តំបន់ទេសចរណ៍​ក្នុងខេត្ត​កំពង់ចាម! ចង់លេងទឹកក៏បាន ឡើង​ភ្នំក៏បាន ទស្សនា​ប្រាសាទ​ក៏បាន

  • 2023-09-26 09:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកំពង់ចាម​មានចម្ងាយ​ត្រឹមតែ ១២០គីឡូម៉ែត្រ​ប៉ុណ្ណោះ ពីរាជធានីភ្នំពេញ។ ខេត្ត​នេះ ក៏សម្បូរទៅដោយ​តំបន់ទេសចរណ៍ល្បីៗផងដែរ គឺអ្នក​ទេសចរ​មានជម្រើស​ច្រើន មិនថាចង់លេងទឹក ឡើងភ្នំ ឬទស្សនា​តាមប្រាសាទបុរាណ​នានានោះ ហើយជាពិសេសនោះទីកន្លែង​កម្សាន្តទាំងនោះ ក៏នៅមិនឆ្ងាយពីគ្នា និង​ខ្លះ​ស្ថិតនៅតាម​ដងផ្លូវជាមួយគ្នាទៀតផង ដែល​ធ្វើឱ្យចំណេញ​ពេលវេលា ពោលគឺ​អាចទៅលេងបានពីរបីកន្លែង រយៈពេលតែ១ថ្ងៃ។

តោះ​មកស្គាល់​តំបន់​ទេសចរណ៍​សំខាន់ៗ​ក្នុងខេត្ត​កំពង់ចាម​ដូចខាងក្រោមនេះ៖

-ឆ្នេរខ្សាច់កោះប៉ែន: ស្ថិតនៅ​ភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរមានភាពងាយស្រួល ដោយអាចបើក​បររថយន្ត​ឆ្លងកាត់​ស្ពានបេតុងតែម្តង។ ភាពទាក់ទាញ​នៃរមណីយដ្ឋាននេះ ​មាន​ដូចជា៖ ម្ហូប, លេងទឹកឬហែលទឹក, ជិះទូក, គយគន់ ថ្ងៃលិច, ទស្សនាឆ្នេរខ្សាច់, ជិះទាទឹក និងចំណុចផ្សេងៗទៀត។

-ក្បាលហុងទឹកឆា: ស្ថិតនៅ ឃុំ​បឹង​ណាយ ស្រុក​ព្រៃ​ឈរ។ ​ក្បាល​ហុង​ទឹក​ឆាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុច​សំខាន់ៗ ក៏ដូចជា​ភាពទាក់ទាញ​នៃរមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆាដែលអាច​ធ្វើឱ្យភ្ញៀវទេសចរមានចំណាប់​អារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, ខ្យូសញុំអី, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។

-ថ្មដាទឹកឆា គាត ខេង ឬ កសិទេសចរណ៍​ គាត ខេង: ស្ថិត​នៅ​ភូមិថ្មដា ឃុំ​បឹងណាយ ស្រុកព្រៃឈរ។ រមណីយដ្ឋាន​នេះ​ជាប្រភេទ​ទេសចរណ៍កែច្នៃ ដែលមានការកម្សាន្តដូចជា ហែលទឹក ឬលេងទឹក, មើលសត្វចម្រុះ និងមានកន្លែង​ញុំាអាហារជាដើម។

-ភ្នំប្រុសភ្នំស្រី: រមណីយដ្ឋាន​ទាំងពីរ​គឺ​ស្ថិតនៅជាប់ជាមួយ​គ្នា​តែម្តង តាមបណ្តោយផ្លូវជាតិលេខ៧ក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អ្នកទេសចរ​អាច​ទស្សនា​ទេសភាព​ព្រៃភ្នំ មានវត្ត និង​ការស្វែងយល់ពីប្រវត្តិសាស្រ្តឬរឿងនិទាន​ដែលទាក់ទង​នឹងភ្នំទាំងពីរនេះ។

-​ភ្នំហាន់ជ័យ: ស្ថិតនៅ​ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម មានចម្ងាយ ២០គីឡូម៉ែត្រ​ពីទីរួមខេត្តកំពង់ចាម។ នៅ​លើ​ភ្នំ​នេះ មាន​ព្រះ​វិហារ និង​ប្រាសាទ​គុក​ខាងត្បូង ដែល​បាន​ស្ថាបនា​ឡើង​អំពី​ឥដ្ឋតាន់​បុរាណ ដែល​មាន​ទំហំ​៧​ម៉ែត្រ​បួន​ជ្រុង និង​កម្ពស់​១២​ម៉ែត្រ កសាង​ឡើង​ក្នុង​សតវត្ស​ទី​៧។ ភ្ញៀវទេសចរ ក៏អាចគយគន់​ទន្លេ​មេគង្គ​ដ៏វែងអន្លាយ​ដាច់កន្ទុយភ្នែក​យ៉ាងស្រស់ស្អាតផងដែរ។

-ប្រាសាទ​ព្រះធាតុទឹកឆា: មានទីតាំងស្ថិតនៅ​ភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ។ ប្រាសាទនេះ ជារមណីយដ្ឋានបែបប្រវត្តិសាស្រ្ត និងវប្បធម៌ដែលមានសក្ដានុពលខាងវិស័យទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវមកទស្សនាគយគន់។ លក្ខណៈពិសេសរបស់ប្រាសាទគឺមានក្បូរក្បាច់រចនានិងមានដើមឈើដុះជាច្រើនដុះព័ទ្ធជុំវិញមើលទៅគួរឱ្យចង់គយគន់ណាស់។  ប្រាសាទព្រះធាតុទឹកឆា កសាងឡើងក្នុងគ.ស ១០០៥ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។

-ប្រាសាទនគរបាជ័យ: ស្ថិតនៅ​ភូមិ​ជង្ហុក ឃុំអំពិល ស្រុក​កំពង់សៀម។ ប្រាសាទ​នេះ កសាង​ឡើង​នាចុង​សតវត្សទី១២ ក្នុងរជ្ជកាល​ព្រះបាទជ័យវរ្ម័នទី៧ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា។ ប្រាសាទនេះ មានរាងជាចតុកោណកែង បែរមុខទៅទិសខាងកើត និងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញចំនួន ៤ជាន់។ ដើម្បីចូលទៅកាន់ប្រាង្គកណ្ដាល ភ្ញៀវទេសចរ​អាចចូលតាមច្រកខាងកើត ដោយឆ្លងកាត់គោបរៈនៃកំពែងទី៤៕