ប្រទេសណាខ្លះ ដែលមានបុណ្យស្រដៀងនឹងបុណ្យភ្ជុំបិណ្ឌរបស់កម្ពុជា?
- 2023-10-14 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសណាខ្លះ ដែលមានបុណ្យស្រដៀងនឹងបុណ្យភ្ជុំបិណ្ឌរបស់កម្ពុជា?
ចន្លោះមិនឃើញ
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យមួយយ៉ាងសំខាន់ក្នុងចំណោមបុណ្យប្រពៃណីដទៃទៀតរបស់ប្រទេសកម្ពុជា។ ពិធីបុណ្យនេះធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ ក្រែងលោកបានធ្លាក់ទៅសោយទុក្ខក្នុងអបាយភូមិ (កន្លែងរងទុក្ខ ដូចជាឋាននរកជាដើម)។ ជារឿយៗ ឲ្យតែដល់រដូវបុណ្យនេះប្រជាពលរដ្ឋខ្មែរតែងរៀបចំបាយសម្លធ្វើជាចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃនៅតាមវត្តអារាមដើម្បីធ្វើការបង្សុកូលឧទ្ទិសកុសល។
ដោយពិធីបុណ្យនេះធ្វើឡើងក្នុងន័យរំលឹកគុណ និងការឧទ្ទិសចំណីអាហារដល់អ្នកដែលស្លាប់ទៅ អត្ថបទនេះនឹងលើកឡើងអំពី បុណ្យទាំង ៦ទៀត នៅបណ្ដាប្រទេសផ្សេងៗ ដែលមានលក្ខណៈស្រដៀងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់កម្ពុជា មានដូចតទៅ៖ ១.បុណ្យ Halloween៖ ធ្វើឡើងនៅសហរដ្ឋអាមេរិក អឺរ៉ុប និងបណ្ដាប្រទេសជាច្រើនទៀតនៅលើពិភពលោក រាល់ថ្ងៃទី៣១ ខែតុលា។ ពិធីបុណ្យនេះមានកំណើតកើតចេញពីពិធីបុណ្យ Samhain របស់ជនជាតិ Celt។ រាល់ពេលបុណ្យនេះម្ដងៗ កាលពីដើមឡើយ គេតែងទុកចំណីអាហារ ស្រា ក៏ដូចជាស្ករគ្រាប់ នៅមុខផ្ទះរបស់ខ្លួនដើម្បីធ្វើឲ្យព្រលឹងសប្បាយចិត្ត ហើយផ្ដល់សុខទៅឲ្យគេវិញ ហើយបើសិនជាចង់ទៅក្រៅគេត្រូវពាក់ម៉ាសមុខខ្មោចដើម្បីក្លែងបន្លំជាមួយបណ្ដាព្រលឹងទាំងអស់នេះ។ បើទោះជារក្សាទុកទំនៀមបែបនេះខ្លះៗក៏ដោយនៅប្រទេសខ្លះ Halloween នាពេលបច្ចុប្បន្នត្រូវបានគេរៀបចំទៅជាពិធីមានលក្ខណៈសប្បាយទៅវិញ ដោយមានការលាប ឬគូរមុខជាខ្មោច និងការចែកស្ករគ្រាប់ជាដើម។
២.បុណ្យ Obon៖ ធ្វើឡើងក្នុងប្រទេសជប៉ុន នៅរៀងរាល់ថ្ងៃទី ១៥ នៃខែចន្ទគតិទី ៧ (ខែកក្កដា ឬសីហា) ។ ពិធីបុណ្យនេះធ្វើឡើង ដើម្បីរំលឹកគុណដល់ព្រលឹងដូនតាដែលបានស្លាប់ទៅ។ នៅពេលប្រារព្ធពិធីបុណ្យម្ដងៗ ប្រជាជនជប៉ុនជាច្រើនបានត្រលប់ទៅស្រុកកំណើតរបស់ខ្លួន ដើម្បីជួបជុំគ្រួសារ និងមិត្តភ័ក្ដិខ្លួន។ ក្នុងពិធីនេះផងដែរ មានការរាំបែបប្រពៃណីជប៉ុន ដែលត្រូវបានគេស្គាល់ថាជា Bon-Odori ដើម្បីស្វាគមន៍ព្រលឹង និងបណ្ដែតគោមដើម្បីរំលឹកគុណដល់ព្រលឹងទាំងនោះ។
