អ្វីទៅ​ជា​កិច្ចប្រជុំកំពូលអាស៊ាន​?

  • 2023-09-04 09:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​ធម្មនុញ្ញ​នៃសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ធម្មនុញ្ញអាស៊ាន) បាន​បង្ហាញ​ឱ្យដឹងថា កិច្ចប្រជុំកំពូល​អាស៊ាន​ត្រូវចូលរួម​ដោយ​ប្រមុខរដ្ឋ/រដ្ឋាភិបាល​​នៃរដ្ឋសមាជិក ដែល​មាន​១០ប្រទេស​រួមមាន ប្រ៊ុយណ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

កិច្ចប្រជុំ​កំពូល​អាស៊ានគឺ៖

១. ជាអង្គភាព​រៀបចំ​គោលនយោបាយ​កំពូល​របស់​អាស៊ាន

២. ពិគ្រោះយោបល់ ផ្តល់មាគ៌ា​នយោបាយ និងធ្វើការ​សម្រេច​លើកបញ្ហា​ជាគន្លឹះ​ដែលទាក់ទង​ទៅនឹង​សមិទ្ធផល​នៃគោលដៅ​របស់​អាស៊ាន បញ្ហា​សំខាន់ៗ​ដែល​ជាផលប្រយោជន៍​របស់​រដ្ឋសមាជិក និងរាល់​បញ្ហា​ទាំងឡាយ​ដែលពាក់ព័ន្ធ តាមរយៈ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន ក្រុមប្រឹក្សា​សហគមន៍​អាស៊ាន និងអង្គភាព​ថ្នាក់​រដ្ឋមន្រ្តី​ជំនាញ​តាមផ្នែក​របស់​អាស៊ាន។

៣. ណែនាំរដ្ឋមន្រ្តីពាក់ព័ន្ធ ក្នុងក្រុមប្រឹក្សា​នីមួយៗ​ ឱ្យរៀបចំ​កិច្ចប្រជុំ​អាដហុកថ្នាក់​អន្តរ-រដ្ឋមន្រ្តី និង​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ដែល​កើតមានឡើង​ក្នុងក្រុមប្រឹក្សា​សហគមន៍។ វិធាន​នៃនីតិវិធី​ដំណើរការ​កិច្ច​ប្រជុំ​នេះ ត្រូវអនុម័ត ដោយក្រុមប្រឹក្សា​សម្របសម្រួលអាស៊ាន។

៤. ដោះស្រាយ​ស្ថានភាព​បន្ទាន់​ដែល​ប៉ះពាល់​ដល់​អាស៊ាន តាមរយៈ​ការប្រើប្រាស់​សកម្មភាព​សមស្រប។

៥. សម្រេច​បញ្ហា​ផ្សេងៗ ដោយអនុវត្ត​តាម​ជំពូកទី៧ និងទី៨ នៃធម្មនុញ្ញនេះ។

៦. អាច​បង្កើត​ និងរំលាយ​ចោល​នូវអង្គភាព​រដ្ឋមន្រ្តី​ជំនាញ​តាមផ្នែក និងស្ថាប័ន​អាស៊ាន​ដទៃទៀត។

៧. តែងតាំង​អគ្គលេខាធិការអាស៊ាន ដែលមានតំណែង និងឋានៈ​ស្មើរដ្ឋមន្រ្តី ដែល​ត្រូវបម្រើ​ការងារ​ដោយទំនុកចិត្ត​ និងទទួលបាន​ការពេញ​ចិត្ត​ពីប្រមុខរដ្ឋ/រដ្ឋាភិបាល តាមការស្នើឡើង​ដោយកិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន។

កិច្ចប្រជុំ​កំពូល​អាស៊ាន​ត្រូវរៀបចំ​ឡើង ២ដង ក្នុង១ឆ្នាំ ក្នុងរដ្ឋសមាជិក ដែល​ទទួលបន្ទុក​ជាប្រធាន​អាស៊ាន និង​ក្នុងករណី​ចាំបាច់ ត្រូវរៀបចំ​កិច្ចប្រជុំពិសេស ឬកិច្ចប្រជុំអាដហុក​ក្រោមអធិបតីភាព​នៃរដ្ឋ​សមាជិក ដែល​ទទួល​បន្ទុក​ជាប្រធាន​អាស៊ាន នៅទីកន្លែង​នៃកិច្ចប្រជុំនេះ​ដែល​កំណត់​តាមការ​ឯកភាព​ពីរដ្ឋសមាជិក​អាស៊ាន​ទាំងអស់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី