ថាមិនត្រូវ! Samsung អាចនឹងបញ្ចេញ​ស្មាតហ្វូន 6G ក្រោយ​ចូលរួម​ក្នុងគម្រោង NextG

  • 2024-02-15 03:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅចាំបានទេ Samsung បាន​បញ្ចេញ​ស្មាតហ្វូន 5G លើកដំបូងក្នុងឆ្នាំ​២០១៩ ហើយ​ចុះពេលណាទើប​ក្រុមហ៊ុនយក្សកូរ៉េនេះ បញ្ចេញស្មាតហ្វូន 6G? ប្រហែល​រង់ចាំមិនយូរទៀតទេ ព្រោះ​ពេលនេះ​ Samsung Research America បាន​ចូលរួមក្នុងគម្រោង NextG Initiative Corporate Affiliates Program ដែលផ្តួចផ្តើម​ឡើង​ដោយ​សាកលវិទ្យាល័យ Princeton។

ក្រោម​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន Samsung Research America នឹងធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយ​សាកលវិទ្យាល័យ Princeton ដើម្បី​ធ្វើជាស្ពានតភ្ជាប់​រវាង​ការស្រាវជ្រាវនៅក្នុងសាលា​ ទៅកាន់​ការ​អនុវត្តក្នុង​ពិភពជាក់ស្តែង។ ក្រុមហ៊ុនផ្សេងៗទៀត​ដែលបាន​ចូលរួមក្នុងគម្រោងនេះ រួមមាន Ericsson, Intel, MediaTek, Nokia Bell Labs, Qualcomm Technologies និង Vodafone។

គួរ​ដឹងថា គម្រោង NextG នេះ ត្រូវបាន​បង្កើតឡើង​នៅក្នុងឆ្នាំ​២០២៣ ដើម្បីជំរុញ​បច្ចេកវិទ្យាថ្មីៗ​ ក្នុងនោះរួមមានទាំង Cloud, Edge Network, Intelligent Sensing និង Network Resilience។ ការស្រាវជ្រាវលើគម្រោងនេះ នឹង​ជួយ​ឱ្យសម្រេច​បាន​នូវបណ្តាញ​ឥតខ្សែនាពេលអនាគត តាមរយៈ​កិច្ចសហប្រតិបត្តិការ​រវាងសាកលវិទ្យាល័យ និង​ក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាធំៗ។

លោក Charlie Zhang អនុប្រធាន​ជាន់ខ្ពស់របស់​ក្រុមហ៊ុន Samsung Research America បាន​និយាយថា ឧស្សាហកម្ម​ឥតខ្សែនេះ បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងសំខាន់​ពីការស្រាវជ្រាវមូលដ្ឋាន ក្នុង​ប៉ុន្មាន​ទសវត្សរ៍មុន។ «យើង​លើកទឹកចិត្ត​ឱ្យអ្នក​ស្រាវជ្រាវរបស់​ Princeton បន្តនូវស្វែងរក​គំនិតច្នៃប្រឌិត និង​អភិវឌ្ឍបច្ចេកវិទ្យា​ដែល​អាច​នាំ​យកព្រឹត្តិការណ៍​ដ៏ធំ​ក្នុងបច្ចេកវិទ្យា 6G»៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី