វេទិការដ្ឋាភិបាល DIGITAL ឆ្នាំ២០២៤ នឹងមានបង្ហាញ និងបើកឲ្យសាកល្បងឧបករណ៍បច្ចេកវិទ្យាទំនើបៗ

  • 2024-02-22 02:53:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នតាមរយៈការអនុវត្តគោលនយោបាយឌីជីថល” និង“ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ” រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

វេទិកាដ៏ធំដែលនឹងមានការអញ្ជើញចូលរួមពីសម្ដេចនាយករដ្ឋមន្ដ្រីនោះ ធ្វើឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផល នៃការកសាងរដ្ឋាភិបាលឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ព្រឹត្ដិការណ៍ក៏នឹងរៀបចំឲ្យមានកិច្ចពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ និន្នាការ នៃការរីកចម្រើន របស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ នៃការជំរុញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបើកអង្គសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបង្ហាញពីគោលបំណង និងការរៀបចំព្រឹត្ដិកាណ៍នេះ។

រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍លោក សុខ ពុទ្ធិវុធ បានថ្លែងក្នុងសន្និសីទនេះថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមទីភ្នាក់ងារនានារបស់រដ្ឋាភិបាល ចែករំលែកឧត្តមានុវត្តន៍ក្នុងបរិវត្តកម្មឌីជីថល កំណត់នូវបញ្ហាប្រឈមក្នុងការអនុវត្តដំណោះស្រាយឌីជីថល លើកកម្ពស់សេវាកម្មដែលផ្ដោតលើពលរដ្ឋជាគោល និងគោលនយោបាយជំរុញលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សុវត្ថិភាពសាយប័រ និងឯកជនភាពទិន្នន័យនៅក្នុងវិស័យសាធារណៈ។

បើតាមលោក សុខ ពុទ្ធិវុធ វេទិកានេះ នឹងផ្ដោតលើការស្វែងរកបច្ចេកវិទ្យាដែលកំពុងលេចធ្លោ លើកទឹកចិត្តដល់នវានុវត្តន៍ និងសម្របសម្រួលបណ្តាញទំនាក់ទំនងរវាងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាល ព្រមទាំងកៀរគរភាគីពាក់ព័ន្ធក្នុងស្រុក និងអន្តរជាតិនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

តាមរយៈការបង្កើតព្រឹត្ដិការណ៍ឌីជីថលនេះ រាជរដ្ឋាភិបាលក៏នឹងបង្ហាញអំពីសមិទ្ធផល នៃការកសាងរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យា គុណប្រយោជន៍ការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នរដ្ឋ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល ដែលអភិវឌ្ឍដោយក្រសួង ស្ថាប័ន របស់រដ្ឋាភិបាល សេវាកម្មទូរសព្ទ និងអ៊ីនធឺណិត សេវាប្រៃសណីយ៍ សេវាហ្វិនតិច (Fintech) និងសេវាធុរកិច្ចថ្មីឌីជីថល (Digital Startups) ជាដើម។ សាធារណជនក៏មានឱកាសក្នុងការប្រើប្រាស់សាកល្បង ឧបករណ៍បច្ចេកវិទ្យាទំនើបៗ និងចុងក្រោយដោយក្រុមហ៊ុនជាតិ និងអន្តរជាតិល្បីៗមកពីបណ្តាប្រទេសក្នុងតំបន់៕

ជិន សុភ័ក្ដ្រ