អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លឹបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន

  • 2024-04-29 13:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានចូលរួមទស្សនាដោយផ្ទាល់ក្នុងការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ​ដណ្តើម​ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) រវាងក្លឹបព្រះខ័នរាជស្វាយរៀង និងក្លឹបភ្នំពេញក្រោន ជាមួយអ្នកគាំទ្ររាប់ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី២៨ ខែមេសាកន្លងទៅ។ ការប្រកួតដ៏តានតឹងរវាងក្រុមជើងខ្លាំងទាំង២នេះ បានរកឃើញម្ចាស់ពាននៅនាទីទី១២០ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Marcus Haber ធ្វើឲ្យក្លិបព្រះខ័នរាជស្វាយរៀង យកជ័យជម្នះក្លាយជាជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧។ ក្នុងនាមជាដៃគូសហការរបស់ក្លិប ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់ក្លិបព្រះខ័នរាជស្វាយរៀង ដើម្បីចូលរួមអបអរសាទរជ័យជម្នះដ៏រីករាយនេះ។ លើសពីនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានចូលរួមចែកជូនភេសជ្ជៈ វី-អាកទីវ ទាំង៥ ប្រភេទដោយឥតគិតថ្លៃដល់អ្នកគាំទ្រទាំងអស់ជិត៣ម៉ឺននាក់ផងដែរ ដែលមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី តែងតែបានចូលរួមឧបត្ថម្ភ និងលើកស្ទួយវិស័យកីឡានៅកម្ពុជា ក្នុងនោះមានដូចជាការឧបត្ថម្ភគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្លឹបកីឡា ការប្រកួតលីគកម្ពុជា ព្រមទាំងចូលរួមគាំទ្រកម្មវិធីកីឡាជាច្រើនផ្សេងៗទៀត រួមទាំងកម្មវិធីកីឡាថ្នាក់បឋម ថ្នាក់ឧត្តមសិក្សា ព្រមទាំងកីឡាថ្នាក់ជាតិផងដែរ៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី