ពិតជាដូរភពមែន! អាមេរិក កាត់បន្ថយថវិកា NASA ៦ ពាន់លានដុល្លារ ផ្តោតលើបេសកកម្មទៅ ភពអង្គារ វិញ

  • 2025-05-08 04:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្នើថវិកាសម្រាប់ឆ្នាំ២០២៦ ដែលរួមបញ្ចូលការកាត់បន្ថយថវិការបស់ទីភ្នាក់ងារអវកាស NASA ចំនួន ៦ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះប្រមាណ ២៤ ភាគរយពីកម្រិតថវិកា ២៤.៨ ពាន់លានដុល្លារនៅឆ្នាំ២០២៥ មកនៅត្រឹម ១៨.៨ ពាន់លានដុល្លារ។ សំណើនេះត្រូវបានប្រកាស កាលពីពេលថ្មីៗនេះ ដោយការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន។

យោងតាមសេចក្តីថ្លែងការណ៍ ការកាត់បន្ថយនេះនឹងប៉ះពាល់ជាពិសេសលើកម្មវិធីវិទ្យាសាស្ត្រអវកាស និងវិទ្យាសាស្ត្រផែនដី ដោយកាត់បន្ថយថវិកាវិទ្យាសាស្ត្រចំនួន ២.៣ ពាន់លានដុល្លារ និងវិទ្យាសាស្ត្រផែនដី ១.២ ពាន់លានដុល្លារ។ កម្មវិធីសំខាន់ៗដែលនឹងត្រូវបញ្ចប់រួមមាន បេសកកម្មនាំយកគំរូពីភពអង្គារមកផែនដី (Mars Sample Return) និងស្ថានីយអវកាស Gateway ដែលគ្រោងដាក់នៅគន្លងតារាវិថីព្រះចន្ទ។ លើសពីនេះ កម្មវិធីអាកាសចរណ៍បៃតង (green aviation) ដែលផ្តោតលើការកាត់បន្ថយការបញ្ចេញកាបូន ក៏នឹងត្រូវលុបចោលផងដែរ។

ទោះបីជាមានការកាត់បន្ថយថវិកាយ៉ាងច្រើននេះ រដ្ឋបាលលោក ត្រាំ បានបង្កើនថវិកាសម្រាប់កម្មវិធីរុករកអវកាសរបស់មនុស្សជាតិចំនួន ៦៥០ លានដុល្លារ ដោយផ្តល់ថវិកា ៧ ពាន់លានដុល្លារសម្រាប់ការរុករកលើព្រះចន្ទ និង ១ ពាន់លានដុល្លារបន្ថែមសម្រាប់បេសកកម្មផ្តោតលើភពអង្គារ។ ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថាស្របតាមចក្ខុវិស័យរបស់លោក អេឡុន ម៉ាស្ក៍ ស្ថាបនិកក្រុមហ៊ុន SpaceX ដែលមានបំណងបញ្ជូនមនុស្សទៅភពអង្គារជាយូរមកហើយ៕

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី