សម្តេច​ធិបតី ហ៊ុន ម៉ាណែត៖ សម័យនេះ​អត់ប្រើគ្រូទាយទេ គឺប្រើអ្នកទិន្នន័យ​ដែល​អាច​ព្យាករពី​អនាគត

  • 2023-12-26 03:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ថ្នាក់ជាតិ ស្តីពីលទ្ធផល​ចុងក្រោយ​នៃជំរឿន​សេដ្ឋកិច្ច​កម្ពុជាឆ្នាំ​២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២៣ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែងថា សម័យកាលនេះ គេ​មិនប្រើគ្រូទាយទេ គឺ​ប្រើអ្នកទិន្នន័យ​ដែល​អាច​ព្យាករ​ពី​ស្ថានភាព​នាពេល​អនាគត​បែបវិទ្យាសាស្រ្ត។

សម្តេច​នាយករដ្ឋមន្រ្តី បាន​លើកឡើងថា ការគ្រប់គ្រងទិន្នន័យ បាន​ជួយឱ្យយើងសម្រេច​ចិត្ត​បានត្រឹមត្រូវគ្រប់ជ្រុងជ្រោយដោយមិនប្រថុយប្រថាន ការព្យាករសេណារីយ៉ូ និងព្យាករអនាគត ថាតើវាប្រែប្រួល​កម្រិតណា។ រាជរដ្ឋាភិបាល​ បាន​ប្រើប្រាស់​ទិន្នន័យ​នេះ ក្នុងការកសាងក្របខណ្ឌគោលនយោបាយ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ។

សម្តេចធិបតី​បានមាន​ប្រសាសន៍​ថា ទិន្នន័យ​ស្ថិតិ​ប្រកបដោយ​គុណភាព និង​ដែល​អាច​ជឿទុកចិត្តបាន គឺជា​ភស្តុតាង​មួយ​ដែលអ្នកធ្វើគោលនយោបាយត្រូវការ ដោយ​មិនអាចខ្វះបាន សម្រាប់ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ, និងផែនការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រយៈពេលខ្លី មធ្យម និងវែង។ ទិន្នន័យជំរឿនសេដ្ឋកិច្ចពិតជាមានសារៈសំខាន់​យ៉ាងខ្លាំង ដោយជួយឱ្យអ្នកធ្វើគោលនយោបាយអាចមើលឃើញ ធ្លុះស៊ីជម្រៅទៅក្នុង រចនាសម្ព័ន្ធ, ជីវភាព, និងសមិទ្ធកម្ម នៃសេដ្ឋកិច្ចមួយ។

ជាមួយ​គ្នានេះ សម្តេច ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះឱ្យទៅជាព័ត៌មាន គ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេស សម្រាប់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ សម្តេចសូមលើកទឹកចិត្តឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

សូមជម្រាបថា លទ្ធផលចុងក្រោយ​នៃជំរឿន​សេដ្ឋកិច្ច​នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ វិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣%៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី