២ឆ្នាំក្រុមជើងខ្លាំង វិសាខាឈុតធំ របូតពានធំៗ២និងប្រាក់រង្វាន់​៨០លាន​រៀល​

  • 2024-02-28 03:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេល២ឆ្នាំពោលគឺឆ្នាំ២០២៣និង២០២៤ សមាគមបាល់ទះវិសាខាឈុត​ធំ​ បានរបូតពានរង្វាន់ធំៗចំនួន២និងរបូតប្រាក់រង្វាន់រហូតដល់ទៅ៨០លានរៀល។

វិសាខា Vs បញ្ជាការដ្ឋានអង្គរក្ស វគ្គផ្ដាច់ព្រ័ត្រ

ការចាញ់ទាំងពីរពានបានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ដ្បិតគេមិននឹកស្មានថាក្រុមខ្លាំងសំបូរធនធាននៅកម្ពុជាមួយនេះទទួលបានលទ្ធផលដូច្នេះឡើយ។

ក្នុងឆ្នាំ២០២៣នៃព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ឯកឧត្ដម ស សុខា វិសាខាបានចាញ់ក្រោមថ្វីដៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហុ៣​សិត​ទល់២សិត នៅវគ្គផ្ដាច់ព្រ័ត្រនៅសាលវិមានបាល់ទះនៃពហុកីឡដ្ឋានជាតិ។

កាលនោះសិតទីមួយ វិសាខាបានយកឈ្នះព្រះសីហនុ ២៥ទល់១៦ ប៉ុន្តែចាញ់នៅសិតទីពីរវិញដោយពិន្ទុ ១៩ទល់២៥។ សិតទីបីវិសាខាបានឈ្នះពិន្ទុយ៉ាងប្រកៀកប្រកិត ២៥ទល់២២។ សិតទីបួន ព្រះសីហនុបានយកឈ្នះក្នុងលទ្ធផលពិន្ទុ ២៥ទល់២៣ និងសិតទី៥ព្រះសីហនុបានបន្តយកឈ្នះវិសាខាដោយលទ្ធផល ១៥ទល់១១។ វិសាខាឈុតធំ ចាញ់ពានលើកមួយនិងរបូតប្រាក់រង្វាន់២០លានរៀល។

ក្លឹបបញ្ជាការដ្ឋានអង្គរក្សវគ្គផ្ដាច់ព្រ័ត្រតេជោលីគ

ក្រោយបញ្ចប់ពានរង្វាន់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ពានរង្វាន់តេជោលីគ TECHO Volleyball Cambodia League រដូវកាលទីមួយ ឆ្នាំ២០២៣-២០២៤ក៏បានមកដល់។ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបើកភ្លើងខៀវឲ្យក្រុមនីមួយៗនាំចូលកីឡាករបរទេសដូចពានរង្វាន់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែរ ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម​។ ក្រុមនាំចូលកីឡាករបរទេសមានបួនក្រុមទី១ សមាគមបាល់ទះវិសាខាមានកីឡាករគុយបា៣រូប, ក្រសួងកហាផ្ទៃមានកីឡាករវៀតណាម៣រូប, បញ្ជាការដ្ឋានអង្គរក្សមានកីឡាករឥណ្ឌូណេស៊ី៤រូប (ជម្រើសជាតិ២រូប) និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានកីឡាករគុយបា១រូប។

ការប្រកួតធ្វើឡើងតាមរយៈការវិលជុំសន្សំពិន្ទុរហូតពីជុំទី១ជុំទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ វិសាខាមិនដែលចាញ់សូម្បីមួយប្រកួត ប៉ុន្តែនៅវគ្គផ្ដាច់ព្រ័ត្រពួកគេបានភ្លាត់ចាញ់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស ៣-១។ សិតទីមួយនិងទីពីរ វិសាខាចាញ់១៩-២៥, ២០-២៥។ សិតទីបីវិសាខាឈ្នះវិញ ២៥-២១ និងសិតទីបួនវិសាខាចាញ់អង្គរក្ស១៩-២៥ពិន្ទុ។ វិសាខាឈុតធំ ចាញ់ពានជាលើកពីរនិងរបូតប្រាក់រង្វាន់៦០លានរៀល។

បញ្ជាការដ្ឋានអង្គរក្សលើកពានតេជោលីគ

គួរបញ្ជាក់ថាសរុបទាំងពីរពានរង្វាន់សមាគមបាល់ទះវិសាខាឈុតធំ បានរបូតប្រាក់រង្វាន់រហូតដល់ទៅ៨០លានរៀល ខណៈឈុត B របស់ពួកគេ​ក៏​មិន​ទទួល​បាន​លទ្ធផល​ល្អ​ដែរ​ដោយ​ក្នុង​ការប្រកួត​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៣ពួកគេ​ចាញ់​ក្នុង​វគ្គ​​ជម្រុះ​ក្នុង​ពូល៕

អត្ថបទ៖ Um Sopheak

អត្ថបទថ្មី