មកដល់ពេលនេះ កម្ពុជា មាន​ប្រាសាទ​៤ហើយ​ ដែល​បាន​ចុះ​ក្នុងបញ្ជី​សម្បត្តិ​បេតិកភណ្ឌពិភពលោក

  • 2023-09-18 02:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋាន​ប្រាសាទ​កោះកេរ ត្រូវបាន​ដាក់បញ្ចូល​ក្នុងបេតិកភណ្ឌវប្បធម៌​ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា។

បើតាម​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បាន​ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀបចំឯកសារ និងស្នើសុំចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ តាំងពីឆ្នាំ២០១៨ មកម្លេះ ហើយទើបតែឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចដាក់បញ្ចូលក្នុងសម័យប្រជុំដើម្បីពិនិត្យសម្រេច និងបានអនុម័តជាឯកច្ឆន្ទ​ ចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងបេតិកភណ្ឌពិភពលោក ដោយទទួលស្គាល់នូវតម្លៃលេចធ្លោជាសាកល តាមរយៈលក្ខណៈវិនិច្ឆ័យទី២ និងទី៤ ព្រមទាំងទទួលស្គាលថា រមណីយដ្ឋានប្រាសាទកោះកេររក្សាបាននូវភាព Integrity និង Authenticity ពេញលេញ។

នេះជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាគ្រប់រូប ដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់ និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហាចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។

ជារួមគិតត្រឹម​ខែកញ្ញា ឆ្នាំ​២០២៣នេះ កម្ពុជា មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោកចំនួន ១០ហើយ រួមមាន៖ តំបន់អង្គរវត្ត (រូបី) , របាំព្រះរាជទ្រព្យ (អរូបី), ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ (អរូបី), ប្រាសាទ​ព្រះវិហារ (រូបី), ល្បែង​ទាញព្រ័ត្រ (អរូបី), ចាប៉ី​ដងវែង (អរូបី), ប្រាសាទ​សំបូរ​ព្រៃគុក (រូបី), ល្ខោនខោលវត្ត​ស្វាយអណ្ដែត (អរូបី), គុនល្បុក្តតោ (អរូបី) និង​ ប្រាសាទកោះកេរ (រូបី)៕

អត្ថបទ៖ សំភី