ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ ​ខេត្ត​ព្រះសីហនុ ​បញ្ចប់​ដោយ​ជោគជ័យ​ ខណៈ​អ្នក​ជំនាញ​គ្រោង​រៀបចំ​ ៤២​គីឡូម៉ែត្រ​បន្ថែម​ទៀត​

  • 2024-04-08 05:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ លើក​ទី៩​ ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​បញ្ចប់​ដោយ​ជោគជ័យ​ និង​មិន​មាន​ការ​ត្អូញត្អែរ​ណា​មួយ​ទេ​ពី​បណ្ដា​អ្នក​ចូលរួម​ទាំង​ជាតិ​ និង​អន្តរជាតិ​ កាល​ពី​ម្សិលមិញ​នេះ។​

ទិដ្ឋភាពនៅខេត្តព្រះសីហនុម្សិលមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ចូលរួម​មិន​ថា​ខ្មែរ​ ឬ​បរទេស​នោះ​ទេ​គឺ​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​រៀបចំ​ ពិសេស​សុវត្ថិភាព​ពេល​រត់​តែ​ម្ដង។​ អ្នក​រៀបចំ​ និង​សមត្ថកិច្ច​ បាន​បិទ​ផ្លូវ​ ថែរក្សា​សុវត្ថិភាព​ពេល​កំពុង​រត់​បាន​ល្អ​ ដោយ​មិន​មាន​ការ​ត្អូញត្អែរ​ណា​មួយ​ពី​អ្នក​ចូលរួម​រត់​នោះ​ទេ​កាល​ពី​ម្សិលមិញ​នេះ។​

ទិដ្ឋភាពនៅខេត្តព្រះសីហនុម្សិលមិញ

អ្នក​ជំនាញ​ផ្នែក​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ ព្រឹត្តិការណ៍​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ ក្នុង​ខេត្ត​ព្រះសីហនុ​ នេះ​គឺ​បាន​ចុះ​បញ្ជី​ក្នុង​អង្គការ​រត់​ប្រណាំង​ពិភពលោក​ហើយ។​ ការ​ប្រកួត​នេះ​ដែរ​ក៏​ជា​ការ​ស្ទាបស្ទង់​មួយ​ផង​ដែរ​ដើម្បី​ឈាន​ទៅ​រៀបចំ​ការ​ប្រកួត​ម៉ារ៉ាតុង​ ៤២​គីឡូម៉ែត្រ​នៅ​ពេល​ឆាប់​ខាង​មុខ​មួយ​កម្មវិធី​ទៀត។​ ចំពោះ​ចម្ងាយ​ផ្លូវ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ល្អ​ មាន​គ្រប់គ្រាន់​ហើយ​សម្រាប់​រៀបចំ​ ដូច្នេះ​ប្រសិន​បើ​ការ​ស្ទាបស្ទង់​មាន​អ្នក​ចង់​ចូលរួម​ច្រើន​ និង​អង្គការ​រត់​ប្រណាំង​ពិភពលោក​ចុះ​មក​វាស់វែង​ផ្លូវ​ថា​ត្រឹមត្រូវ​តាម​ស្តង់ដារ​ហើយ​នឹង​ឈាន​ដល់​ការ​រៀបចំ​ឡើង​ក្នុង​ពេលវេលា​សមស្រប។​

ទិដ្ឋភាពនៅខេត្តព្រះសីហនុម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ លើក​ទី៩​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៧​ ខែ​មេសា​ ឆ្នាំ​២០២៤​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។​ កីឡាករ​ កីឡា​ការិនី​ ជាតិ-អន្តរជាតិ​ ចូលរួម​សរុប​ខ្ទង់​ ១ ៦០០នាក់។​ ម្សិលមិញ​នេះ​ដែរ​មាន​ការ​ចូលរួម​ជា​អធិបតីភាព​ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុ​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត៕​

ទិដ្ឋភាពនៅខេត្តព្រះសីហនុម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី