នេះ! ស្រះទឹកទំហំ ១២៥ x ៤៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ នៅស្រុកជុំគិរី ជាស្រះទឹក១​ ក្នុងចំណោម ១៦០ស្រះ នៅខេត្តកំពត

  • 2024-05-07 09:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

សូមជម្រាបថា ការងារជីកស្តារស្រះទំហំ១២៥ គុណ ៤៥ ម៉ែត្រ ជម្រៅ​៣​ម៉ែត្រ​ ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពតនេះ ជាផ្នែកមួយនៃ​គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន។ តាម​រយៈ​គម្រោងនេះ ខេត្តកំពតបានទទួលគម្រោងជីកស្តារស្រះទឹក ទាំងស្រះ​សហគមន៍​ និងស្រះឯកជនសរុបចំនួន ១៦០ស្រះ ដោយនៅជំហានទី១ គម្រោង​អនុវត្តការងារជីកស្តារចំនួន ៨០ស្រះ នៅក្នុងស្រុកចំនួន ៥ រួមមាន៖ ស្រុកដងទង់ ២៣ស្រះ ស្រុកបន្ទាយមាស ២២ស្រះ ស្រុកឈូក ១០ស្រះ ស្រុកជុំគិរី ២៤ស្រះ និងស្រុកទឹកឈូ ១ស្រះ។ រហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារជីកស្តារស្រះទឹកនៅជំហានទី១ សម្រេចបានប្រមាណ ៦០%។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់នូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាប្រឈមខ្វះទឹក ដោយបានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយមចុះអន្តរាគមន៍តាមគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាទឹក សម្រាប់បម្រើឱ្យការងារស្រោចស្រព និងប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថានជាគម្រោងរួមរបស់ក្រសួងចំនួនបី ដើម្បីជួយដល់ប្រជាកសិករ ក្នុងនោះមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ដោយអនុវត្តនៅលើខេត្តគោល​ដៅ​ចំនួនបួនគឺខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលក្នុងគម្រោងមានការជីកស្ដារស្រះទឹកសរុប ចំនួន ៨០០ ស្រះ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទថ្មី