ក្លឹប​ Manchester ទាំង​ពីរ​នឹង​ប៉ះគ្នា​នៅ​វគ្គផ្ដាច់ព្រ័ត្រពាន FA

  • 2024-04-22 13:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester ទាំងពីរ​រួម​មាន​ក្លឹប Manchester City និង​ក្លឹប Manchester United នឹង​ត្រូ​វប៉ះគ្នា​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​នៅ​ក្នុង​ស្រុក​អង់គ្លេស​គឺ ពាន​សមាគមបាល់ទាត់​ ឬ ហៅ​ជា​ភាសា​អង់គ្លេស​ថា FA Cup។

ការ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្លឹប​ទាំង​ពីរ​បាន​យក​ឈ្នះ​គូ​ប្រកួត​របស់​ខ្លួន​រៀងៗ​ខ្លួន​នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Manchester City បាន​ប៉ះ​នឹង​ក្លឹប​តោ​ខៀវ​ Chelsea កាល​ពី​ថ្ងៃ​សៅរ៍។ ក្លឹប​ដែល​មានរហស្សនាម​មេឃខៀវ​ទីក្រុង​មេនឆេនស្ទើរ​មួយ​នេះ បាន​យកឈ្នះ​ខាង​តោខៀវក្នុង​លទ្ធផល ១ ទល់​នឹង​ ០ ក្នុង​ប្រកួត​មួយ​ដែល​បាន​ជ័យជម្នះ​យ៉ាង​ប្រផិតប្រផើយ។

រឹត​តែ​ហួសចិត្ត​ជាង Manchester City ខាង​បិសាចក្រហម​ Manchester United បាន​ប៉ះ​នឹង​ក្លឹប​លីគ​ទី ២អង់គ្លេស​ Coventry កាល​ពី​ថ្ងៃអាទិត្យ។ នៅ​ត្រឹម​នាទី​ទី៥៨ ខាង​បិសាចក្រហម​បាន​នាំមុខ​ ខាង​ក្លឹប​លីគទី២អង់គ្លេស​ក្នុង​លទ្ធផល ៣ ទល់​នឹង ០។ យ៉ាងណាមិញ បញ្ចប់​ការ​ប្រកួត​ត្រឹម​នាទីទី៩០ ការប្រកួត​បាន​ត្រលប់​មក​ស្មើ​គ្នា​ក្នុង​លទ្ធផល ៣ ទល់​នឹង ៣។ ជាកុសល​ល្អ ខាង Manchester United បាន​យក​ឈ្នះ​ Coventry នៅ​ក្នុង​ការ​ទាត់​បាល់​ប៉េណាល់ទី។

សូមជម្រាបផងដែរ​ថា ការ​ប្រកួត​ FA Cup វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ២០២៤ នៅ​កីឡដ្ឋាន​ជាតិ​អង់គ្លេស​វេមប្ល៊ី។ នេះ​គឺ​ជា​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup លើក​ទី២ ក្នុង​រយៈ​ពេល ២​រដូវ​កាល​ជាប់គ្នា ដែល​ក្លឹប​យក្សទាំង​ពីរ​ប៉ះ​គ្នា។ ក្នុងវគ្គ​ Final កាល​ពី​ថ្ងៃ​ទី ៣ ខែមិថុនា ឆ្នាំ​មុន ក្លឹប Manchester City ជា​ក្លឹប​ដែល​បាន​លើក​ពានមួយ​នេះ ដោយ​បាន​យក​ឈ្នះ Manchester United ក្នុងលទ្ធផល ២ ទល់​នឹង ១៕

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម