ស្ថាប័ន​បាល់ទាត់​ពិភពលោក​កំពុង​តែ​គិតគូរ​លើ​ការ​ដាក់​ចេញ​ «កាត​ខៀវ»​

  • 2024-02-09 12:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមប្រឹក្សា​សមាគម​បាល់ទាត់​អន្តរជាតិ (IFAB) ដែល​ជា​ស្ថាប័ន​តាក់តែង​ច្បាប់ និង​បទ​វិន័យ​បាល់ទាត់​ បាន​ស្នើ​​ឱ្យ​មាន​ «កាតខៀវ» នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់ សម្រាប់​កំហុស​មួយ​ចំនួន​ក្រៅ​ពី​វិជ្ជាជីវៈ​បាល់ទាត់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បាល់ទាត់​ធំៗ​នានា។

កាត​ខៀវ​នេះ​នឹង​ចែក​ជូន​កីឡាករ ទុក​ជា​ការ​ពិន័យ​លើ​កំហុស​មិនមែន​វិជ្ជាជីវៈ​ដូច​ជា​ ការ​ជេរប្រមាថ ឬ ការ​ប្រើ​ពាក្យ​មិន​សមរម្យ​ចំពោះ​អាជ្ញាកណ្ដាល ឬ ដៃ​គូ​ប្រកួត ក៏​ដូច​ជា​កំហុស​ផ្សេងៗ​ទៀត​ ដែល​បង្ក​ឡើង​ដើម្បី​បង្អាក់​សកម្មភាព​ក្នុង​ការ​ប្រកួត។

អ្នក​ដែល​ទទួល​បាន​កាត​នេះ​នឹង​ផ្អាក​មិន​​ឱ្យ​លេង​ក្នុង​រយៈពេល ១០នាទី។ ការ​ទទួល​បាន​កាត​នេះ​ ២ដង ស្មើ​នឹង​កាត​លឿង​ម្ដង ហើយ​ប្រសិនបើ​បាន​កាត​លឿង​ម្ដង និង​បាន​កាត​ខៀវ​ម្ដង​ ស្មើ​នឹង​បាន​កាត​ក្រហម។ ស្ថាប័ន IFAB នឹង​ចេញ​ផ្សាយ​ច្បាប់​ទម្លាប់​ទាក់ទិន​នឹង​កាត​ខៀវ​នេះ​នា​ពេល​ឆាប់ៗ។

កន្លង​មក​ កាត​នេះ​ត្រូវ​បាន​ដាក់​ប្រើ​នៅ​កម្មវិធី​ប្រកួត​កម្រិត​ទាប​ដូច​ជា​ការ​ប្រកួត​បាល់ទាត់​យុវជន​ជា​ដើម។ បើ​តាម​ការ​ចុះ​ផ្សាយ​មួយ​ចំនួន កាត​នេះ​គ្រោង​នឹង​ប្រើ​ក្នុង​ប្រកួត​ពាន FA និង​ពាន​ FA បាល់ទាត់​នារី។

យ៉ាងណាមិញ ស្ថាប័ន​បាល់ទាត់​កំពូល FIFA យល់​ឃើញ​ថា ការ​ប្រើ​កាត​នេះ​នៅ​ក្នុង​ការ​ប្រកួត​កម្រិត​ខ្ពស់​អាច​នឹង​មិនមាន​ប្រសិទ្ធភាព​ទេ។ ទោះ​ជា​យ៉ាងណាក្ដី ការ​ដាក់​ចេញ​កាត​ខៀវ​នេះ​នៅ​ក្នុង​ដំណាក់កាល​ពិភាក្សា​គ្នា​នៅ​ឡើយ​៕

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល