អូឡាំពិក 2024 នៅបារាំង ប្រើគ្រែ ធ្វើពីក្រដាសកាតុង ការពារកុំឱ្យអត្តពលិក ប្រើក្បាច់ ចំណិតត្រសក់!
- 2023-11-08 03:52:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូឡាំពិក 2024 នៅបារាំង ប្រើគ្រែ ធ្វើពីក្រដាសកាតុង ការពារកុំឱ្យអត្តពលិក ប្រើក្បាច់ ចំណិតត្រសក់!
ចន្លោះមិនឃើញ
ប្រធានក្រុមហ៊ុនផលិតពូកជប៉ុន Airweave បានអួតអំពីភាពរឹងមាំនៃគ្រែ ធ្វើពីក្រដាសកាតុងដែលនឹងត្រូវប្រើក្នុងអំឡុងពេលកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ 2024 នៅទីក្រុងប៉ារីស ប្រទេសបារាំង។
គ្រែគេង ប្រហែល 16,000 ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Airweave សម្រាប់អត្តពលិកដែលមានទីតាំងនៅភូមិអូឡាំពិក និងប៉ារ៉ាឡាំពិកនៅ Saint-Denis។ នេះជាលើកទី 2 ហើយ ដែលក្រុមហ៊ុន Airweave នឹងផ្គត់ផ្គង់គ្រែដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក បន្ទាប់ពីបានផ្គត់ផ្គង់ម្តងរួចមកហើយ នៅព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុង តូក្យូ ប្រទេសជប៉ុន កាលពីឆ្នាំ 2020។
គ្រែ ធ្វើពីក្រដាសកាតុង ធ្វើឱ្យមានការភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងឆ្នាំ 2021 ជាមួយនឹងការអះអាងថាអ្នករៀបចំ កីឡាអូឡាំពិក នៅទីក្រុងតូក្យូឆ្នាំ 2020 ប្រើគ្រែក្រដាសកាតុង ដើម្បីការពារកុំឱ្យអត្តពលិក រួមភេទ បាន។ ក្នុងអំឡុងពេលប្រកួត វីដេអូបានរីករាលដាលនៅលើ TikTok របស់អត្តពលិកអូឡាំពិកលោតលើគ្រែដើម្បីសាកល្បងភាពរឹងមាំរបស់គ្រែទាំងនោះ ។
Motokuni Takaoka ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Airweave ក៏បានលោតលើគ្រែដើម្បីបង្ហាញពីភាពធន់របស់គ្រែ នៅពេលបង្ហាញ សម្រាប់ដាក់ឱ្យអត្តពលិកប្រើប្រាស់ នៅទីក្រុងប៉ារីសឆ្នាំ 2024។ Takaoka បាននិយាយនៅក្នុងវីដេអូដែលបង្ហោះដោយ Reuters ថា "យើងបានរចនាគ្រែក្រដាសកាតុង ទាំងនេះសម្រាប់មនុស្ស 3 ទៅ 4 នាក់លោត ពីព្រោះបន្ទាប់ពីទទួលបានមេដាយ មនុស្សនឹងសប្បាយចិត្តខ្លាំងណាស់" ។
ទំហំស្តង់ដារនៃគ្រែមួយមានទទឹង 90 សង់ទីម៉ែត្រ និងបណ្តោយ 200 សង់ទីម៉ែត្រ ប៉ុន្តែអាចពង្រីកដល់ 2.20 ម៉ែត្រសម្រាប់អត្តពលិកដែលមានកម្ពស់ខ្ពស់។
លោក Tony Estanguet ប្រធានរៀបចំអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ 2024 បាននិយាយថា លោករីករាយដែលគ្រែដែលផលិតពីសម្ភារៈកែច្នៃឡើងវិញបានបំពេញតាមសេចក្តីត្រូវការ របស់គណៈកម្មាធិការរៀបចំ។ ការប្រកាសអំពី ការប្រើគ្រែរបស់ Airweave សម្រាប់ ឱ្យអត្តពលិកស្នាក់នៅ ក្នុងព្រឹត្តិការណ៍ទីក្រុងប៉ារីសឆ្នាំ 2024 បានធ្វើឡើងក្នុងអំឡុងពេលសិក្ខាសាលា Chefs de Mission ដែលបានរៀបចំឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង៕