ការសាងសង់ពង្រីកផ្លូវជាតិលេខ៧៖ អាជ្ញាធរស្នើឱ្យស៊ីម៉ាក់ ឆាប់យកចេញក្បាលគ្រាប់មិនទាន់ផ្ទុះ នៅចំណុចស្ពានទី៨
- 2024-03-12 02:44:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការសាងសង់ពង្រីកផ្លូវជាតិលេខ៧៖ អាជ្ញាធរស្នើឱ្យស៊ីម៉ាក់ ឆាប់យកចេញក្បាលគ្រាប់មិនទាន់ផ្ទុះ នៅចំណុចស្ពានទី៨
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរពាក់ពន្ធ័ និងសហការី តំណាងក្រុមហ៊ុន CRBC សាងសង់ពង្រីកផ្លូវជាតិលេខ៧ និង អាជ្ញាធរស្រុកកំពង់សៀម ចុះត្រួតពិនិត្យស្ថានភាពផលប៉ះពាល់ក្នុងដំណើការសាងសង់ និងពង្រីកផ្លូវជាតិលេខ៧ ពីរង្វង់មូលត្រើង មកសាលាស្រុកកំពង់សៀម-ក្រុងកំពង់ចាម ។
យោងតាមការបង្ហោះរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ក្រុមការងារបានជុំរុញឲ្យមន្ទីរពាក់ពន្ធ័នឹងបណ្តាញរដ្ឋ ជួយពន្លឿនការសហការ រុះរើបណ្តាញ ទឹក ភ្លើង បង្គោល ខ្សែកាប និង ស្លាកយីហោពាណិជ្ជកម្មកាត់ផ្លូវ(៤កន្លែងនៅចំណុចមុខរោងចក្រម៉េតថេត) ចេញ ឲ្យបានលឿន ។
ជាមួយគ្នានោះ អាជ្ញាធរបានស្នើឲ្យភាគីក្រុមហ៊ុន CRBC បញ្ជាក់អំពីទទឹងផ្លូវ ដែលបានកែសម្រួល ឬបង្រួមទទឹងផ្លូវកាត់បន្ថយរបៀងផលប៉ះពាល់ ដូចជានៅចំណុះ ៥០០ម៉ែត្រ ខាងលិចស្ពានគីហ៊្សូណា ជាដើម និងស្នើឱ្យខាងស៊ីម៉ាក់ មកយកក្បាលគ្រាប់(ផ្លោង)មិនទាន់ផ្ទុះ នៅចំណុចស្ពានទី៨ (pk.32+200) ឲ្យបានឆាប់ផងដែរ។
សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ប្រវែង ៤៥,៥៨គីឡូម៉ែត្រ ត្រូវបានពិធីបើកការដ្ឋានសាងសង់ និងពង្រីក កាលពីខែមករា ឆ្នាំ២០២៣។ ផ្លូវនេះ នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។
គម្រោងនេះដែរ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០,៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់៕