តោះ!​ ចុះឈ្មោះ​ប្រណាំង​កង់​ និង​រត់​ម៉ារ៉ាតុង​សម្រាប់​ពេទ្យ​គន្ធបុប្ផា​លើ​ភ្នំបូកគោ​

  • 2023-10-19 02:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី២៨-២៩ ខែតុលា​ ឆ្នាំ២០២៣​ គឺ​ជា​ថ្ងៃ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ និង​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ប្រចាំ​ឆ្នាំ​ លើក​ទី៨​ នៅ​លើ​ភ្នំបូកគោ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ដែល​ជាកម្មវិធី​សប្បុរសធម៌​ប្រចាំ​ឆ្នាំនេះ។​

ទិដ្ឋភាពអ្នកចូលរួលលើកទី៧

ព្រឹត្តិការណ៍​កីឡា​សប្បុរសធម៌​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ២០១៣​ មក​ម្ល៉េះ​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​អ្នក​ឧកញ៉ា​ សុខ គង់​ ប្រធាន​ក្រុមហ៊ុន​ សុខា អូតែល​ ដែល​លោក​តែង​គិតគូរ​ និង​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​មនុស្សធម៌​ និង​សង្គម។​

សកម្មភាព​សប្បាយ​ៗ​ជា​ច្រើន​ក្នុង​នោះ​ក៏​មាន​កម្មវិធី​កម្សាន្ត​នា​រាត្រី​ថ្ងៃ​ទី​២៨​ ដូចជា​ការ​ប្រគំតន្ត្រី​ មាន​ស្តង់​លក់​អាហារ​ និង​ភេសជ្ជៈ​នៅ​បរិវេណ​ខាង​ក្រៅ​សណ្ឋាគារ​ក្រោម​រាត្រី​ដ៏​សែន​មនោរម្យ​ និង​សម្រាប់​អ្នក​ចូលរួម​ដែល​ត្រៀម​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង។​

ទិដ្ឋភាពអ្នកចូលរួលលើកទី៧

ចំពោះ​ការ​រត់​ប្រណាំង​នេះ​គឺ​មាន​វិញ្ញាសា​ ទី១​ ចម្ងាយ ២១ គីឡូម៉ែត្រ ទី២​ ចម្ងាយ​ ១០គីឡូម៉ែត្រ ទី៣​ ចម្ងាយ​ ៥គីឡូម៉ែត្រ​ និង​រត់​បែប​កម្សាន្ត ៣គីឡូម៉ែត្រ។ បន្ថែម​ពី​នេះ​ក៏​មាន​ការ​ប្រណាំង​កង់​ ៣២គីឡូម៉ែត្រ​ដែល​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​បង្កើត​នូវ​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន​ជា​មួយ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ។​

ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែ​ផ្ដល់​នូវ​ភាព​សប្បាយ​រីករាយ ​និង​សុខភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជួយ​គាំទ្រ​ដល់​សកម្មភាព​សប្បុរសធម៌​ដ៏​មាន​អត្ថន័យ​ទៀត​ផង។​ ភ្ញៀវ​ចូលរួម​អាច​ជ្រើសរើស​ក្នុង​ការ​ស្នាក់​នៅ​សណ្ឋាគារ​ប្រណីត​ ឋានសួគ៌ សុខា​ ឬ​សណ្ឋាគារ​ ឡឺ បូកគោ​ ផាឡេស​ ជា​មួយ​នឹង​ការ​ផ្ដល់​ជូន​តម្លៃ​ពិសេស ឬ​ទទួល​យក​បទពិសោធន៍​ពី​ការ​បោះតង់​ផង​ដែរ។​

កម្មវិធីលើកទី៨

កម្មវិធី​នេះ​ នឹង​ប្រារព្ធ​ឡើង​នៅ​លើ​ភ្នំបូកគោ​ ស្ថិត​ក្នុង​ខេត្ត​កំពត​​ ដែល​ជា​គោលដៅ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បងប្អូន​អាច​ចុះ​ឈ្មោះ​ចូលរួម​ចាប់​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី២៥​ តុលា​ ២០២៣​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 097 561 61 16​ និង​តេលេក្រាម​ 081 61 61 21៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម