កីឡាករ​អូស្ត្រាលី​ម្នាក់​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​ដំណើរ​គាំទ្រសិទ្ធិអ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​

  • 2024-03-15 12:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប​វ័យ ២៤ ឆ្នាំ Josh Cavallo បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​សុំ​ដៃ​គូ​របស់​ខ្លួន​ភ្ជាប់​ពាក្យ នៅ​ក្នុង​បរិវេណ​ក្លឹប​អូស្ត្រាលី Adelaide United ដែល​ជា​ក្លឹប​ដែល Cavallo កំពុង​ចូល​រួម​ជាមួយ​នា​ពេល​បច្ចុប្បន្ន។

រូបភាពបង្ហោះដោយ៖ Josh Cavallo

កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ កីឡាករអូស្ត្រាលី Cavallo បាន​បង្ហោះ​រូប​មួយ​ចំនួន​ក្នុង​បណ្ដាញ​សង្គម​របស់​រូប​គេ ដោយ​បាន​បង្ហាញ​ថា រូប​គេ​បាន​សុំ​ដៃ​គូ​ក្នុង​ការ​ភ្ជាប់​ពាក្យ ដោយ​បាន​និយាយ​ថា​ នឹង​ចាប់​ផ្ដើម​ឆ្នាំ​ថ្មី​ជាមួយ​គូ​ដណ្ដឹង។

ក្នុង​ពាក្យ​ពេចន៍​នៃ​ការ​បង្ហោះ​ខាង​លើ Cavallo ក៏​បាន​រំលេច​នូវ​ការ​អរគុណ​ដល់​មិត្ត​រួម​ក្រុម​នៅ​ក្លឹប Adelaide United ដែល​បាន​ចូល​រួម​រៀប​ចំ​កម្មវិធី​នេះ​ដើម្បី​ភ្ញាក់​ផ្អើល​ដៃ​គូ​របស់​គេ​បាន​យ៉ាង​ជោគជ័យ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN ព្រឹត្តិការណ៍​នេះ គឺ​ជា​ការ​បោះ​ជំហាន​មួយ​កម្រិត​ទៀត​ក្នុង​ដំណើរ​លើក​កម្ពស់​សិទ្ធិ​កីឡាករ​ដែល​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ និង​ប្រឆាំង​ការ​រើសអើង​ដល់​កីឡាករ​ដែល​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ក្នុង​វិស័យ​បាល់ទាត់។

តាម​ពិត​ទៅ Cavallo ធ្លាប់​បង្កើត​ប្រវត្តិសាស្ត្រ​ម្ដង​ហើយ កាល​ពី​ខែ​តុលា​ ឆ្នាំ ២០២១។ នា​ពេល​នោះ កីឡាករ​បាន​ប្រកាស​ជា​សាធារណៈ​ថា រូប​គេ​គឺ​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។ Cavallo គឺ​ជា​កីឡាករ​ទី​មួយ​ដែល​លេង​ក្នុង​លីគ​កំពូល​ក្នុង​វិស័យ​បាល់ទាត់​ពិភពលោក ដែល​ប្រកាស​ជា​សាធារណៈ​បែប​នេះ។ កាល​នោះ មាន​ការ​ចេញ​សារ​គាំទ្រ​ពី​សំណាក់​កីឡាករ​ល្បីៗ​ជា​ច្រើន​ដែល​លេង​ក្នុង​លីគ​កំពូលៗនៅ​អឺរ៉ុប រួម​មាន Raphael Varane, Gerard Pique និង Marcus Rashford ជា​ដើម៕

ប្រភព៖ CNN   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី