សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់មូលហេតុដែលមិនបង្កើតមូលនិធិសង់ព្រែកជីកហ្វូណនតេជោ

  • 2024-04-29 08:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា ពេលនេះ​រាជរដ្ឋាភិបាល​មិនមានតម្រូវការឱ្យបងប្អូន​ប្រជាពលរដ្ឋ ចូលរួមថវិកាគាំទ្រ​ការសាងសង់​ព្រែកជីកហ្វូណនតេជោ​នោះទេ ព្រោះថា រាល់គម្រោងនីមួយៗ គឺសុទ្ធតែត្រូវបានគិតគូរពី​ហិរញ្ញវត្ថុ​សម្រាប់សាងសង់​រួចមកហើយ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធីសំណេះសំណាល​ជាមួយថ្នាក់ដឹកនាំ​អង្គការវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២៤។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន​ថ្លែងថា ត្រឹម​តែទឹកចិត្ត​ស្មារតីជាតិនិយម​របស់​បងប្អូន​ប្រជាពលរដ្ឋ មកលើគម្រោងព្រែកជីកហ្វូណនតេជោ គឺ​ជាការគាំទ្រ​យ៉ាងធំធេង​បំផុត​ គឺធំជាងថវិការាប់ពាន់លានដុល្លារទៅទៀត ហើយនេះ​ជាកម្លាំងជាតិនិយម ដើម្បីផលប្រយោជន៍ជាតិ និងភាពម្ចាស់ការ តកូនតចៅ។

សម្តេច ហ៊ុន ម៉ាណែត បាន​បញ្ជាក់បន្ថែមទៀតថា បើទោះ​បី​មាន​ ឬមិនមាន​ការវិនិយោគពីបរទេសចំពោះគម្រោងនេះ ក៏កម្ពុជាដាច់ខាតត្រូវតែធ្វើឱ្យបាន។ «យើងបានរៀបចំសេណារីយ៉ូ ៣តង់ រួចមកហើយ បើសិន​បើគ្មានបរទេសចូល យើងនឹងធ្វើឱ្យបាន វាគ្មានខាតអីទេ។ សេណារីយ៉ូ ៣ដំណាក់ ដែល​ត្រូវធានាឱ្យបាន គម្រោងនេះ​ដាច់ខាតត្រូវតែធ្វើឱ្យចេញ»។

គម្រោងព្រែកជីកហ្វូណនតេជោ អាច​នឹង​បើកការដ្ឋាន​សាងសង់​ក្នុង​អំឡុងត្រីមាសទី៤ ឆ្នាំ​២០២៤ខាងមុខនេះ។ គម្រោង​នេះ មាន​ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើម​ពីចំណុចព្រែកតាកែវ​ទន្លេមេគង្គ ឆ្លងកាត់​តាមព្រែក​តាឯក​នៃទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេបាសាក់​ស្រុកកោះធំ និង​បន្តរហូតដល់​សមុទ្រខេត្តកែប ពោលគឺ​ត្រូវ​ឆ្លងកាត់​ខេត្ត​ចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ២លាននាក់ រស់នៅ​អមសងខាង​ផ្លូវទឹកនេះ។

គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី