វត្ថុសិល្បៈ​ក្វាត​ជិត ៧០០០គ្រាប់​ដែល​រកឃើញ​នៅ​ប្រាសាទ​កណ្តាល​ស្រះស្រង់ នឹង​ត្រូវដាក់តាំង​បង្ហាញ

  • 2024-01-12 08:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារមន្ទីរ​ព្រះនរោត្តម​សីហនុ-អង្គរ គ្រោងនឹងតាំង​ពិព័រណ៍វត្ថុសិល្បៈក្វាត ចំនួន ៦៩៥៦គ្រាប់ ដែលបានពី​កំណាយ​ស្រាវជ្រាវ ដើម្បីឱ្យសាធារណជន​បានស្គាល់ និងទស្សនា​ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ។

ក្រុមអ្នក​ស្រាវជ្រាវ​នៃអាជ្ញាធរជាតិ​អប្សរា បានប្រទះឃើញ​វត្ថុសិល្បៈបុរាណ​ក្វាត ចំនួន​៦៩៥៦គ្រាប់នេះ នៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ។

មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី មានប្រសាសន៍ថា វត្ថុសិល្បៈបុរាណក្វាត ចំនួន៦៩៥៦គ្រាប់នេះ នឹងដាក់តាំងពិពរណ៍ជាអចិន្ត្រៃយ៍ក្នុងសាលពិព័រណ៍សារមន្ទីរ។

វត្ថុសិល្បៈនេះ មានបីប្រភេទ គឺពណ៌ស្វាយ(កែវណាំហ្វាន) Amethyst ពណ៌លឿង(ស៊ីទ្រីន) Citine និងពណ៌សថ្លា (គ្រីស្តាល់) Crystal។ ក្រៅពីការដាក់តាំងក្វាត​នេះ ក៏មានការដាក់តាំង​បង្ហាញ​នូវវត្ថុមួយ​ចំនួនទៀត ដែលបានមកពី​កន្លែងតែមួយ​នៅប្រាសាទ​កណ្ដាលស្រះស្រង់​ដែរដូចជា រូបអណ្ដើកថ្ម អាវុធត្រីសូល៍ អាវុធបញ្ចសូល៍ និងចតុសូល៍ជាដើម។

លោក គុន ផល្លី ឱ្យដឹងទៀតថា ការតាំង​បង្ហាញ​ពិព័រណ៍​ជាអចិន្ត្រៃយ៍នេះ ក្នុងគោលបំណង​បង្ហាញជូន​សាធារណជនជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និង​សិស្សានុសិស្ស​ឱ្យមកទស្សនា​សិក្សាស្វែងយល់​អំពីវត្ថុសិល្បៈ វត្ថុសក្ការៈ​សម្រាប់​បញ្ចុះនៅគ្រឹះ​ប្រាសាទ​កាលពី​សម័យ​បុរាណ ព្រមទាំងដឹង​ពីប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និង​ទំនៀមទម្លាប់​របស់ជាតិ​ខ្មែរផង។

ជារៀងរាល់ថ្ងៃសៅរ៍​ដើមខែ​នីមួយៗ សារមន្ទីរព្រះនរោត្តម​សីហនុ-អង្គរ តែងតែ​បើកឱ្យភ្ញៀវជាតិ អន្តរជាតិ​ចូលទស្សនា​ដោយមិន​គិតថ្លៃ ដែលនេះ​គឺជាចំណុចមួយ​ដ៏ពិសេស​សម្រាប់​លើកទឹកចិត្ត​ដល់ភ្ញៀវជាតិ អន្តរជាតិ សាធារណជន អ្នកស្រាវជ្រាវ និង​សិស្សានុសិស្ស ចូលទស្សនា​សារមន្ទីរឱ្យបានកាន់តែច្រើន៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី