តស់! ចូលរួមទាំងអស់គ្នាក្នុងយុទ្ធនាការដាំកូនត្នោតចំនួន ២ម៉ឺនគ្រាប់ នាដើមរដូវវស្សា ឆ្នាំ២០២៤ នេះ
- 2024-04-22 05:10:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តស់! ចូលរួមទាំងអស់គ្នាក្នុងយុទ្ធនាការដាំកូនត្នោតចំនួន ២ម៉ឺនគ្រាប់ នាដើមរដូវវស្សា ឆ្នាំ២០២៤ នេះ
ចន្លោះមិនឃើញ
អង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍ ប្រកាសបើកយុទ្ធនាការប្រមូលគ្រាប់ត្នោតចំនួន ២ម៉ឺនគ្រាប់ ដើម្បីយកទៅដាំ តាមព្រំប្រទល់ដីសហគមន៍ចំនួន ៥ ក្នុងខេត្ដកំពង់ធំ និងខេត្ដព្រះវិហារ។ គោលដៅចម្បងក្នុងយុទ្ធនាការនេះ គឺ ដើម្បីបង្កើនពហុប្រយោជន៍ក្នុងសហគមន៍ បង្កើនជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន អង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍(AFD) បញ្ជាក់ថា សហគមន៍ព្រៃឈើទាំង ៥ គឺមានសហគមន៍អូរអង្គប់ សហគមន៍ព្រៃសណ្ដែកវាល និងសហគមន៍ព្រៃឈើអូរសោម ក្នុងខេត្ដកំពង់ធំ និងសហគមន៍ព្រៃឈើពីរផ្សេងទៀតស្ថិតក្នុងខេត្ដព្រះវិហារ គឺសហគមន៍ភ្នំដែកចំបក់ហោះ និងសហគមន៍សាមគ្គីត្រពាំងទឹម។
នាយកប្រតិបត្ដិ នៃអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ លោក សោម សុភ័ក្រ បានប្រាប់Sabay នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ថា យុទ្ធនាការប្រមូលគ្រាប់ត្នោត ចាប់ផ្ដើមពីពេលនេះ រហូតដល់ចុងខែមិថុនា គឺចំពេលដែលមានភ្លៀងធ្លាក់ជោគជាំអាចយកគ្រាប់ត្នោតទាំងនោះទៅដាំ ហើយមានឱកាសរស់ច្រើន។ លោកថា គិតត្រឹមម៉ោងនេះ មានមិត្ដភក្ដិ និងសមាជិកសហគមន៍មួយចំនួនធំហើយបាននាំគ្នាប្រមូលគ្រាប់ត្នោតទុក ហើយបើគម្រោងមួយនេះ ទទួលបានជោគជ័យ នោះអង្គការរបស់លោកនឹងពង្រីកគម្រោងទៅដាំក្នុងសហគមន៍ព្រៃឈើផ្សេងៗទៀត។
លោក សោម សុភ័ក្រ៖ “យើងចង់បង្កើតផ្នត់គំនិតស្រឡាញ់ព្រៃឈើឲ្យកាន់តែខ្លាំង ជាពិសេសដើមត្នោតនេះយើងមិនទាន់ឃើញមានគោលការណ៍ដាំវាឲ្យបានច្បាស់លាស់ទេ ក្នុងពេលដែលដើមត្នោតជិតផុតពូជទៅហើយ។ ខ្ញុំយល់ថា វានឹងផ្ដល់ប្រយោជន៍ច្រើនដល់សហគន៍ផ្ទាល់ដូចជា ជួយពង្រឹងលើកំណត់ព្រំដីសហគមន៍ ហើយគ្រួសារខ្លះដែលជីវភាពខ្វះខាត គឺពួកកាត់អាចអាស្រ័យផលដូចជាកាប់យកស្លឹក ឬឡើងត្នោត”។
អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ចាត់ទុកថាការចូលរួមរបស់មហាជន សមាជិកសហគមន៍ និងដៃគូពាក់ព័ន្ធក្នុងការចូលរួមដាំស្ដារព្រៃឈើឡើងវិញ ជាពិសេសការបង្កើនដាំដើមត្នោតដែលជាប្រភេទរុក្ខជាតិជិតផុតពូជនៅពេលនេះ គឺជាការរួមចំណែកយ៉ាងធំក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាសកល និងបង្កើនសុវត្ថិភាពដល់ព្រៃសហគមន៍។
ច្បាប់ស្ដីពីព្រៃឈើ ជំពូក៩ មាត្រា៤៧ ចែងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចផ្ដល់ការលើកទឹកចិត្ដ ដើម្បីបង្កើនប្រសិទ្ធភាព នៃការដាំដុះ តាមរយៈការប្រគល់លិខិតសរសើរ ប័ណ្ណសរសើរ និងប្រគល់គ្រឿងឥស្សរិយយស។ ផ្តល់ជំនួយអភិវឌ្ឍន៍ដោយផ្ទាល់ក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ពន្យាររយៈពេលកិច្ចព្រមព្រៀងសម្រាប់ព្រៃសហគមន៍។ និងជួយផ្សព្វផ្សាយពីសកម្មភាពមានស្នាដៃនានា របស់ដៃគូអភិវឌ្ឍ ឬសហគមន៍។
ដើមត្នោត គឺជាអត្ដសញ្ញាណ នៃទេសភាពទឹកដីខ្មែរ។ ក្រៅរក្សាអត្ដសញ្ញាណ ក៏ជាប្រភេទរុក្ខជាតិផ្ដល់ប្រយោជន៍៍ច្រើន ហើយថ្មីៗនេះគេឃើញមានគម្រោងបណ្ដុះកូនត្នោត និងយកទៅដាំលម្អរតាមដងផ្លូវជាទ្រង់ទ្រាយធំលើកដំបូងស្ថិតនៅក្បែផ្លូវល្បឿនលឿនក្នុងទឹកដីព្រំប្រទល់ខេត្ដព្រះសីហនុ និងខេត្ដកំពង់ស្ពឺ។ ចំណែកគម្រោងដែលរៀបចំឡើងដោយអង្គការ សកម្មភាពដើម្បីអភិវឌ្ឍន៍នៅពេលនេះ អាចចាត់ទុកជាគម្រោងដាំដុះកូនត្នោតខ្នាតធំលើកទី២ ប៉ុន្ដែត្រូវអនុវត្ដគម្រោងនៅក្នុងខេត្ដដែលធ្លាប់សម្បូរព្រៃឈើ និងឈើប្រណីតៗច្រើន គឺកំពង់ធំ និងព្រះវិហារ៕