កម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធល្អច្រើនហើយ ទេសចរបរទេស​​ក៏ចាប់ផ្តើមមកវិញ​ដែរ តែ​ធនាគារ​ពិភពលោក​លើកឡើង​បែបនេះ​ទៅវិញ

  • 2023-11-22 08:50:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ពិភពលោក បាន​ព្យាករថា សេដ្ឋកិច្ចកម្ពុជា​នឹងមានកំណើន ៥,៤% នៅក្នុងឆ្នាំ​២០២៣ និងឡើងដល់ ៥,៨% ក្នុងឆ្នាំ​២០២៤ និង ៦,១% ក្នុងឆ្នាំ​២០២៥។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយបានដកស្រង់ចេញពី​របាយការណ៍​ចុងក្រោយ ស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​ដោយធនាគារពិភពលោក។

ធនាគារ​ពិភពលោក​ បាន​និយាយថា ប្រសិន​បើការកែទម្រង់​រចនាសម្ព័ន្ធដើរអមគ្នា​ជាមួយ​ការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាព​ពាណិជ្ជកម្ម នោះ​វា​នឹងនាំ​ឱ្យ​កំណើន​បន្តបង្កើន​ល្បឿន​នៅក្នុងរយៈពេល​មធ្យម និងវែង។

លោកស្រី ម៉ារីយ៉ាម សាលឹម នាយក​គ្រប់គ្រង​នៃធនាគារពិភពលោក​ប្រចាំ​នៅកម្ពុជា បាន​លើកឡើងថា បើទុកជាមានការវិនិយោគច្រើន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារ​ណៈកន្លងមកក្តី ផ្នែកដឹកជញ្ជូន​និង​ប្រព័ន្ធឡូហ្ស៊ីស្ទិកដែលសមត្ថភាពនៅ​មានកម្រិត​ និង​ការផ្គត់ផ្គង់​ថាមពលដែលពិបានទុកចិត្តបាន នៅ​តែ​បន្ត​ជា​បន្ទុកខ្ពស់​លើ​ចំណាយ​ថ្លៃ​ដើម​របស់​ធុរកិច្ច និង​របស់​អ្នក​ប្រើ​ប្រាស់​ទូទៅ។ នៅ​ក្នុង​រយៈពេលមធ្យម វិបត្តិខាងក្រៅ​​ដែលមាន​ក្នុង​ពេល​តែមួយ​រួមបញ្ចូល ការ​រាតត្បាត​ជំងឺ​ជា​សកល, សង្គ្រាមលុកលុយ​របស់​ប្រទេស​រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន, និង​អត្រា​ខ្ពស់​របស់​ការ​ប្រាក់លើទីផ្សារ​អន្តរជាតិ ត្រូវ​បាន​រំពឹង​​ថា​នឹង​នៅ​តែ​បន្ត​​ធ្វើ​ជា​ឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបន្តថា វិស័យទេសចរណ៍មានសារៈសំខាន់ណាស់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ហើយទោះបីជាមានភ្ញៀវទេសចរអន្តរជាតិចូលប្រទេសវិញ​ជាហូរហែក៏ដោយ ប្រាក់ចំណូល នៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយ​ចំនួន នៅ​តែ​មាន​ចំនួន​ទាបជាងកម្រិតមុនការផ្ទុះ​ជំងឺ​រាតត្បាតនៅឡើយ​។ ការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រេច បានធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឲ្យឃើញ​អំពី​តម្រូវការទាប​នៅលើទីផ្សារពិភពលោក។ ជាលទ្ធផល ការងារនៅ​ផ្នែកឧស្សាហកម្ម​ផលិតកម្មបានធ្លាក់ចុះ ៥% ដែលញ៉ាំងឲ្យអាជ្ញាធរធ្វើ​អន្តរាគមន៍​ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានបញ្ឈប់ពីការ​ងារ។

ឆ្ពោះទៅមុខ កំណើនសេដ្ឋកិច្ចអាចនៅ​តែ​រងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភពលោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារឡើងវិញ។ នៅ​ក្នុងស្រុក ការកើនឡើងនៃ​បំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅ​ក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី