កុមារីម្នាក់នៅខេត្តកំពង់ធំ អវិជ្ជមានជំងឺគ្រុនឈាម តែលទ្ធផលចេញមកគឺវិជ្ជមានវីរុសហ្សីកា ជាលើកដំបូងឆ្នាំ២០២៣នេះ
- 2023-09-25 03:26:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុមារីម្នាក់នៅខេត្តកំពង់ធំ អវិជ្ជមានជំងឺគ្រុនឈាម តែលទ្ធផលចេញមកគឺវិជ្ជមានវីរុសហ្សីកា ជាលើកដំបូងឆ្នាំ២០២៣នេះ
ចន្លោះមិនឃើញ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កម្ពុជាមានករណីឆ្លងវីរុសហ្ស៊ីកាជាលើកដំបូងក្នុងឆ្នាំ២០២៣ ដែលកើតលើកុមារីម្នាក់អាយុ ៧ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
កុមារីម្នាក់នេះ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយមានរោគសញ្ញាក្តៅខ្លួនខ្លាំង មានក្អួត និងរាគ បន្ទាប់ពីគ្រូពេទ្យបានព្យាបាលធូរស្បើយលែងមានក្អួតទៀត ហើយគ្រូពេទ្យបានធ្វើតេស្តរហ័សរកជំងឺគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។
នៅថ្ងៃទៅ១៩ ខែកញ្ញា គ្រូពេទ្យបានបន្តយកវត្ថុវិភាគ និងបានផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់មកលទ្ធផលបង្ហាញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺវិជ្ជមានវីរុសហ្ស៊ីកា។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល វីរុសហ្ស៊ីកា ឆ្លងមកមនុស្សតាមរយៈមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះ គឺដូចគ្នានឹងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាម និងគ្រុនឈីក។
ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកផ្ទុកវីរុសហ្ស៊ីកា ពីព្រោះវីរុសនេះមាននៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង ហើយក៏អាចឆ្លងពីម្តាយទៅកូនក្នុងអំឡុងមានផ្ទៃពោះ និងនៅពេលសម្រាលផងដែរ៕