ឡាន BYD លក់ដាច់ខ្លាំងក្នុងពិភពលោក តែមកដល់ពេលនេះ មិនទាន់បាន​ចូលទីផ្សារអាមេរិកនៅឡើយទេ

  • 2024-05-08 08:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនចិន BYD កំពុងប្រដេញ​គ្នា​យ៉ាងខ្លាំងជាមួយ​ក្រុមហ៊ុនអាមេរិក Tesla លើការលក់​រថយន្តអគ្គិសនី​ក្នុងពិភពលោក ពោលគឺ​ BYD បាន​លក់ដាច់ខ្លាំង​នៅតាមបណ្តាប្រទេសជាច្រើន រួមទាំងអឺរ៉ុបផងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ BYD នៅមិនទាន់​បានចូលទីផ្សារអាមេរិកនៅឡើយទេ។

ការមិនទាន់ឈានចូលទីផ្សារអាមេរិកនេះ ត្រូវបាន BYD ​បន្ទោសទៅលើគោលនយោបាយរឹតត្បិតរបស់អាមេរិក និងរបាំងពាណិជ្ជកម្ម មកលើផលិតផលបច្ចេកវិទ្យា​របស់ចិន។ ម៉្យាងទៀត អាមេរិក​ ក៏ទំនង​ជាមានការបារម្ភដែរថា រថយន្តធូរថ្លៃរបស់ក្រុមហ៊ុនចិនជាពិសេស​រថយន្តអគ្គិសនី នឹង​ប៉ះពាល់ខ្លាំង​ដល់ក្រុមហ៊ុន​រថយន្ត​អាមេរិក។ កន្លងមក នៅទីផ្សារអាមេរិកនេះ គឺគ្របដណ្តប់ដោយ​រថយន្តជប៉ុន និងកូរ៉េរួចមកហើយ។

លោកស្រី Stella Li នាយកប្រតិបត្តិ BYD ប្រចាំ​នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បាន​និយាយថា ក្រុមហ៊ុនខ្លួន មិនទាន់​មានគម្រោង​នាំយករថយន្ត​មកកាន់​ទីផ្សារអាមេរិកនេះនៅឡើយទេ។ លោកស្រី​អះអាងថា ទីផ្សារនេះ​គឺពិតជាគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែវាបែរជាមានភាពស្មុគ្រស្មាញខ្លាំង នៅពេលនិយាយពីរថយន្តអគ្គិសនី។ យ៉ាងណាក៏ដោយ BYD បានត្រៀមខ្លួនរួចស្រេច​សម្រាប់ទីផ្សារអាមេរិក ទាំងបច្ចេកវិទ្យា និងខ្សែចង្វាក់ផ្គត់ផ្គង់។

កាលពីខែមករា ឆ្នាំ​២០២៤កន្លងទៅ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញក្តីបារម្ភ​ថា ក្រុមហ៊ុន​រថយន្តចិន នឹង​កម្ទេច​គូប្រជែង​សាកល​​ទាំងអស់​ ប្រសិន​បើគ្មានរនាំងពាណិជ្ជកម្មទេនោះ ខណៈការ​លក់​រថយន្តចិនដែលមានតម្លៃធូរថ្លៃ បាន​នឹង​កំពុងក្តោបក្តាប់​ទីផ្សារក្នុងដៃកាន់តែណែន។ ការ​បារម្ភ​របស់​លោក Elon Musk នេះ បន្ទាប់ពីក្រុមហ៊ុន​ចិន BYD បាន​ទម្លាក់​តំណែង​របស់​ក្រុមហ៊ុន Tesla ក្នុងនាម​ជាអ្នក​លក់​រថយន្ត​អគ្គិសនី​ដាច់ខ្លាំង​ជាងគេ​បង្អស់​ នៅ​ត្រីមាស​ចុងក្រោយ​ ឆ្នាំ​២០២៣។

យ៉ាងណាក៏ដោយចុះ BYD ក៏មិនបានបោះបង់​ចោលដែរ ពោលគឺ​នឹង​ដាក់​រោងចក្រ​ផលិតរថយន្ត​នៅប្រទេស​ក្បែរខាងអាមេរិកតែម្តង គឺប្រទេសម៉ិចស៊ីកូ។ BYD រំពឹងថា នឹងអាចលក់រថយន្ត​ខ្លួន​នៅម៉ិចស៊ីកូ ប្រមាណ​ ៥ម៉ឺនគ្រឿងក្នុងឆ្នាំ​នេះ ហើយនឹងបន្តកើនឡើងទ្វេរដង​នៅឆ្នាំក្រោយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី