ឯកអគ្គរដ្ឋទូតអូស្ត្រាលីគាំទ្រដល់ការមកទទួលបានសេវាថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយ នៅគ្លីនិកអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា
- 2024-01-24 09:12:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកអគ្គរដ្ឋទូតអូស្ត្រាលីគាំទ្រដល់ការមកទទួលបានសេវាថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយ នៅគ្លីនិកអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា
ចន្លោះមិនឃើញ
ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅគ្លីនិកអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា (MSIC) ស្ថិតនៅក្នុងខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដោយយោងទៅតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការលើកកម្ពស់់សុខភាព ព្រមទាំងសិទ្ធិរបស់ស្ត្រី និងក្រុមជនដែលត្រូវការការគាំទ្រនៅកម្ពុជា ។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាគឺជាស្ថាប័ននាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្នែកមធ្យោបាយពន្យារកំណើត ការរៀបចំផែនការគ្រួសារ និងសេវារំលូតដោយសុវត្ថិភាព ដោយផ្តល់នូវសេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយសម្រាប់ស្ត្រីគ្រប់វ័យ។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា គាំទ្រដល់គ្រប់ស្រ្តីនិងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ រក្សាការសម្ងាត់ និងមិនមានការវិនិច្ឆ័យ ដោយធានាថាគ្រប់ជំហាននៃការមកទទួលសេវាសុខភាពរបស់អតិថិជនទាំងអស់ត្រូវបានបំពេញប្រកបដោយសេចក្តីថ្លៃថ្នូរ និងការគោរព។
រដ្ឋាភិបាលអូស្ត្រាលីកំពុងឧបត្ថម្ភថវិកាគាំទ្រដល់គម្រោងចំនួនពីរដែលអនុវត្តដោយអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា តាមរយៈ គម្រោងទីមួយ 'ការឆ្លើយតបតាមរយៈការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជសំខាន់ៗ និងសិទ្ធិ និងយន្តការថ្មីក្នុងការផ្តល់សេវាសុខភាព' ដែលហៅកាត់ថា (RESPOND) និង គម្រោងមួយទៀតតាមរយៈ កម្មវិធីសហប្រតិបត្តិការអង្គការមិនមែនរដ្ឋាភិបាលអូស្ត្រាលី (ANCP)។ គម្រោងទាំងពីរនេះមានគោលបំណងបង្កើនលទ្ធភាពមកទទួលសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ ដែលមានគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយ ដោយរួមបញ្ចូលទាំងការរៀបចំផែនការគ្រួសារជូនដល់គ្រប់ស្ត្រីក្នុងវ័យបន្តពូជ ប្រកបដោយសមភាព។ការប្រឹក្សាជូនស្រ្តីគ្រប់វ័យ ចាប់ពីស្រ្តីវ័យមានរដូវរហូតដល់វ័យអស់រដូវ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានផ្តោតលើក្មេងជំទង់ យុវជន ស្ត្រីមានពិការភាព និងក្រុមជនដែលត្រូវការការគាំទ្រផ្សេងៗទៀត តាមរយៈគម្រោងទាំងនេះ។
បន្ថែមពីលើការបង្កើនលទ្ធភាពទទួលបានព័ត៌មាន និងសេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ គម្រោង RESPOND ផ្តោតជាចម្បងលើវិធីសាស្រ្តផ្សេងៗក្នុងការទប់ទល់ជាមួយនឹងផលប៉ះពាល់អវិជ្ជមាននៃ COVID-19។ តាមរយៈគម្រោងនេះ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានសាកល្បងសេវាថែទាំវេជ្ជសាស្ត្រពីចម្ងាយ (Telemedicine) ជោគជ័យក្នុងឆ្នាំ២០២១ ហើយក៏បានពង្រីកសេវាទូទាំងប្រទេស ដោយសារតែលទ្ធផលវិជ្ជមាននេះ។ លើសពីនេះទៀត ការគាំទ្រជាបន្តបន្ទាប់តាមរយៈគម្រោង ANCP ចាប់តាំងពីឆ្នាំ២០២០មក បានគាំទ្រអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ក្នុងការបើកគ្លីនិកថ្មីចំនួនពីរទៀតនៅក្នុងតំបន់ដែលស្ត្រីកំពុងប្រឈមនឹងឧបសគ្គក្នុងការមកទទួលបានសេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ។ គ្លីនិកថ្មីទាំងពីរមានទីតាំងស្ថិតនៅខណ្ឌសែនសុខរាជធានីភ្នំពេញ និងមួយទៀតនៅក្រុងប៉ោយប៉ែត។ គម្រោងទាំងពីរបានរួមចំណែកដល់ការលើកកម្ពស់ដល់ការផ្តល់សេវាសុខភាពផ្លូវភេទ និងសេវាសម្រាប់ជនរងគ្រោះដោយអំពើហឹង្សាយេនឌ័រ (SGBV) រួមទាំងការពង្រឹងសេវាថែទាំវេជ្ជសាស្រ្តពីចម្ងាយ និងប្រព័ន្ធលើកលែងថ្លៃសេវាដែលលុបបំបាត់ឧបសគ្គផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមជនដែលត្រូវការការគាំទ្រ។
ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីនៅគ្លីនិកសែនសុខរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា គឺជាសក្ខីភាពមួយចំពោះកិច្ចសហការរវាងអូស្ត្រាលី និងអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ដោយបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការគាំទ្រដល់ការមកទទួលបានសេវាថែទាំសុខភាពផ្លូវភេទ និងបន្តពូជគ្រប់ជ្រុងជ្រោយ។ ភាពជោគជ័យនៃគម្រោងទាំងពីរត្រូវបានពិភាក្សារវាងឯកអគ្គរដ្ឋទូតអូស្ត្រាលី និងទូតសុឆន្ទៈរបស់ម៉ារីស្តូបអន្តរជាតិកម្ពុជា។
ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “យើងគាំទ្រស្ត្រីគ្រប់រូបក្នុងការធ្វើការសម្រេចចិត្តចំពោះជីវិតរបស់ពួកគាត់ រួមទាំងសិទ្ធិសម្រេចក្នុងការមានផ្ទៃពោះ។ នេះគឺជាហេតុផលដែលធ្វើឱ្យការមកទទួលបានសេវាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជមានសារៈសំខាន់ជាទីបំផុត។ ហើយក៏ជាហេតុផលដែលយើងរីករាយក្នុងការចាប់ដៃគូជាមួយអង្គការម៉ារីស្តូប ដើម្បីគាំទ្រសេវាសុខភាពដែលមានសុវត្ថិភាព និងមានគុណភាពខ្ពស់សម្រាប់ស្ត្រី»។
សម្រាប់ជំនួយក្នុងការប្រឹក្សា និងការមកទទួលសេវាសុខភាពផ្លូវភេទ បន្តពូជ ៖
សូមផ្ញើសារហ្វេសប៊ុកមកកាន់ Marie Stopes Cambodia
រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ ព្រឹក ដល់ ៥ ល្ងាច
០១២ ៩៩៩ ០០២ ឬ ០៩៨ ៩៩៩ ១០២
ផ្ញើសារតាមរយៈ LINE, Viber, WhatsApp, WeChat, Telegram ០៩៣ ២៤ ០៨ ២៣
#CSurge
#ANCP
#WomensRights4Health
#AustralianAid