ផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង សម្រេច​សាងសង់​បានពាក់កណ្តាលហើយ និងគ្រោងបញ្ចប់​ចាក់កៅស៊ូ​ឆ្នាំក្រោយ

  • 2024-04-18 08:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹង​នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០២៤នេះ​ថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៥២.១២% ហើយ។ នៅរដូវប្រាំង ត្រឹមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ត្រូវសម្រេចឱ្យបាន ៦០%។

ឯកឧត្តម សូរ វ៉ិចទ័រ ប្រធានគម្រោង បានបញ្ជាក់ថាពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ដោយការដ្ឋានកំពុងមមាញឹកខ្លាំង ក្នុងការអ៊ុត AC ជាបន្តបន្ទាប់។

ឯកឧត្តមបន្តថា នៅរដូវវស្សាឆ្នាំ២០២៤ នេះ ក្រុមការងារបានធ្វើការងារ Base Course បានជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់ នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខ។ ទន្ទឹមនឹងវឌ្ឍនភាព គម្រោងនេះក៏ជួបភាពយឺតយ៉ាវខ្លះមកផងដែរ ដែលបណ្តាលមកពីបញ្ហាកូវីដ-១៩ និងកត្តាភូមិសាស្ត្រ។ តំបន់នោះនារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៦ខែក្នុងមួយឆ្នាំ ដូច្នេះរយៈពេលនៃការអនុវត្តការងារមានពេលតែ ៦ខែ។

សូមបញ្ជាក់ថា ជាទូទៅ ប្រវែងផ្លូវ ១៤៨ គីឡូម៉ែត្រ តម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ (Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះដូចជា ពង្រីកទំហំផ្លូវ ២គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ កាត់ចំណោតភ្នំបន្ថែម កាត់បន្ថយចំណោតផ្លូវបន្ថែម ពង្រីកពី២គន្លង ទៅ ៤គន្លង នៅ PK84 ជាដើម។ល។ រាល់ការពិនិត្យត្រូវមានលក្ខណៈហ្មត់ចត់ លទ្ធផលខ្ពស់ជាងស្តង់ដារកំណត់ និងមានទិន្នន័យតាមដានទាំងអស់ទាំងកាលបរិច្ឆេទ និងចំណុចដែលបានត្រួតពិនិត្យ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម