សហព័ន្ធកីឡាទាញព្រ័ត្រ៖ ការប្រកួតជើងឯកថ្នាក់ជាតិនៅកំពង់សោមឆ្នាំនេះនឹងបន្ថែមវិញ្ញាសាថ្មីមួយទៀត
- 2024-05-09 06:16:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាទាញព្រ័ត្រ៖ ការប្រកួតជើងឯកថ្នាក់ជាតិនៅកំពង់សោមឆ្នាំនេះនឹងបន្ថែមវិញ្ញាសាថ្មីមួយទៀត
ចន្លោះមិនឃើញ
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ម្សិលមិញនេះធ្វើសន្និសីទសារព័ត៌មានប្រកាសពីការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ និងពានរង្វាន់ Idol លើកទី១ នឹងធ្វើឡើងនៅខេត្តព្រះសីហនុ ដោយបន្ថែម ១ វិញ្ញាសាថ្មីទៀតលើសពីឆ្នាំមុនៗ។
ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានឲ្យដឹងថា ដើម្បីជាភាពទាក់ទាញ និងបង្កើនមេដាយ ឬជយលាភីផងនោះទើបសហព័ន្ធបន្ថែមវិញ្ញាសាថ្មីមួយទៀតឡើង។ វិញ្ញាសា ១ ទល់ ១ នេះមានទាំងផ្នែកនារី និងបុរស។ ព្រឹទ្ធាចារ្យកីឡារូបនេះជឿជាក់ថាការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះនឹងរឹតតែមានភាពទាកទាញ និងបានផ្សព្វផ្សាយកីឡាមួយនេះកាន់តែទូលំទូលាយ។
ប្រធានសហព័ន្ធ និងជាស្ថាបនិកកីឡាជាច្រើនប្រភេទនៅកម្ពុជាខាងលើនេះបន្ថែមទៀតថា នេះជាការខំប្រឹងប្រែងឥតឈប់ឈររបស់សហព័ន្ធដោយតែងតែកៀរគររកជំនួយផ្សេងៗដើម្បីគាំទ្រសកម្មភាពនានាដូចជាការប្រកួតជើងឯក និងពានរង្វាន់ផ្សេងៗជាដើម។ បានការឧបត្ថម្ភច្រើនដើរលឿន បានតិចដើររៀងយឺត ប៉ុន្តែប្រសើរជាងមិនធ្វើអ្វីទាំងអស់។ កីឡាណាក៏ដោយក៏មិនអាចរីកចម្រើនបានដែរប្រសិនបើមិនព្យាយាមធ្វើសកម្មភាពអ្វីសោះ។
បញ្ជាក់ដែរថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ និងពានរង្វាន់ Idol លើកទី១ នេះនឹងធ្វើឡើងនៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១០ ដល់ ១២ ខែឧសភា។ ការប្រកួតនេះមាន ៦វិញ្ញាសា ទី១ វិញ្ញាសា ៨នាក់ ទល់ ៨នាក់ បុរស ទី២ វិញ្ញាសា ៨នាក់ ទល់ ៨នាក់ ផ្នែកនារី ទី៣ វិញ្ញាសា ៤នាក់ ទល់ ៤នាក់ ផ្នែកបុរស ទី៤ វិញ្ញាសា ៤នាក់ ទល់ ៤នាក់ ផ្នែកនារី ទី៥ វិញ្ញាសា ១ ទល់ ១ ផ្នែកបុរស ទី៦ វិញ្ញាសា ១ ទល់ ១ ផ្នែកនារី៕