៣.បុណ្យ Dia de los Muertos៖ ធ្វើឡើងក្នុងប្រទេសមិកស៊ិក ក៏ដូចជាបណ្ដាប្រទេសអាមេរិកឡាទីនដទៃផងដែរ នៅរៀងរាល់ថ្ងៃទី១ និងទី២ ខែវិច្ឆិកា។ ពិធីនេះធ្វើឡើងដើម្បីរំលឹកគុណដល់អ្នកដែលបានចែកឋានទៅ ដោយមានការសម្អាតផ្នូរអ្នកស្លាប់ ការរៀបចំម្ហូបអាហារ ការរាំ ក៏ដូចជាពិធីជប់លៀងផងដែរដើម្បីស្វាគមន៍ព្រលឹងអ្នកស្លាប់ទាំងអស់នោះ។
៤.បុណ្យ Chuseok៖ ធ្វើឡើងក្នុងប្រទេសកូរ៉េទាំងពីរ ទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ធ្វើឡើងនៅខែទី៨ នៃប្រតិទិនចន្ទគតិ(ខែកញ្ញា ឬតុលា)។ ដូចបណ្ដាបុណ្យខាងលើដែរ ពិធីបុណ្យនេះធ្វើឡើងដើម្បីគោរពព្រលឹងដូនតាដែលបានទទួលអនិច្ចកម្មទៅ។ ក្នុងពិធីនេះដែរ ប្រជាជនកូរ៉េ បានជួបជុំគ្នារបស់ខ្លួនដើម្បីហូបអាហារជុំគ្នា សម្អាតផ្នូរដូនតារបស់ខ្លួន និងធ្វើការរាំរបាំបុរាណ ព្រមទាំងលេងល្បែងប្រជាប្រិយរបស់ខ្លួនផងដែរ។
៥.បុណ្យ Gai Jatra៖ ធ្វើឡើងនៅប្រទេសនេប៉ាល់ រៀងរាល់ខែសីហា ឬកញ្ញា។ គ្រួសារណាដែលមានសមាជិករបស់ខ្លួនបានស្លាប់នៅឆ្នាំមុន ត្រូវបណ្ដើរគោមួយ (បើមិនមានគោទេ ត្រូវឲ្យក្មេងម្នាក់ស្លៀកពាក់ជាគោ) នៅក្នុងភូមិរបស់ខ្លួន។ គេជឿថា គោនោះនឹងដឹកនាំព្រលឹងអ្នកស្លាប់ទៅរកពិភពនៃជីវិតថ្មីមួយទៀត។ គួរបញ្ជាក់ផងដែរថា ក្នុងសាសនាហិណ្ឌូ គោជាសត្វដែលគេគោរពណាស់។
៦.បុណ្យសែនក្បាលទឹក៖ ធ្វើឡើងក្នុងប្រទេសចិន និងបណ្ដាប្រទេស ឬទីក្រុងនានា ដែលមានជនជាតិនេះរស់នៅច្រើន នារៀងរាល់ថ្ងៃទី១៥ នៃខែទី ៧ នៃប្រតិទិនចន្ទគតិ (ខែកក្កដា ឬសីហា)។ ក្នុងពិធីនេះ គេឃើញមានការអុជគោម ដុតក្រដាសប្រាក់ក្លែងក្លាយនិងរបស់របរប្រើប្រាស់ផ្សេងៗ ក៏ដូចជា ការសែនម្ហូបចំណី ដើម្បីរំលឹកគុណដល់ដូនតាដែលបានចែកឋានទៅ ហើយការមានសែនអាហារបន្តិចបន្តួចនៅក្រៅផ្ទះដល់ព្រលឹងអនាថាអត់ឃ្លានមួយចំនួនដើម្បីធ្វើឲ្យព្រលឹងនេះសប្បាយចិត្ត៕