PSG បិទ​ទ្វារ​ចរចា​ជាមួយ Mbappe

  • 2024-02-27 14:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ស្និទ្ធ​នឹង​ក្លឹប PSG បាន​ឲ្យ​ដឹង​ថា ក្លឹប​មិន​មាន​ចេតនា​ក្នុង​ការ​បន្ត​ការ​ចរចា​ទៀត​ទេ​ជាមួយ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ព្រោះ​កីឡាករ​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្លឹប​ទៅ​ហើយ​នៅ​ពេល​ចប់​រដូវ​កាល​នេះ។

ជាង ២ ឆ្នាំ​កន្លង​មក​នេះ ជា​ពិសេស​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក្លឹប PSG បាន​ខិត​ខំ​គ្រប់​បែប​យ៉ាង​ដើម្បី​បញ្ចុះ​បញ្ចូល Mbappe ឲ្យ​បន្ត​រួម​រស់​ជាមួយ​ក្លឹប តែ​មិន​បាន​សម្រេច។ កាល​ពី​ពេល​ថ្មីៗ​នេះ Mbappe បាន​បញ្ជាក់​ច្បាស់​ថា​ចង់​ចេញ​ពី​ក្លឹប​នា​ពេល​ចប់​រដូវ​កាល​នេះ។

យ៉ាង​នេះ​ក្ដី មាន​ការ​លេច​ឡើង​នូវ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ថា បើ​ទោះ​ជា​ Mbappe បដិសេធ​ក្ដី PSG នៅ​តែ​រិះរក​វិធី​ចង់​ឲ្យ​កីឡាករ​បារាំង​វ័យ ២៥ ឆ្នាំ​រូប​នេះ​លេង​នៅ​ក្លឹប​បន្ត​ទៀត។ សារព័ត៌មាន​ខ្លះ​ហ៊ាន​ទាំង​អះអាង​ថា PSG បាន​ពឹង​ពាក់​ដល់​ទៅ​ស្ដេច​កាតា ដើម្បី​មាន​ព្រះ​រាជ​បន្ទូល​បញ្ចុះបញ្ចូល​ផ្ទាល់​ជាមួយ Mbappe។ សូម​បញ្ជាក់​ថា ម្ចាស់​របស់​ក្លឹប PSG គឺ​ក្រុមហ៊ុន Qatar Sports Investments ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​រដ្ឋ​ធំ​មួយ​របស់​ប្រទេស​កាតា។

ទោះ​ជា​យ៉ាង​ណា ប្រភព​ស្និទ្ធ​នឹង​ក្លឹប PSG បដិសេធ​នឹង​ពាក្យ​ចចាមអារ៉ាម​មួយ​នេះ ហើយ​លើក​ឡើង​ថា​ក្លឹប​បាន​ទទួល​ស្គាល់​ហើយ​ថា Mbappe នឹង​ចាក​ចេញ​ពី​ក្លឹប ហើយ​មិន​មាន​ការ​ចរចា​អ្វី​បន្ត​ទៀត​ឡើយ។

របាយការណ៍​ចុង​ក្រោយ​បាន​លើក​ឡើង Mbappe កំពុង​ចរចា​ចូល​រួម​ជាមួយ Real Madrid ពេល​ចេញ​ពី Real Madrid។

Mbappe បាន​ចូល​រួម​ជាមួយ PSG តាំង​ពី​ឆ្នាំ ២០១៧ មក។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​សរុប ២៩២ ប្រកួត និង​ស៊ុត​ចូល ២៤៤ គ្រាប់៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល