ក្រុមហ៊ុន Singapore Airlines បន្តប្តេជ្ញាចិត្ត ពង្រឹងការហោះហើរ នៅក្នុងទីផ្សារអាកាសចរណ៍កម្ពុជា
- 2025-09-19 05:06:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Singapore Airlines បន្តប្តេជ្ញាចិត្ត ពង្រឹងការហោះហើរ នៅក្នុងទីផ្សារអាកាសចរណ៍កម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន Singapore Airlines (SIA) បានផ្តើមបម្រើសេវាកម្មនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩២ តាមរយៈម៉ាក SilkAir។ ឆ្នាំនេះ គឺជាឆ្នាំទី ៣៣ នៃការដំណើរការនៅទីផ្សារកម្ពុជា ហើយក៏ត្រូវគ្នាជាមួយខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងសិង្ហបុរី និងកម្ពុជា។ បច្ចុប្បន្ន SIA មានជើងហោះហើរ ២១ ដងក្នុងមួយសប្តាហ៍ពីភ្នំពេញទៅសិង្ហបុរី និងរហូតដល់ ១៤ ដងក្នុងមួយសប្តាហ៍ពីសៀមរាបទៅសិង្ហបុរី។ តាមរយៈទីស្នាក់ការកណ្ដាលនៅ សិង្ហបុរី អតិថិជនដែលហោះហើរពីកម្ពុជា អាចភ្ជាប់ដំណើរទៅកាន់គោលដៅជាង ១២៥ ទូទាំងពិភពលោក។
Singapore Airlines ផ្តល់បទពិសោធអាកាសចរណ៍លំដាប់ថ្នាក់ពិភពលោក
ក្រុមហ៊ុន Singapore Airlines បន្តពង្រឹងជំហឧស្សាហកម្មរបស់ខ្លួន ដោយផ្ដោតសំខាន់ទៅលើគោលការ ៣ ធំៗ ដែលជាការប្តេជ្ញារបស់ប្រេន៖ (១) សេវាកម្មល្អឥតខ្ចោះ (Service Excellence) (២) ផលិតផលឈានមុខ (Product Leadership) និង (៣)ពង្រីកបណ្ដាញតំណភ្ជាប់ (Network Connectivity)។
• សេវាកម្មល្អឥតខ្ចោះ ៖ បន្តលើកកម្ពស់ស្តង់ដារនៃសេវាកម្ម ដោយផ្តល់បទពិសោធល្អបំផុតផ្ដើមពីមុនការហោះហើរ រហូតដល់ទីបញ្ចប់។ អ្នកដំណើរនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅស្របទៅតាមបែបបទវប្បធម៌អាស៊ី ដែលផ្ដល់នូវអារម្មណ៍មួយហាក់ដូចជាអ្នកមិនបាននៅឆ្ងាយេពីផ្ទះ។ បាហុនិកា និង បាហុនិកៈ របស់ SIA ទើបតែទទួលបានពាន “World’s Best Cabin Crew” ពី Skytrax ថ្មីៗ ក្នុងឆ្នាំ ២០២៥ នេះ។ លើសពីនេះ ដើម្បីបំពេញតម្រូវការអតិថិជន SIA ក៏កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីវិភាគទិន្នន័យអ្នកដំណើរឱ និងត្រឹមត្រូវជាងមុន។
• ផលិតផលឈានមុខ ៖ SIA បន្តវិនិយោគលើផលិតផលដែលមានបច្ចេកវិទ្យាទំនើបៗ និងមានគុណភាពខ្ពស់ ដើម្បីរក្សាជំហជាក្រុមហ៊ុនឈានមុខក្នុងវិស័យអាកាសចរណ៍។ បច្ចុប្បន្ន SIA ប្រើយន្តហោះជាច្រើនប្រភេទ រួមទាំង Airbus A350-900 ដែលដំណើរការនៅលើជើងហោះហើរពីភ្នំពេញទៅសិង្ហបុរី។ អ្នកដំណើរអាចរីករាយជាមួយនឹងប្រភេទកៅអី Business Class ដែលបទបែនបានតាមតម្រូវការ និងប្រភេទកៅអី Economy Class ដែលរចនាឡើងផ្តោតទៅលើផាសុកភាពអ្នកដំណើរ ភ្ជាប់ជាមួយនឹងខ្នើយបង្អែកសម្រាប់ទម្រក ដែលអាចបត់បានដល់ទៅ ៦ ទិស។ ការហោះហើរនេះក៏ផ្តល់ជូនបទពិសោធន៍អាហារដែលបានឆ្លងកាត់ការសម្រិតសម្រាំង និងប្រើប្រាស់ Wi-Fi ឥតគិតថ្លៃ។ នៅខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុនបានប្រកាសផែនការដំឡើងកាប៊ីនជំនាន់ថ្មីសម្រាប់យន្តហោះ Airbus A350-900 ចំនួន ៤១ គ្រឿង សម្រាប់ការហោះហើររយៈពេលវែង (long-haul) និង រយៈចម្ងាយឆ្ងាយ (ultra-long-range)។ ការវិនិយោគជាង ១.១ ពាន់លានដុល្លារ ស៊ីង្ហបុរីនេះ គឺដើម្បីលើកកម្ពស់បទពិសោធការធ្វើដំណើរដែលទំនើប និងប្រណិតភាពសម្រាប់អតិថិជនទូទាំងបណ្តាញ។
• ពង្រីកបណ្ដាញតំណភ្ជាប់ ៖ អតិថិជនអាចជ្រើសរើសពីជើងហោះហើរចំនួន ៥ ក្នុងមួយថ្ងៃ ពីកម្ពុជាទៅសិង្ហបុរី ហើយអាចបន្តភ្ជាប់ដោយរលូនតាមទីស្នាក់ការកណ្ដាលនៅ សិង្ហបុរី ទៅកាន់គោលដៅនានាទូទាំងពិភពលោក។ ការផ្លាស់ប្តូរដោយងាយស្រួលនេះ អនុញ្ញាតឱ្យអ្នកដំណើរអាចបន្តទៅកាន់គោលដោទេសចរណ៍ពេញនិយមដូចជា អឺរ៉ុប អូស្ត្រាលី និងជប៉ុន។ ក្រុមហ៊ុន SIA នឹងបន្តពង្រីកបណ្តាញជើងហោះហើរ និងកែតម្រូវការផ្ដល់ជូនឱ្យសមទៅនឹងតម្រូវការទីផ្សារដែលកំពុងទាមទារ ព្រមទាំងស្វែងរកឱកាសដើម្បីរីកលូតលាស់ថ្មីៗ។
Singapore Airlines ស្វាគមន៍ការសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ
ការបើកប្រើអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអាកាសចរណ៍នៅកម្ពុជា ហើយក៏ជានិមិត្តសញ្ញាបញ្ជាក់ថា កម្ពុជា កំពុងក្លាយជាគន្លងអាកាសចរណ៍សំខាន់ក្នុងតំបន់។ អាកាសយានដ្ឋានថ្មីនេះ នឹងអនុញ្ញាតឱ្យ Singapore Airlines ផ្តល់សេវាភ្ជាប់ដំណើរដោយរលូន ជម្រើសការហោះហើរច្រើនជាងមុន និងបទពិសោធធ្វើដំណើរលំដាប់ពិភពលោក សម្រាប់ធ្វើដំណើរទៅ និងមកពីកម្ពុជា ព្រមទាំងឆ្ពោះទៅកាន់គោលដៅផ្សេងៗទៀតទូទាំងពិភពលោក។
ការផ្ដល់បទពិសោធកម្រិតថ្មីទៅកាន់អតិថិជននៅអាកាសយានដ្ឋានថ្មីនេះ នឹងជួយជំរុញការខិតខំប្រឹងប្រែងរបស់ Singapore Airlines ក្នុងការភ្ជាប់អ្នកដំណើររវាងកម្ពុជា សិង្ហបុរី និងបណ្តាញគោលដៅទូទាំងសកលលោក។ អ្នកដំណើរអាចរំពឹងទុកនូវបទពិសោធការដំណើរដែលរលូនជាងមុន ដោយសារការកែលម្អហេដ្ឋារចនាសម្ព័ន្ធ រួមមាន ប្រព័ន្ធ Smart Gates និងការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបែបប្រពៃណីខ្មែរ កាត់សម័យទំនើបនៅអាកាសយានដ្ឋានថ្មីនេះ។
បន្ទាប់ពី Singapore Airlines ផ្លាស់ទីតាំងប្រតិបត្តិការទៅកាន់អាកាសយានដ្ឋានថ្មីនេះ យើងនៅតែប្តេជ្ញាចិត្តរក្សាស្តង់ដារសេវាកម្មកម្រិតខ្ពស់ ដែលអតិថិជនរំពឹងទុកពី Singapore Airlines។ ក្រុមហ៊ុននឹងធ្វើការជិតស្និទ្ធជាមួយអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធានាថា ការផ្លាស់ប្តូរនេះមានភាពរលូន និងងាយស្រួលសម្រាប់អតិថិជន។
ការប្រតិបត្តិការក្រុមហ៊ុនវិស្វកម្មរបស់ SIngapore Airlines នៅកម្ពុជា (SIAEC)
នៅខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាសហការជាមួយក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដើម្បីបង្កើតសេវាកម្មថែទាំយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការសហការនេះ មិនត្រឹមតែជួយទ្រទ្រង់ទីផ្សារអាកាសចរណ៍សម្រាប់អ្នកដំណើរ និងសារពើភ័ណ្ឌឱ្យកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីគោលជំហរនៃការដាក់ចិត្តដើម្បីទទួលបានប្រតិបត្ដិការដែលរលូន និងការអភិវឌ្ឍក្នុងតំបន់ដោយក្រុម SIA Group ផងដែរ។
ការប្តេជ្ញារបស់ Singapore Airlines ទៅលើការវិនិយោគនៅប្រទេសកម្ពុជា
ប្រទេសកម្ពុជាបន្តជាទីផ្សារសំខាន់សម្រាប់ Singapore Airlines នៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានកំណើនការលូតលាស់គួរឱ្យកត់សម្គាល់នៅក្នុងវិស័យអាកាសចរណ៍។ ក្រុមហ៊ុន SIA នឹងបន្តការតាំងចិត្តក្នុងការផ្តល់សេវាកម្មនៅក្នុងទីផ្សារមួយនេះ ហើយនឹងបន្តផ្តល់បទពិសោធការធ្វើដំណើរលំដាប់ថ្នាក់ពិភពលោក សម្រាប់អតិថិជនរបស់ខ្លួន។