Xiaomi ចេញរថយន្ដអគ្គិសនី រូបរាងស្រដៀង Ferrari ប្រព័ន្ធទំនើបមិនចាញ់ Tesla
- 2025-06-27 08:34:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi ចេញរថយន្ដអគ្គិសនី រូបរាងស្រដៀង Ferrari ប្រព័ន្ធទំនើបមិនចាញ់ Tesla
ចន្លោះមិនឃើញ
កាលពីមុន Xiaomi ធ្លាប់បានបញ្ចេញរថយន្ដអគ្គិសនីមួយម៉ូឌែល SU7 ជាប្រភេទរថយន្ដ Sedan និងទទួលបានការគាំទ្រច្រើន ឥលូវនេះ Xiaomi បានបញ្ចេញម៉ូឌែលថ្មីមួយទៀត ជារថយន្ដ SUV វិញម្ដង ម៉ូឌែល YU7 ដើម្បីប្រជែងជាមួយនឹង Tesla Model Y ហើយដាក់លក់នៅក្នុងតម្លៃខ្ទង់ ៣៥ ០០០ ដុល្លារ និងមានលក្ខណៈពិសេសជាច្រើន គួរអោយចាប់អារម្មណ៍។
Xiaomi YU7 ជារថយន្ដខ្នាត SUV មានទំហំបណ្ដោយ ៥ ម៉ែត្រ ទទឹង ២ ម៉ែត្រ និងកម្ពស់ ១,៦ ម៉ែត្រ និងមានចន្លោះពីកង់មុខទៅកង់ក្រោយប្រវែង ៣ ម៉ែត្រ ដោយការរចនា Xiaomi YU7 ស្រដៀងច្រើនទៅនឹងរថយន្ដ Ferrari Purosangue ចំណែកម៉ាស៊ីនវិញ ត្រូវបានបែងចែកចេញជា ៣ ម៉ូឌែលដូចជា៖ Xiaomi YU7, Xiaomi YU7 Pro, និង Xiaomi YU7 Max។
Xiaomi YU7៖ ជាម៉ូឌែលធម្មតា ប្រើប្រាស់ម៉ាស៊ីនមួយ វិលកង់ក្រោយ និងមានកម្លាំង ២៣៥ គីឡូវ៉ាត់ ឬប្រហែល ៣២០ កម្លាំងសេះ និងមានកម្លាំងបង្វិល ៥២៨ ញ៉ូតុនម៉ែត្រ ដែលអាចជាន់ពី ០ ទៅដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៥,៨ វិនាទី។
Xiaomi YU7 Pro៖ ជាម៉ូឌែល AWD (All Wheel Drive) វិលកង់ ៤ មានម៉ាស៊ីន ២ និងមានកម្លាំង ៣៦៥ គីឡូវ៉ាត់ ឬប្រហែល ៤៩៦ កម្លាំងសេះ មានកម្លាំងបង្វិល ៦៩០ ញ៉ូតុនម៉ែត្រ អាចជាន់ពី ០ ទៅដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៤,២ វិនាទី។
Xiaomi YU7 Max៖ ជាម៉ូឌែលខ្ពស់ជាងគេ ដែលមានកម្លាំងម៉ាស៊ីន ៥០៨ គីឡូវ៉ាត់ ឬប្រហែល ៦៩០ កម្លាំងសេះ និងមានកម្លាំងបង្វិល ៨៦៦ ញ៉ូតុនម៉ែត្រ អាចជាន់ពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹម ៣,២ វិនាទី និងអាចបើកបរដល់ល្បឿនអតិបរមា ២៥៣ គីឡូម៉ែត្រ/ម៉ោង ខណៈម៉ូឌែល YU7 និង YU7 Pro អាចរត់បានល្បឿនអតិបរមាត្រឹម ២៤០ គីឡូម៉ែត្រ/ម៉ោង។
ចំពោះថាមពលថ្ម ឬអាគុយវិញ រថយន្ដម៉ូឌែល YU7 និង YU7 Pro ត្រូវបានប្រើប្រាស់ប្រភេទថ្ម LFP (Lithium Iron Phosphate) មានទំហំ ៩៦,៣ គីឡូវ៉ាត់ម៉ោង ការសាកមួយពេញ អាចបើកបរបានដល់ចម្ងាយ ៨៣៥ គីឡូម៉ែត្រ (សម្រាប់ម៉ូឌែល YU7) និងចម្ងាយ ៧៧០ គីឡូម៉ែត្រ (សម្រាប់ម៉ូឌែល YU7 Pro) ចំណែកការសាកថ្មពី ១០% ទៅដល់ ៨០% ចំណាយពេល ២១ នាទីប៉ុណ្ណោះ។ ដោយឡែកចំពោះ YU7 Max ប្រើប្រាស់ថ្មប្រភេទ Ternary Lithium ទំហំ ១០១,៧ គីឡូវ៉ាត់ម៉ោង ដែលអាចរត់បានដល់ចម្ងាយ ៧៦០ គីឡូម៉ែត្រ ពេលសាកមួយពេញ ចំណែកការសាកថ្មពី ១០% ទៅដល់ ៨០% ចំណាយពេលត្រឹមតែ ១២ នាទីប៉ុណ្ណោះ តាមបច្ចេកវិទ្យាសាកថ្មលឿន 800-volt high-voltage។
ផ្នែកខាងក្នុង រថយន្ដអគ្គិសនីពី Xiaomi ទទួលបានការរចនាយ៉ាងផ្ចិតផ្ចង់ សាកសមជារថយន្ដអគ្គិសនីទំនើប ដូចជា៖
• ការបំពាក់កៅអីស្បែក មានមុខងារម៉ាស្សា អាចបត់គេងបាន ១២៣ ដឺក្រេ ចំណែកកៅអីក្រោយអាចបត់គេងបានដល់ ១៣៥ ដឺក្រេ
• មានបន្ថែមទូទឹកកកចំណុះ ៤,៦ លីត្រ សម្រាប់ទុកដាក់ទឹកឬចំណីអាហារ
• មានប្រព័ន្ធសម្លេងចំនួន ២៥ កន្លែងជាមួយបច្ចេកវិទ្យាសម្លេង Dolby Atmos
• មានអេក្រង់បញ្ជា ផ្នែកខាងមុខទំហំជាង ១ ម៉ែត្រ គេហៅថា HyperVision មានពន្លឺខ្លាំងដល់ 1,200 nits និងដំណើរការដោយឈីប Nvidia Drive AGX Thor មានមុខងាវៃឆ្លាតពិសេសសម្រាប់រថយន្ដ
• មានបំពាក់ប្រព័ន្ធ LiDAR និងរ៉ាដា 4D Millimeter-wave បង្កើនសុវត្ថិភាពនិងផ្ដល់ដំណឹង អំឡុងពេលបើកបរ
• មានមុខងារបញ្ជាដោយសម្លេង XiaoAI ស្រដៀងទៅនឹង Siri របស់ Apple
• ប្រើប្រាស់សោ Smart Key និង Digital Key ដែលគេអាចដាក់បញ្ចូលនៅក្នុងទូរសព្ទបាន ដូចនេះគ្រាន់តែមានទូរសព្ទ ក៏អាចបើកបររថយន្ដបាន
រថយន្ដ Xiaomi YU7 ពិតជាមានមុខងារពិសេសៗច្រើន និងមានការរចនាដូចជារថយន្ដទំនើប Ferrari ទៀតផង ចំណែកគុណភាពផលិតវិញរឹងមាំ សូម្បីតែថ្មឬអាគុយរថយន្ដ ក៏ស្រោបការពារ Bullet-proof ផងដែរ។ កាន់តែពិសេស រថយន្ដអគ្គិសនីនេះ លក់ចេញពីរោងចក្រ ក្នុងតម្លៃ ៣៥ ០០០ ដុល្លារ សម្រាប់ម៉ូឌែល Xiaomi YU7, ៣៩ ០០០ ដុល្លារ សម្រាប់ម៉ូឌែល Xiaomi YU7 Pro, និង ៤៦ ០០០ ដុល្លារសម្រាប់ម៉ូឌែល Xiaomi YU7 Max។