ស្ដ្រីខ្មែរនៅជប៉ុនម្នាក់ មានប្រវត្ដិតស៊ូមិនធម្មតា មុនមហាជនស្គាល់មុខនៅលើបណ្ដាញសង្គម

  • 2023-09-18 10:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងវ័យ ៤២ឆ្នាំ អ្នកស្រី គាំ សុខសម្ផស្ស (Korm Soksamphors) ត្រូវបានមហាជនស្គាល់តាមរយៈហ្វេសប៊ុកផេកឈ្មោះ Samphors S Korm ដោយវីដេអូផ្ទុះការគាំទ្រភាគច្រើន គឺជាវីដេអូបង្ហាញពីបៀបធ្វើម្ហូប របៀបរស់នៅ និងដំណើរកម្សាន្ដនានានៅប្រទេសជប៉ុន។ សម្ផស្សត្រូវបានគេចាត់ទុកថាជាស្ដ្រីខ្មែរម្នាក់ចេះរក្សាតម្លៃ និងលើកស្ទួយវប្បធម៌ និងមុខម្ហូបប្រពៃណីជាច្រើនរបស់កម្ពុជា និងជប៉ុន។

ថ្មីៗនេះ មានមនុស្សជាង ២លាននាក់ បានបង្ហាញការគាំទ្រ សម្ផស្ស លើការប្រតិកម្មនឹងបុរសជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះ Uncle roger ដែលនិយាយពីរសជាតិមុខម្ហូបនៅតំបន់អាស៊ីអាគ្នេយ៍ប៉ះពាល់ដល់កិត្ដនាមនៃមុខម្ហូបរបស់ខ្មែរ។ សម្ផស្ស ថា៖ “ដើម្បីតែលុយ និងview ហ៊ានជាន់ឈ្លីមើលងាយជាតិសាសន៍ដទៃ”។ តាមរយៈវីដេអូនេះ ធ្វើឲ្យមហាជនគោរពស្រឡាញ់នាងកាន់តែច្រើន។

តើអ្នកស្រី គាំ សម្ផស្ស មានប្រវត្ដិការងារ និងការតស៊ូបែបណា មុនគេស្គាល់ក្នុងនាមជាស្ដ្រីខ្មែររស់នៅប្រទេសជប៉ុនដែលមានសមត្ថភាពចែករំលែកចំណេះដឹង ហើយហ៊ានប្រតិកម្មចំពោះអ្នកធ្វើទង្វើប៉ះពាល់ដល់ជាតិខ្មែរ?

កុមារី គាំ សម្ផស្ស កើតនៅឆ្នាំ១៩៨១ ក្នុងគ្រួសារដែលមានឪពុកជាអតីតគ្រូពេទ្យជំនាញព្យាបាលជំងឺកុមារ ម្តាយជាអតីតអាជីវករលក់មាស និងប្តូរប្រាក់នៅផ្សារតាកែវ រស់ក្នុងជីវភាពមធ្យមមួយនៅក្រុងដូនកែវ ខេត្ដតាកែវ។ ក្រោយរៀនចប់ថ្នាក់ទី១២ ឬថ្នាក់មធ្យមសិក្សាទុតិយភូមិ នាងក៏បានជាប់អាហាររូបករណ៍រៀនបន្ដទៅថ្នាក់បរិញ្ញាប័ត្រសង្គមសាស្ដ្រ មនុស្សសាស្រ្ត ផ្នែកទស្សនៈវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មណ្ឌល២។

ចំពោះការងារវិញ សម្ផស្ស ធ្លាប់ប្រឡូកក្នុងស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលរយៈពេល ១៦ឆ្នាំ។ ក្នុងនោះ សម្ផស្សបានធ្វើការជាទីប្រឹក្សាផ្នែកអភិវឌ្ឍសហគមន៍(Community Development Short-Term Consultant ) នៅខេត្ដកំពត នៃអង្គការអាល្លឺម៉ង់GTZ (តែឥឡូវបានប្តូរឈ្មោះទៅជា GIZ ) រយៈពេល ២ឆ្នាំ។ បន្ទាប់មកសម្ផស្សចូលធ្វើការនៅអង្គការម្លប់បៃតងជិត១ឆ្នាំ កាន់តួនាទីជាប្រធានគម្រោង ទេសចរណ៍ធម្មជាតិ(Ecotourism Project Officer) នៅខេត្តកំពង់ស្ពឺ តំបន់ប្រតិបត្តិការគឺនៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ចំបក់។ សម្ផស្សក៏ធ្លាប់ធ្វើការនៅអង្គការគ្រួសារយើងជិត២ឆ្នាំ តួនាទីជាអ្នកផ្តល់ប្រឹក្សាសង្គម(Social Worker)ដល់គ្រួសារក្រីក្រនៅតំបន់ជាយក្រុងភ្នំពេញ។ សម្ផស្សធ្វើការនៅអង្គការទស្សនពិភពលោកកម្ពុជា (World Vision Cambodia) ជិត៣ឆ្នាំ ជាគ្រូបង្គោលផ្នែកសុវត្ថិភាBកុមារក្នុងវិស័យទេសចរណ៍ (ToT Officer on Child Safe Tourism) ។

