ ពេល​នោះ​គេក៏ចាប់ផ្តើម​មានគំនិត​សង់ទួល​បន្ថែម​បែបនេះ លើនាវាផ្ទុកយន្តហោះ។ ការសង់​ទួលបន្ថែម​នេះ គឺសម្រាប់យន្តហោះដែល​រត់បាន​ចម្ងាយខ្លី​លើ​នាវា ងាយ​ហោះឡើង។

៨. នាវាផ្ទុកឧទ្ធម្ភាគចក្រ

ដើម្បីងាយស្រួល​ដល់ការធ្វើអន្តរាគមន៍​របស់​ឧទ្ធម្ភាគចក្រ ពេលនោះក៏មាន​ការសាងសង់​នូវនាវាផ្ទុកឧទ្ធម្ភាគចក្រ​ក្នុងអំឡុងទសវត្សរ៍ឆ្នាំ​១៩៥០។ នាវានេះ មិនត្រូវការមានផ្លូវរត់សម្រាប់យន្តហោះឡើយ ពោលគឺ​គ្រាន់តែមាន​កន្លែងដាក់ឧទ្ធម្ភាគចក្រ​ជាការស្រេច ដោយ​វាប្រើស្លាបចក្រហោះឡើងត្រង់​តែម្តង។

៩. នាវាផ្ទុក​យន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ

នេះជាប្រភេទនាវាផ្ទុកយន្តហោះ​ដែល​ត្រូវបានអភិវឌ្ឍនៅពេលបច្ចុប្បន្ន ក្នុងគោលបំណង​សំខាន់បំផុតនោះ គឺអាចឱ្យ​នាវាធ្វើដំណើរ​បានកាន់តែលឿន យូរ និងឆ្ងាយ ពោលគឺ​ពង្រីក​បេសកកម្ម។ ក្នុងនោះ​ដូចជានាវា Nimitz Class ដែល​អាចផ្ទុក​យន្តហោះ ៦០គ្រឿង បំពាក់​ដោយ​រ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន២ និង​អាចបើកក្នុងល្បឿនអតិបរមា ៥៥,៥៦គីឡូម៉ែត្រ​ក្នុងមួយម៉ោង។ ក្រៅពីនេះ ក៏មាននាវា Queen Elizabeth របស់អង់គ្លេស, នាវា Liaoning របស់​ចិន និងនាវា Admiral Kuznetsov របស់​រុស្ស៊ី​ផងដែរ។

១០. នាវាផ្ទុកយន្តហោះ​ធំជាងគេបំផុត​ក្នុងពិភពលោក

បច្ចុប្បន្ន​នេះ នាវា​ផ្ទុកយន្តហោះ​ដែលធំជាងគេបំផុត​ក្នុងពិភពលោក គឺនាវា USS Gerald R. Ford របស់​អាមេរិក ដោយ​វា​ប្រតិបត្តិការពេញលេញ​ក្នុងឆ្នាំ​២០២២។ នាវានេះ មានបំពាក់​ជាមួយបច្ចេកវិទ្យាថ្មីទំនើប និង​អាចផ្ទុកយន្តហោះបាន ៧៥គ្រឿង និង​មនុស្ស ៤៥៣៩នាក់។ វាដំណើរការដោយថាមពលនុយក្លេអ៊ែរផងដែរ៕

ប្រភព៖ interestingengineering   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម