ជី សិលា៖ ដំណើរអាជីវកម្មខ្លះ កើតចេញពីបទពិសោធន៍ជីវិត ក្ដីស្រមៃនិងមហិច្ឆតា
- 2024-04-10 11:51:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជី សិលា៖ ដំណើរអាជីវកម្មខ្លះ កើតចេញពីបទពិសោធន៍ជីវិត ក្ដីស្រមៃនិងមហិច្ឆតា
ចន្លោះមិនឃើញ
ច្បាស់ណាស់ម្នាក់ៗមានដំណើរជីវិត មានសាច់រឿងជីវិត ការប្រកបការងារ ឬរបរអាជីវកម្មមិនដូចគ្នាទាំងស្រុងទេ។ ជីវិតយើងម្នាក់ៗនេះ បើប្រៀបធៀបសាច់រឿងទៅនឹងរឿងកុន គឺទាមទារឲ្យមានអ្នកផលិត និងអ្នកដឹកនាំល្អ ទើបបានសាច់រឿងល្អ និងជោគជ័យ។ បើយើងជាម្ចាស់ជីវិតយើងគឺប្រៀបដូចជាអ្នកដឹកនាំសាច់រឿងយើងអ៊ីចឹងដែរ បើយើងពូកែ ការរកស៊ីក៏ល្អ រីកចម្រើនទៅតាមនោះដែរ ប៉ុន្តែអាជីវកម្មខ្លះ កើតចេញពីបទពិសោធន៍ជីវិតពិត និងទាមទារឲ្យមានមហិច្ឆតានិងការស្រមៃមកជាមួយ។
ក្រោមប្រធានបទ ដំណើររឿងសម្រាប់ជីវិតរបស់អ្នក ជាង មួយម៉ោង នៅក្នុងកម្មវិធី ពិព័រណ៍ធុរកិច្ចនិងដៃគូពាណិជ្ជកម្មដែលរៀបចំដោយក្រុមហ៊ុន អ អិម អេ (RMA) ព្រឹកថ្ងៃទី ១០ មេសា ២០២៤ លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានលើកឡើងថា រៀបរាប់ពី បទពិសោធន៍ បំណិនជីវិតពិត ដែលផ្សារភ្ជាប់ទៅនឹងដំណើរការអាជីវកម្ម។
"មិនថាកុន មិនថាជីវិតពិត មិនខុសអីពីការរកស៊ីទេ គឺទាមទារឲ្យយើងម្នាក់ៗរៀបចំប្លង់ លំហូរសាច់រឿង ផ្គុំសាច់រឿង(ប្លង់)តូចៗ ទៅជាប្លង់មេធំមួយ សម្រិតសម្រាំងណាស់ ទើបអាជីវកម្មទៅមុខរួចហើយឈរជើងបាន"។ វាគ្មិន ជី សិលា បញ្ជាក់ពីការប្រៀបធៀប។
លោកបានរំលឹកពីប្រវត្តិនៃការកកើតក្រុមហ៊ុន Sabay ដោយលើកជាសំណួរថា "អ្នកទាំងអស់គ្នាដឹងអត់ថា ម៉េចបានខ្ញុំដាក់ឈ្មោះក្រុមហ៊ុន Sabay?" លោកបន្ដបកស្រាយថា "ឈ្មោះអាជីវកម្មដាក់អីក៏បានដែរ ប៉ុន្ដែខ្ញុំគ្រាន់តែចង់បញ្ជាក់ពីដំណើរដើមទងនៃឈ្មោះ"។