ឆ្លងកាត់ការរស់នៅ និងធ្វើការស្ទើរគ្រប់វិស័យ អ្នកស្រី គាំ សុខសម្ផស្ស ក៏មិនទាន់អស់ចិត្ដទៅណាឆ្ងាយពីការងារសង្គមដែរ ដោយអ្នកស្រីបន្ដធ្វើការនៅអង្គការវិទ្យាស្ថានសិក្សា និងស្រាវជ្រាវ (The Learning Institute) ៣ឆ្នាំ ក្នុងនាមជាមន្ត្រីកសាងសមត្ថភាព (Capacity Building Officer) លើគម្រោងអភិរក្សធនធានធម្មជាតិនៅតំបន់អាងបឹងទន្លេសាប (CBNRM in Tole Sap Basin) ដែលមានការិយាល័យនៅរាជធានីភ្នំពេញ ប៉ុន្ដែអ្នកស្រីធ្វើដំណើរចុះឡើងទៅកាន់ខេត្តទាំង៥ជុំវិញបឹងទន្លេសាបមានដូចជា កំពង់ឆ្នាំង កំពង់ធំ សៀមរាប ពោធិសាត់ និងបាត់ដំបង។ ក្រោយមកទៀតអ្នកស្រីក៏បានផ្លាស់ទៅធ្វើការនៅអង្គការ Live &Learn Cambodia ២ឆ្នាំ ជាមន្ត្រីជំនាញផ្នែកយែនឌ័រ និងកុមារ (Gender and Child Specialist) ។

ការផ្លាស់ប្តូរការងារជាបន្តបន្ទាប់របស់សម្ផស្សគឺដោយសារតែអាយុកាលរបស់គម្រោងត្រូវបានបញ្ចប់ និងឪកាសនៃការចាប់តួនាទីថ្មីនៅកន្លែងការងារថ្មីដែលអាចទទួលបានតួនាទី និងប្រាក់ខែខ្ពសជាងមុន។ តែលើលោកនេះអ្វីៗមិនចេះតែទៀងទាត់រហូតទេ អ្នកស្រីសម្ផស្សបានឆ្លងកាត់ជីវិតបែកបាក់គ្រួសារជាមួយស្វាមីជាជនជាតិខ្មែរនៅឆ្នាំ២០១៥។ ដោយការស្រលាញ់វិជ្ជាធ្វើម្ហូបជាលើសលប់អ្នកស្រីក៏បានសម្រេចចិត្តធ្វើតាមបេះដូងរបស់ខ្លួន ដោយធ្វើដំណើរមកខេត្តសៀមរាបចុះឈ្មោះចូលរៀនធ្វើម្ហូបនៅសាលាចុងភៅបារាំងដ៏ល្បីមួយឈ្មោះ Ecole Paul Dubrule ហើយក្រោយបញ្ចប់ការសិក្សា១ឆ្នាំអ្នកស្រីក៏បានដាក់ពាក្យចូលធ្វើការជាចុងភៅនៅភោជនីយដ្ឋានដ៏ប្រណិតមួយឈ្មោះ ម្លិះ របស់ក្រុមហ៊ុន Thalias ប៉ុន្តែដោយអ្នកស្រីពូកែទាំងកុំព្យូទ័រ និងភាសាអងគ្លេស តួនាទីដែលអ្នកស្រីទទួលបានប្រែទៅជា មន្ត្រីផ្នែករដ្ឋបាល និងធនធានមនុស្ស(Admin and Human Resource Officer) ទៅវិញ ។

ក្រោយធ្វើការជាង១ឆ្នាំនៅភោជនីដ្ឋានម្លិះ អ្នកស្រីក៏ទទួលបានឪកាសការងារថ្មីតួនាទីល្អប្រសើរជាងមុនគឺអង្គការ Sunrise Cambodiaបានផ្តល់ជូនការងារឲ្យអ្នកស្រីធ្វើជាប្រធានកម្មវិធីអភិវឌ្ឍន៍សហគមន៍ (Provincial Community Development Program Manager) នៅខេត្តសៀមរាប ។

ក្រោយពីមានបទពិសោធន៍ការងារសង្គមយ៉ាងក្រាស់ក្រែល អ្នកស្រី គាំ សុខសម្ផស្ស ក៏ទទួលបានការងារថ្មីមួយទៀតដំណាលគ្នានឹងការងារនៅអង្គការ Sunrise Cambodia គឺតួនាទីជានាយកគ្រប់គ្រងនៅសណ្ឋាគារខ្នាតតូចមួយនៅខេត្តសៀមរាបឈ្មោះ សម្បត្តិប៊ូទិកវីឡា ដែលជាសណ្ឋាគារកម្រិតផ្កាយ៣ មានអាងហែលទឹក និងបន្ទប់មានផាសុខភាព។ ប៉ុន្ដែបើកបានតែ 2ឆ្នាំ រូបគាត់ក៏បានជួបបុរសជាជនជាតិជប៉ុនឈ្មោះ Murakami Tetsuharu ដែលបុរសនោះបានដឹកនាំសប្បុរសជនជាជនជាតិជប៉ុនមួយក្រុមមកជួយសាងសង់អណ្តូងទឹក សាលារៀន បង្គន់អនាម័យដល់អ្នកក្រីក្រនៅខេត្តសៀមរាបដោយបានទទួលការសម្របសម្រួល និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯត្តមសៀងណាំ ហើយសម្ផស្សក៏បានបាក់ចិត្តស្រលាញ់បុរសម្នាក់នោះ ហើយក៏បានរៀបការតាមប្រពៃណីខ្មែរនៅផ្ទះឪពុកម្តាយបង្កើតរបស់សម្ផស្សនៅក្រុងដូនកែវ ខេត្តតាកែវ ។ ក្រោយរៀបការតែមួយសប្តាហ៍ សម្ផស្សក៏បានមកដល់ប្រទេសជប៉ុនចាប់ផ្តើមជីវិតថ្មីជាមួយស្វាមីក្រោយនេះ ដោយនាំយកមកជាមួយនូវកូនស្រីសំណព្វ (កូនជាមួយស្វាមីមុន) មកផងដែរ។

ពេលទៅដល់ប្រទេសជប៉ុន អ្នកស្រី គាំ សុខសម្ផស្ស ក៏មិនបានពឹងផ្អែកលើកម្លាំងស្វាមីទាំងស្រុងដែរ។ អ្នកស្រីបានយកបទពិសោធន៍សិក្សាផ្នែកចុងភៅម្ហូបអាហារអាស៊ីអ៊ឺរ៉ុប នៅសាលាចុងភៅបារាំង Ecole Paul Dubrule ខេត្ដសៀមរាប ទៅដាក់ពាក្យធ្វើការនៅទីនោះ។ ដំបូងប្រាក់ខែបានតែ២០ម៉ឺនយ៉េនប៉ុណ្ណោះ ក្នុង១ខែ ប៉ុន្ដែក្រោយធ្វើបាន១ឆ្នាំ ខាងភោជនីយដ្ឋានបានដំឡើងមុខតំណែង និងដំឡើងប្រាក់ខែដល់ ៣០ម៉ឺនយ៉េន (ប្រហាក់ប្រហែលនឹង ២០០០ដុល្លារ) ក្នុង ១ខែ។

ដោយមើលឃើញពីភាពចាំបាច់ក្នុងការចំណាយពេលវេលាច្រើនលើកូនៗ និងស្វាមី អ្នកស្រីក៏សម្រេចលាឈប់ពីការងារជាចុងភៅនោះ ហើយត្រឡប់មកផ្តោតលើការងារផលិតវីដេអូបង្រៀនធ្វើម្ហូបដាក់ក្នុងយូធូប និងហ្វេសប៊ុកជំនួសវិញ ព្រោះវាផ្ដល់ចំណូលប្រហាក់ប្រហែលគ្នា ហើយមានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ ព្រមទាំងចង់ធ្វើវីដេអូផ្សេងៗទៅតាមចំណង់ចំណូលចិត្ដរបស់ខ្លួន។

បើតាមអ្នកស្រី គាំ សុខសម្ផស្ស បានបញ្ជាក់ថា អ្នកស្រីចាប់ផ្តើមលេងបណ្ដាញសង្គមហ្វេសប៊ុកតាំងពីឆ្នាំ២០១០ ប៉ុន្ដែទើបក្រោយឆ្នាំ២០១៨ ទេដែលវីដេអូរបស់គាត់ទទួលបានការគាំទ្រកាន់តែខ្លាំងពីមហាជន ទាំងបងប្អូនខ្មែរក្នុងស្រុក និងក្រៅប្រទេស ជាពិសេសក្នុងចំណោមស្ត្រីមេផ្ទះដែលចូលចិត្តធ្វើម្ហូប។ បច្ចុប្បន្នអ្នកស្រីក៏មានអាខោន IG TikTok Twitters ផងដែរ ដែលសន្ទុះនៃការគាំទ្រក៏មានប្រហាក់ប្រហែលគ្នា។ សម្រាប់បងប្អូនដែលចង់ដឹងព័ត៌មានបន្ថែមអាចចូលទៅកាន់ទំព័រហ្វេសប៊ុករបស់អ្នកស្រី គឺ Samphors S Korm ឆាណែលយូធូប Samphors S Korm និងTikTok Samphors S Korm៕Facebook Samphors S Korm

ជិន សុភ័ក្ដ្រ