អាចទេ? ៣ឆ្នាំក្រោយ ឡានអគ្គិសនី នឹងមានតម្លៃទាបជាងឡានសាំង

  • 2024-03-12 03:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនយូរប៉ុន្មានទៀតទេ ពោលគឺត្រឹមរយៈពេល ៣ឆ្នាំទៀតតែប៉ុណ្ណោះ រថយន្ត​អគ្គិសនី នឹងមានតម្លៃធូរថ្លៃជាងរថយន្តចំហេះក្នុង។ នេះបើតាមការព្យាកររបស់​ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ​ Gartner របស់​សហរដ្ឋអាមេរិក។

ក្រុមហ៊ុននេះ បានអះអាង​ក្នុងរបាយការណ៍​របស់ខ្លួន​ដែល​ចេញផ្សាយ​កាលពីសប្តាហ៍មុន​ថា ថ្លៃដើម​ផលិតកម្មរថយន្តអគ្គិសនី នឹង​ធ្លាក់ថ្លៃលឿនជាង​តម្លៃអាគុយ ដែល​នឹង​ជួយឱ្យតម្លៃ​រថយន្ត EV ធ្លាក់​ថ្លៃប្រហែល ៣០-៤០ភាគរយ នៅ​ត្រឹមឆ្នាំ​២០២៧។

លោក Pedro Pacheco អនុ​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅក្រុមហ៊ុន Gartner បាន​លើកឡើងថា ការព្យាករ​ពីតម្លៃរថយន្តអគ្គិសនី​ក្នុងរយៈពេល​៣ឆ្នាំក្រោយ គឺដោយសារតែ​គំនិតច្នៃប្រឌិតថ្មីដែល​ជួយកាត់បន្ថយ​ការចំណាយ​ថ្លៃដើមផលិតកម្ម។

តែយ៉ាងណាមិញ របាយការណ៍របស់​ក្រុមហ៊ុននេះ បានលើកឡើងថា ទោះបីជារថយន្តអគ្គិសនីមានតម្លៃទាបជាងមែន ប៉ុន្តែនៅពេល​វាជួបគ្រោះថ្នាក់បុកប៉ះណាមួយ ការជួសជុលគឺ​នឹងថ្លៃជាងមុនប្រហែល ៣០% ឯណោះ។

ការធ្លាក់តម្លៃរថយន្តអគ្គិសនី មិនមែនមានន័យថា វាកំពុងជួបបញ្ហានោះទេ តែវាគ្រាន់តែជាការឈានចូលដល់ដំណាក់កាលថ្មីសម្រាប់ក្រុមហ៊ុន​ជាមួយ​ផលិតផល និងសេវាកម្ម​ដ៏ល្អបំផុត។

ខណៈ​ដែល​រថយន្តអគ្គិសនី កាន់តែពេញ​និយម​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Garner បានប៉ាន់ស្មាន​ថា ការដឹកជញ្ជូនរថយន្តអគ្គិសនី​នឹង​ឈានដល់ ១៨,៤លានគ្រឿង​ក្នុងឆ្នាំ២០២៤នេះ និង ២០,៦លានគ្រឿងនៅឆ្នាំ​២០២៥៕

អត្ថបទ៖ សំភី