តំបន់ទេសចរណ៍ដ៏ចំណាស់មុនសម័យអង្គរចំនួន ២ ត្រៀមដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិ
- 2025-05-08 05:06:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់ទេសចរណ៍ដ៏ចំណាស់មុនសម័យអង្គរចំនួន ២ ត្រៀមដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌមនុស្សជាតិ
ចន្លោះមិនឃើញ
រាជដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានត្រៀមឯកសារ និងលើកទឡ្ហីករណ៍ជាច្រើនទាក់ទងនឹងតំបន់ទេសចរណ៍ប្រាសាទបុរាណចំនួន ២ ស្ថិតនៅក្នុងទឹកដីខេត្ដតាកែវ។ កិច្ចប្រជុំបានផ្ដោតលើការការត្រៀមខ្លួនដាក់បញ្ចូលភ្នំដា និងអង្គរបុរី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ។
កិច្ចប្រជុំដែលដឹកនាំដោយលោកជំទាវរដ្ឋមន្ដ្រីក្រសួងវប្បធម៌ ភឿង សកុណា មន្ដ្រីជំនាញផ្នែកបុរាណវិទ្យា និងមានការចូលរួមពីភិបាល នៃគណៈភិបាលខេត្ដតាកែវ លោក វ៉ី សំណាង ផងនោះ បានដំណើរការចិច្ចប្រជុំលើកទី១ ជាមួយស្ថាប័នជំនាញចំនួន ១១ផ្សេងទៀត។ រដ្ឋមន្ដ្រី និងមន្ដ្រីជំនាញ អាចនឹងបើកកិច្ចប្រជុំអន្ដរក្រសួងលើកទី២ ខណៈកិច្ចប្រជុំទី១ ក្រសួងវប្បធម៌ទើបបានស្ដាប់របាយការណ៍ពីភាគីពាក់ព័ន្ធ និងការបង្ហាញទឡ្ហីករណ៍មួយចំនួន។
សូមបញ្ជាក់ថា ប្រាសាទ ភ្នំដា ស្ថិតនៅភូមិព្រែកតាផូ ឃុំគោកធ្លក ស្រុកអង្គរបុរី ខាងកើតទីរួមខេត្តតាកែវ ជាកន្លែងលិចទឹក៦ខែ និងគោក ៦ខែ ហើយមានចម្ងាយ ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង ២៤គីឡូម៉ែត្រពីទីរួមខេត្តតាកែវ។ វាត្រូវបានកសាងឡើងក្នុងសតវត្សទី៦ ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ជាក្សត្រចុងក្រោយក្នុងសម័យអាណាចក្រភ្នំ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
ប្រាសាទនេះ កសាងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ ជ្រុងនីមួយៗមាន១២ម៉ែត្រ និងមានកម្ពស់ ១៨ម៉ែត្រ ពុំមានជណ្តើរទេ។ ទ្វា ៣ ជាទ្វាបញ្ឆោត និងទ្វា១ ជាទ្វាពិតនៅជញ្ជាំងខាងជើង ហើយជញ្ជាំងក្រាសខុសប្លែកពីប្រាសាទនានា។
ចំណែករមណីយដ្ឋាន អង្គរបុរី ជាអតីតរាជធានីដ៏ចំណាស់មួយរបស់ខ្មែរនាសម័យមុនអង្គរ គឺសម័យហ្វូណន ឬសម័យនគរភ្នំ។ ក្រៅពីប្រាសាទ និងតំបន់ទេសចរណ៍បុរាណទាំងពីរ តាកែវ ក៏ជាខេត្ដមានប្រាសាទ និងតំបន់ទេសចរណ៍បែបធម្មជាតិដ៏ទាក់ទាញច្រើនទៀតដែរ។ ប៉ុន្ដែក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធ បានចាប់អារម្មណ៍លក្ខណៈពិសេសរបស់តំបន់ទេសចរណ៍ទាំងពីរ ទើបគិតគូចង់ដាក់វាទៅជាសម្បត្ដិបេតិកភណ្ឌវប្បធម៌ នៃមនុស្សជាតិ៕