ក្រុមហ៊ុន NHAM24 ចុះ MOU ជាមួយមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ

  • 2023-09-26 04:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមហ៊ុន NHAM24 បានធ្វើការចុះអនុស្សរណៈនៃការយោគយល់ (MOU) ដើម្បីសហការគ្នាជាមួយមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ដែលនេះគឺជាការផ្តួចផ្តើមនៃសកម្មភាពទំនួលខុសត្រូវក្នុងសង្គម (CSR) ដើម្បីផ្តល់ជាអត្ថប្រយោជន៍ពិសេសផ្តាច់មុខសម្រាប់មន្ទីរពេទ្យ និងសាកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេស។ ដែលអត្ថប្រយោជន៍នោះរួមមានការដឹកជញ្ជូនដោយឥតគិតថ្លៃទៅដល់មន្ទីរពេទ្យ លើអាហារដែលបាន បញ្ជាទិញតាមរយៈកម្មវិធី NHAM24 និងការបញ្ចុះតម្លៃពិសេសលើការធ្វើដំណើរទៅ និងមកពីមន្ទីរពេទ្យ គួបផ្សំជាមួយនឹងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតសម្រាប់បុគ្គលិកមន្ទីរពេទ្យ អ្នកជំងឺ និងអ្នកមកសួរសុខទុក្ខអ្នកជំងឺផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ឃួន លីដា Chairwoman នៃមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ និងលោកស្រី ស៊ុន សុខា ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន NHAM24 ស្ថិតនៅក្រោមប្រធានបទ "ដំណើរការឆ្ពោះទៅរកការរួបរួមតែមួយនៃសហគមន៍ NHAM24" ក្រុមហ៊ុន NHAM24 បានកំណត់គោលដៅមន្ទីរពេទ្យមួយចំនួនជាបន្តបន្ទាប់ទៀតរួចជាស្រេច ដើម្បីចូលរួមសហការជាមួយនឹងគំនិតផ្តួចផ្តើមមួយនេះ ហើយក្នុងពេលនេះដែរ មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរគឺជាស្ថាប័នថែទាំសុខភាពដំបូងគេបង្អស់ដែលបានចូលរួមជាមួយនឹងកម្មវិធីមួយនេះ ស្របពេលនឹងមានមន្ទីរពេទ្យជាច្រើនផ្សេងទៀត ដែលនឹងមកចូលរួមសហការបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ផងដែរថាកម្មវិធីមួយនេះក៏នឹងគ្រោងពង្រីកកិច្ចសហការបន្ថែមទៀតជាមួយនឹងសាលារៀន និងសាកលវិទ្យាល័យជាច្រើនស្ថាប័នបន្តទៀត នាពេលប៉ុន្មានខែខាងមុខនេះផងដែរ។

លោក ចាន់ បូរីម៉ា នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន NHAM24 បានមានប្រសាសន៍ថា៖ «NHAM24 មានការចាប់អារម្មណ៍យ៉ាងមុតមាំទៅលើអ្នកជំនាញថែទាំសុខភាព ចាប់តាំងពីកំឡុងពេលនៃការរាតត្បាតនៃជម្ងឺឆ្លងមកម្ល៉េះ ហើយគោលបំណងក្នុងការផ្តួចផ្តើមនៃកម្មវិធីមួយនេះគឺពួកយើងចង់បន្តផ្តល់ជូននូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ដែលពួកគេស័ក្តសមនឹងទទួលបាន។ ពួកយើងសង្ឃឹមថាជាមួយនឹងការចាប់ផ្តើមនៃកម្មវិធីមួយនេះ ពួកយើងនឹងអាចផ្តល់ឱ្យពួកគេនូវភាពងាយស្រួល និងភាពកាន់តែល្អប្រសើរក្នុងការប្រើប្រាស់សេវាកម្មរបស់ពួកយើង»។

មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរគឺជាមន្ទីរសម្រាកព្យាបាលរោគកុមារឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងចំនួន 2 នៅក្នុងរាជធានីភ្នំពេញ និងមានបន្ទប់សម្រាកព្យាបាលលក្ខណៈឯកជនសរុបចំនួន 45បន្ទប់ និងគ្រែសម្រាកព្យាបាលចំនួន 54 នៅក្នុងបន្ទប់សម្រាកព្យាបាលរួម។

លោកស្រីវេជ្ជបណ្ឌិត ឃួន លីដា Chairwoman នៃមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ បានបន្ថែមថា៖ <<ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការសហការជាមួយក្រុមហ៊ុន NHAM24 លើគំនិតផ្តួចផ្តើមដ៏អស្ចារ្យមួយនេះ ព្រោះថាកម្មវិធីមួយនេះនឹងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់មន្ទីរពេទ្យរបស់ពួកយើងសម្រាប់រយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍សម្រាប់អតិថិជន និងបុគ្គលិករបស់ពួកយើងផងដែរ។ ពួកយើងសូមអរគុណ ក្រុមហ៊ុន NHAM24 ដែលបានដឹកនាំគំនិតផ្តួចផ្តើមមួយនេះ ហើយពួកយើងសង្ឃឹមថានាពេលខាងមុខនេះនឹងមានមន្ទីរពេទ្យ និងស្ថាប័នជាច្រើនទៀតមកចូលរួមសហការ និងទទួលយកអត្ថប្រយោជន៍ពីកម្មវិធីមួយនេះ៕

អត្ថបទថ្មី