iPhone 15 លាក្បាលឆក លារន្ធ Lightning ហើយស្វាគមន៍ Dynamic Island និង USB-C

  • 2023-09-13 03:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីយប់មិញនេះ ក្រុមហ៊ុន Apple បានប្រកាសចេញ iPhone 15 និង iPhone 15 Plus ជាផ្លូវការ ដោយទទួលបានការអាប់ដេតជាច្រើន គួរឲ្យចាប់អារម្មណ៍ ជាមួយនឹង iPhone 15 Pro និង iPhone 15 Pro Max ផងដែរ។

USB-C គឺជាការអាប់ដេតធំបំផុតមួយលើ iPhone 15 និង 15 Plus បូករួមទាំង Dynamic Island ទៀតផង។

iPhone 15 និង 15 Plus មានកម្រិតជះពន្លឺដល់ ២ ០០០ nit នៅពេលប្រើនៅខាងក្រៅ​ ដែលខ្លាំងជាងជំនាន់មុន ២ដង ព្រមទាំងមានការឌីហ្សាញគ្រើម និងគែមកោងថ្មី នៅលើតួអាលុយមីញ៉ូមរបស់វា ក៏ដូចជា ថ្មពេញមួយថ្ងៃ និង ពណ៌ថ្មីចំនួន ៥ ផងដែរ។

iPhone ជំនាន់ថ្មីនេះបំពាក់បន្ទះឈីបឆ្នាំមុន A16 Bionic ប៉ុន្តែបានបំពាក់កាមេរ៉ាមេទំហំ 48MP ដែលអាចថត Optical Zoom ២ដង ប្រៀបបីដូចជាមានកាមេរ៉ា ៣គ្រាប់អីចឹង ខណៈការថត Defualt Resolution គឺ 24MP។

ប្រព័ន្ធកាមេរ៉ាលើ iPhone 15 អនុញ្ញាតឲ្យអ្នកថតរូប Portrait ជំនាន់ថ្មី ដែលផ្តល់នូវកម្រិត Detail ខ្លាំងជាងមុន, ពណ៌ដិតជាងមុន និង ថតនៅទីងងឹតប្រសើរជាងមុន ទៀតផង។ មិនតែប៉ុណ្ណោះ អ្នកមិនចាំបាច់ចុចផ្លាស់ប្តូរទៅជា Portrait Mode ទៀតឡើយ។ ប្រសិនបើមានមនុស្ស, សត្វឆ្កែ ឬ ឆ្មានៅក្នុង Frame ឬ នៅពេលអ្នកចុចដដើម្បី Focus នោះ iPhone 15 នឹងចាប់យកកម្រិត Depth អូតូ ដូច្នេះអ្នកនឹងអាចផ្លាស់ប្តូររូបថតធម្មតានោះ ទៅជារូប Portrait បាននៅពេលក្រោយ តែម្តង។

ចំពោះការថតរូបនៅទីងងឹតវិញ វាក៏នឹងផ្តល់នូវកម្រិត Detail ខ្លាំងជាងមុន និង ពណ៌ដិតជាងមុន ខណៈមុខងារ Smart HDR ក៏ត្រូវបានធ្វើឲ្យប្រសើរជាងមុនដែរ។

iPhone 15 និង 15 Plus ក៏នៅតែពាំនាំមុខងារ Emergency SOS តាមរយៈ Satellite ដែលអាចប្រើបានក្នុងប្រទេសចំនួន ១៤។

សូមបញ្ជាក់ផងដែរថា iPhone 15 ថ្មីនេះនឹងមានតម្លៃចាប់ពី ៧៩៩ដុល្លារ និង iPhone 15 Plus មានតម្លៃចាប់ពី ៨៩៩ដុល្លារ សម្រាប់ទំហំផ្ទុក 128GB នៅទីផ្សារបរទេស។ Apple នឹងដាក់ឲ្យបញ្ជាទិញចាប់ពីថ្ងៃទី ១៥ ខែកញ្ញា នេះតទៅ ហើយដឹកជូនអតិថិជននៅថ្ងៃទី២២ ខែកញ្ញា៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី