ក្រោយ​បើកការដ្ឋាន​បាន១ឆ្នាំ! តើផ្លូវជាតិ​លេខ៧ ពីរង្វង់មូលស្គន់ ដល់ស្ពានគីហ្សូណា ដំណើរការសាងសង់​បាន​ប៉ុនណាហើយ?

  • 2024-03-26 03:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបើកការដ្ឋាន​កាលពីខែមករា ឆ្នាំ​២០២៣ គម្រោង​ពង្រីក និង​លើក​កម្រិតគុណភាព​កំណាត់ផ្លូវជាតិ​លេខ៧ ពីរង្វង់មូល​ស្គន់ ដល់​រង្វង់មូល​ស្ពានគីហ្សូណា ក្រុង​កំពង់ចាម ខេត្តកំពង់ចាម មកដល់​ពេលនេះ​សម្រេច​បាន​ដូចជា៖ ការងារ​ឈូសឆាយ​មួយចំហៀងមានប្រវែង ៣៨គ.ម សម្រេចបាន ៤១,៧៦% និងចាក់បំពេញផ្លូវបាន ២២,៥៩ ម៉ឺនម៉ែត្រគីប សម្រេចបាន១៦,៥៥%។ រីឯការងារសាងសង់​ស្ពានសម្រេចគ្រឹះស្ពានចំនួន ៤៤ ដើម សម្រេចបាន ៧៣,៣៣% ក្បាលគ្រឹះស្ពាន ៨ សម្រេចបាន ៥០% និងតួរគ្រឹះស្ពានបានចំនួន ៥ សម្រេចបាន៣១,២៥%។ ការងារសាងសង់លូ គឺលូមូលសម្រេចបានចំនួន ២៨ កន្លែង (មួយចំហៀង) សម្រេចបាន២៦,៩២%។ នេះបើ​តាម​ការបញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន CRBC ក្នុងកិច្ចប្រជុំ​មួយ​ជាមួយរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២៤។

ក្នុងឱកាសនោះ​ដែរ ឯកឧត្តម អ៊ុន ចាន់ដា បានមាន​ប្រសាសន៍​ថា កន្លងមកនេះក្រុមការងារដោះស្រាយផលប៉ះពាល់ បានខិតខំដោះស្រាយជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណា​មិនឱ្យស្ទះការងារ​របស់ក្រុមហ៊ុននោះទេ ។

ជាមួយគ្នានេះ ឯកឧត្តម លឹម ស៊ីដេនីន បានថ្លែងថា កិច្ចប្រជុំនេះមានគោលបំណង ត្រួតពិនិត្យនៃវឌ្ឍនភាពការងារ សាងសង់កែលម្អផ្លូវជាតិលេខ ៧ ពីស្គន់ ស្រុកជើងព្រៃ មកក្រុងកំពង់ចាម ក្នុងការដោះស្រាយការងារនៅមូលដ្ឋាន ក៏ដូចជាសំណូមពរ ពីក្រុមហ៊ុន សាងសង់ ធ្វើយ៉ាងណាឲ្យគម្រោងនេះ បានសម្រេចទៅតាមការគ្រោងទុក ធ្វើយ៉ាងណាឱ្យបានជាផ្លូវ ៤ គន្លង ដើម្បីសម្រួលដល់ ការរស់នៅរបស់ប្រជាជន មានកំណើនសេដ្ឋកិច្ច និងសង្គម។

ការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ផ្តើមពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលផ្លូវនេះនឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ ហើយការដ្ឋាននឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៦។

គម្រោងនេះដែរ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០,៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់៕

អត្ថបទ៖ សំភី