Ronaldo ឈ្នះ​ Juventus រឿង​ក្ដី​ក្ដាំ​ពាក់ព័ន្ធ​រឿង​មិន​បើក​ប្រាក់​ឈ្នួល​រាប់លាន​ដុល្លារ

  • 2024-04-18 11:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ឈ្នះ​ក្លឹប Juventus លើ​សំណុំ​រឿង​ក្ដី​ក្ដាំ​រឿង​ក្លឹប​មិន​បើក​ប្រាក់​ឈ្នួល​សរុប​ជាង ២០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឲ្យ​កីឡាករ​ព័រទុយហ្គាល់ នៅ​ពេល​ដែល​រូប​គេ​នៅ​រួម​រស់​ជាមួយ​ក្លឹប​ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២១។

ដើម​ហេតុ​​នៃ​រឿង​ក្ដី​នេះ គឺ​កើត​ឡើង​ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ-១៩។ កាល​នោះ​ ក្លឹប Juventus ក៏​ដូច​ជា​ក្លឹប​ដទៃ​ទៀត​ដែរ​នៅ​អឺរ៉ុប​បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បើក​ប្រាក់​ឈ្នួល​ដល់​កីឡាករ​ និង​បុគ្គលិក​ក្លឹប​ផ្សេង​ទៀត។ ហេតុ​ដូច្នេះ ក្លឹប Juventus បាន​ចរចា ហើយ​ព្រម​ព្រៀង​ជាមួយ​កីឡាករ​ដែល​រួម​រស់​ជាមួយ​ខ្លួន​ក្នុង​នោះ​រួម​មាន Cristiano Ronaldo ផង ក្នុង​ការ​ពន្យារ​ពេល​បើក​ប្រាក់​ឈ្នួល​រយៈ​ពេល ៤ ខែ​ក្នុង​ចន្លោះ​ពេល​ពី​ខែ​មីនា ២០២០ ដល់​ខែ​មេសា ២០២១ ដែល​នៅ​ពេល​នោះ​ក្លឹប​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ខ្លាំង។ ក្នុង​ករណី​ Ronaldo គឺ​ក្លឹប​ Juventus ជំពាក់​ប្រាក់​ឈ្នួល​សរុប​ប្រមាណ ២០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ទោះ​ជា​យ៉ាង​ណា គិត​មក​ទល់​ពេល​នេះ ក្លឹប​ Juventus នៅ​តែ​មិន​ទាន់​បើក​ប្រាក់​ជំពាក់​នេះ​ទៅ​ឲ្យ Ronaldo។ ហេតុ​នេះ ទើប​នៅ​វេលា​ឆ្នាំ​មុន Ronaldo បាន​ប្ដឹង​ក្លឹប​យក្ស​មួយ​នេះ​ទៅ​តុលាការ​អ៊ីតាលី​ដើម្បី​ដេញ​ដោល​ដោះ​ស្រាយ​រឿង​មួយ​នេះ។​ ជា​លទ្ធផល ក្នុង​សប្ដាហ៍​នេះ តុលាការ​សម្រេច​កាត់​ក្ដី​ឲ្យ​ Ronaldo ឈ្នះ ហើយ​ក្លឹប Juventus ត្រូវ​បើក​លុយ​ជាង ២០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឲ្យ Ronaldo។ គិត​គូរ​ក្រោយ​បង់​ពន្ធ​រួច Ronaldo ទទួល​បាន​ថវិកា​ប្រមាណ​ជិត ១០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ក្លឹប​ Juventus។

ការ​ឈ្នះ​ក្ដី​របស់ Ronaldo នេះ បង្ក​ជា​សម្ពាធ​ថ្មី​បន្ថែម​ទៀត​ដល់​ក្លឹប Juventus ដែល​កំពុង​ជំពាក់​ប្រាក់​ឈ្នួល​ដល់​កីឡាករ​ផ្សេង​ទៀត ដែល​ក្លឹប​មិន​ទាន់​បើក​ឲ្យ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់​ក្លឹប​មិន​ទាន់​មាន​ភាព​ប្រសើរ​ឡើង​នៅ​ឡើយ ហើយ​ទាម​ទារ​ពេល​ដើម្បី​រក​វិធី​ក្នុង​ការ​ដោះ​ស្រាយ​រឿង​ជំពាក់​ប្រាក់​ឈ្នួល​ដ៏​ច្រើន​សម្បើម​នេះ។

កាល​ពី​ឆ្នាំ ២០១៨ ក្លឹប Juventus បាន​ផ្ទេរ​ចូល​កីឡាករ​ Crisitiano Ronaldo ពី​ក្លឹប Real Madridក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ១២៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ កីឡាករ​ព័រទុយហ្គាល់​បាន​ចំណាយ​ពេល​ចំនួន ៤ រដូវ​កាល​នៅ​ក្លឹប​អ៊ីតាលី ហើយ​លេង​បាន ១៣៤ ប្រកួត និង​ស៊ុតចូល ១០១ គ្រាប់។ បន្ទាប់​មក Ronaldo បាន​សម្រេច​ត្រលប់​មក​បិសាច​ក្រហម Manchester United នៅ​ឆ្នាំ ២០២២។ នៅ​អង់គ្លេស​ជាង​មួយ​ឆ្នាំ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​វ័យ ៣៩ ឆ្នាំ បាន​សម្រេច​មក​ចូល​រួម​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីតAl Nassr នៅ​ឆ្នាំ ២០២៣ ហើយ​លេង​នៅ​ទី​នោះ​រហូត​ដល់​ពេល​បច្ចុប្បន្ន៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី