Ancelotti ប្រាប់​មូលហេតុ​រឿង​បដិសេធ​ឱកាស​ដឹកនាំ​ប្រេស៊ីល

  • 2024-03-25 14:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Real Madrid លោក Carlo Ancelotti បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​លោក​បដិសេធ​ឱកាស​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។

លោក​បាន​ប្រាប់​សារព័ត៌មាន Sky Sports ថា មូល​ហេតុ​ចម្បង​នោះ​គឺ លោក​មាន​អារម្មណ៍​ល្អ​យ៉ាង​ខ្លាំង​ជាមួយ​ Real Madrid ហើយ​ចង់​ដឹកនាំ​ក្លឹប​បន្ត​ទៀត។

កាល​ពី​អំឡុង​ទី​ផ្សារ​ដោះ​ដូរ​កាល​ក្ដៅ​ឆ្នាំ​មុន មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក Ancelotti សម្រេច​ចិត្ត​ចែក​ផ្លូវ​ជាមួយ Real Madrid នា​ពាក់​កណ្ដាល​ឆ្នាំ ២០២៤ នៅ​ពេល​ចប់​កុងត្រា​ជាមួយ​ក្លឹប។ ក្រោយ​បែក​ជាមួយ Real លោក​នឹង​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។ នេះ​គឺ​ជា​ការ​លើក​ឡើង​មួយ​ចំនួន​ក្នុង​របាយការណ៍​ជា​ច្រើន​ចុះ​ផ្សាយ​ក្នុង​អំឡុង​ពេល​នោះ។

ទោះ​ជា​យ៉ាង​ណា លោក Ancelotti បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ នៅ​ពេល​លោក​បាន​សម្រេច​ចុះ​កុងត្រា​ថ្មី​រយៈ​ពេល ២ ឆ្នាំ​ជាមួយ Real កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។ នេះ​មាន​ន័យ​ថា លោក​នឹង​ដឹកនាំ​ក្លឹប​រហូត​ដល់​ឆ្នាំ ២០២៦។

ការ​វិភាគ​ជា​ច្រើន​បាន​លើក​ឡើង​ថា លោក​ Ancelotti សម្រេច​ចិត្ត​ដូច្នេះ​ដោយ​សារ​រឿង​ហិរញ្ញវត្ថុ​។ ប្រាក់​បំណាច់​ក្នុង​ការ​ដឹកនាំ​ Real Madrid មាន​សភាព​ច្រើន​ជាង​ការ​ដឹកនាំ​ប្រេស៊ីល។ មជ្ឈដ្ឋាន​ខ្លះ​លើក​ឡើង​អំពី​ភាព​ទាក់ទាញ​របស់​ Real តាម​រយៈ​ការ​នាំ​ចូល​កីឡាករ​ល្អ​ៗ​ ហើយ​មាន​វ័យ​ក្មេង ដែល​ជា​កត្តា​សំខាន់​មួយ​ទាក់​ទាញ​ចិត្ត​លោក Ancelotti ឲ្យ​បន្ត​នៅ​ជាមួយ​ក្លឹប។ ឧទាហរណ៍​ជាក់​ស្តែង Real កំពុង​ព្យាយាម​ក្នុង​ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​វ័យ ២៥ ឆ្នាំ Kylian Mbappe ដែល​នឹង​ដាច់​កុងត្រា​ជាមួយ PSG នៅ​ខែ​មិថុនា​ខាង​មុខ។

លោក Ancelotti មាន​ប្រវត្តិ​ដឹកនាំ​ Real ចំនួន​ពីរ​លើក។ លើក​ទី​មួយ គឺ​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៥។ លើក​ទី​ពីរ​ គឺ​ចាប់​ពី​ឆ្នាំ ២០២១ ដល់​ពេល​បច្ចុប្បន្ន។ លោក​បាន​ជួយ​ក្លឹប​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​រួម​មាន Champions League ចំនួន ២ លើក Super Cup ២ លើក Club World Cup ២ លើក និង​ពាន​លីគ​កំពូល​អេស្ប៉ាញ​ចំនួន​មួយ​លើក៕

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី