Xiaomi MIX Flip 2 ទូរសព្ទអេក្រង់បត់កម្រិតកំពូល តម្លៃចាប់ពី 840$ ឡើងទៅ
- 2025-06-27 02:23:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi MIX Flip 2 ទូរសព្ទអេក្រង់បត់កម្រិតកំពូល តម្លៃចាប់ពី 840$ ឡើងទៅ
ចន្លោះមិនឃើញ
Xiaomi បញ្ចេញស្មាតហ្វូនអេក្រង់បត់ កម្រិតកំពូលមួយនៅពាក់កណ្ដាលឆ្នាំ ២០២៥ គឺ MIX Flip 2 ដែលមើលទៅមិនសូវខុសពីឆ្នាំមុនប៉ុន្មានទេ ប៉ុន្តែគេបានប្រើប្រាស់អេក្រង់ថ្មី កម្លាំងខ្លាំងជាងមុន ប្ដូរពីកាមេរ៉ា Telephoto មកជាកាមេរ៉ា Ultrawide វិញ និងទម្លាក់តម្លៃទាបសមរម្យជាងមុនផងដែរ។
Xiaomi MIX Flip 2 មានជម្រើសពណ៌មាស ពណ៌ស ពណ៌ស្វាយ និងបៃតង ដោយមានជម្រើសរ៉េម និងអង្គផ្ទុកទិន្នន័យ 12/256GB, 12/512GB, និង 16GB/1TB ហើយម៉ាស៊ីនខាងក្នុងគេប្រើឈីប Snapdragon 8 Elite ស្រោបដោយប្រព័ន្ធបញ្ចុះកម្ដៅ និងបង្កើនទំហំថ្មដល់ 5,165mAh ដែលអាចសាកថ្មលឿនកម្លាំង 67W និងសាកថ្មឥតខ្សែបានកម្លាំង 50W។
ការរចនា ជាចំនុចទាក់ទាញខ្លាំងបំផុតពី MIX Flip 2 ដោយសារវាជាទូរសព្ទអេក្រង់បត់ និងកាត់បន្ថយគែមអេក្រង់កាន់តែខ្លីជាងមុន អាចពង្រីកអេក្រង់ក្នុងដល់ 6.86 អ៊ីង ជាប្រភេទ LTOP AMOLED ភ្លឺខ្លាំងដល់ 3,200 nits អេក្រង់ខាងក្រៅទំហំ ៤ អ៊ីងមានល្បឿន 120Hz អេក្រង់ខាងក្នុង អាចឡើងល្បឿនពី 120Hz ទៅដល់ 300Hz គាំទ្រ Color P3 និងការពារដោយ Xiaomi Shield Glass។
ផ្នែកកាមេរ៉ា MIX Flip 2 សហការជាមួយក្រុមហ៊ុន Leica មានលេនចំនួន ២ គ្រាប់ ដោយលេនគោលប្រវែង 23mm f/1.7 ប្រើប្រាស់សេនស័រ OV50E អាចចាប់រូបភាពបាន 50MP ចំណែកលេនទូលាយប្រវែង 14mm f/2.2 អាចប្រើប្រាស់ថតម៉ាក្រូបាន និងចាប់រូបភាពក្នុងទំហំ 50MP ដូចគ្នា មានសមត្ថភាពថតវីដេអូ បានដល់កម្រិត 8K 24fps និង 4K ដល់ល្បឿន 60fps។ កាមេរ៉ាមុខ ទំហំ 32MP f/2.0 ជាលេនទូលាយ 24mm ថតវីដេអូក្នុងកម្រិត 4K 60fps ផងដែរ។
Xiaomi MIX Flip 2 នឹងមានលក់លើទីផ្សារដោយវេចខ្ចប់មកនូវក្បាលឆ្នាំងសាក ខ្សែសាក ស្រោមការពារ និងទូរសព្ទ ក្នុងតម្លៃចាប់ពី 836$ ចំពោះជម្រើសរ៉េមអង្គផ្ទុកទិន្នន័យ 12/256GB រហូតដល់ 1,018$ ចំពោះជម្រើសរ៉េមអង្គផ្ទុកទិន្ន័យ 16GB/1TB។