វាគ្មិនបន្ដរៀបរាប់ថា ក្រុមហ៊ុនSabay គិតមកទល់ពេលនេះ មានអាយុកាលជិត ២០ឆ្នាំហើយ តាំងពីឆ្នាំ ២០០៧។ មានពេល១ ឆ្នាំ ២០០៦ លោកបានអានទស្សនាវដ្ដីលើអាកាសចរណ៍មួយដែលវាយតម្លៃចំណាត់ថ្នាក់កម្រិតសុខសុភមង្គលរបស់បណ្ដាប្រទេសនានាលើសាកលលោក ហើយបើរាប់គិតប្រទេសអស់នោះ កម្ពុជាយើងនៅចំណាត់ថ្នាក់ឆ្ងាយ ឈរលេខរៀងទី១០០ជាង។ អានអត្ថបទមួយនេះចប់ ខ្ញុំនឹកគិតថា ចុះខ្ញុំអាចធ្វើអីបានខ្លះ ដើម្បីឲ្យប្រជាជនខ្មែរយើងពិសេសយុវជន មានការគិតវិជ្ជមាន ធ្វើរឿងសប្បាយៗ ល្អៗ ក្រៅពីបន្តបង្ហាញភាពសោកសៅ តក់ស្លុតភ័យខ្លាច? មួយឆ្នាំ ក្រោយ (ឆ្នាំ ២០០៧) Sabay ក៏បានកកើតឡើង ដែលផ្ដល់ការកម្សាន្តសប្បាយ បន្ដហូរហែរផ្សពផ្សាយព័ត៌មានវិជ្ជមាន ជាគំរូ ល្អៗជាច្រើនដល់យុវជន។ លោកថា ទោះជាយើងអត់បានជួយអីដល់សង្គមបានគ្រប់ជ្រុងជ្រោយ ហោចណាស់ឈ្មោះ "Sabay – សប្បាយ" ក៏បានបង្ហាញពីឆន្ទៈ និងមហិច្ឆតាដើម្បីរូបភាពវិជ្ជមាន ទៅតាមលទ្ធភាព។
ក្រៅពីឈ្មោះ និងសកម្មភាពរបស់ Sabay ដែលដំណើរការជាង ១០ឆ្នាំ មកនេះ ជី សិលា ក៏បានរំលឹកដល់វត្តមាន កសិដ្ឋានទឹកដោះគោស្រស់ក្នុងស្រុក គិរីសួគ៌ថា មានគោច្របាច់យកទឹកដោះ ជាមហិច្ឆតាតាំងពីជាង ៣០ឆ្នាំមុន។ តើដំណើររឿងនេះ ប្រទាក់ក្រឡាបែបម៉េច បានជាលោកនិពន្ធនិងផលិតសាច់រឿងគិរីសួគ៌ ឲ្យលេចផុសជារូបរាងដូច្នេះ?
"មួយក្អឹកដំបូង ដូចបានហោះផុតផែនដី...ឆ្ងាញ់ណាស់"។
នេះជាការរំលឹកពីគ្រាដែលលោកទទួលបានទឹកដោះគោជាម្សៅកូរលាយជាមួយទឹកក្ដៅឧណ្ហៗ ដែលអ្នកគ្រូចែកឲ្យមួយកូនកែវ ឆ្នាំ ៨០ជាង កាលពីរៀនបឋម។ ត្រូវហើយ មួយខែយើងបានទឹកដោះគោញ៉ាំតែមួយកូនកែវតូចទេ លោកគិតថា ចុះធ្វើម៉េចទើបបានផឹករាល់ថ្ងៃណ៎? គិតរឿងឆ្ងាញ់រសជាតិជាប់មាត់បណ្ដើរ គិតរឿងអនាគតបណ្ដើរថា បើមានឱកាសថ្ងៃណាមួយ អាចចិញ្ចឹមគោហើយច្របាច់ទឹកដោះបានផឹករាល់ថ្ងៃមិនដឹងល្អយ៉ាងណាទេ។
ពីក្មេងថ្នាក់បឋមសិក្សាឆ្នាំ ១៩៨០ជាង រហូតឆ្នាំ ២០១៦ ទោះជាមានជំនួញច្រើនក្នុងដៃ លោកក៏បានរៀនសូត្រ កៀគរ ដើមទុន អ្នកវិនិយោគ បោះទុនលើកសិដ្ឋាន គិរីសួគ៌នេះ ជាង ១០លានដុល្លារ និងបន្ដផលិតទឹកដោះគោស្រស់បានប្រមាណជា ១៥ ០០០លីត្រជារៀងរាល់ថ្ងៃ ក្រោយទស្សនកិច្ចទៅប្រទេសអ៊ីស្រាអែល ឃើញពីភាពរីកចម្រើន បច្ចេកវិទ្យា។
"គិតទៅជាង ៣០ឆ្នាំ បានអាជីវកម្មទឹកដោះគោស្រស់នេះកើតបានតាមក្ដីស្រម៉ៃ និងមហិច្ឆតាពីក្មេង"។ លោកបន្ថែម៕