សហគមន៍​ព្រែកត្នោត ខេត្ដ​កំពត សង្ស័យការ​ងាប់​របស់​ផ្សោត​ទម្ងន់​ជាង ១០០​គីឡូ កើតចេញពីបទល្មើស

  • 2024-05-10 05:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហគមន៍​​ព្រែក​ត្នោត ក្រុងបូកគោ ខេត្ដកំពត សន្និដ្ឋាន​ថា ត្រីផ្សោត​ដែល​ប្រជា​នេសាទ​ប្រទះ​ឃើញ​ងាប់ ហើយ​អណ្ដែត​ទៅ​ទើរ​ដើម​កោងកាង ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីស្នាក់ការ​សហគមន៍​នោះ គឺ​កើត​ចេញ​ពី​ទូក​បទល្មើស​ធំៗ​ប្រើ​លូ​សាច់​អួន​ថ្នក់ជ្រៅ ហើយ​វែង ដើម្បី​អូសទើប​សត្វផ្សោត​ចូល​បណ្ដាល​ឲ្យ​ងាប់​តែម្ដង។

ការសន្និដ្ឋាន​បែប​នេះ គឺ​បន្ទាប់​ពី​សមាជិក​សហគមន៍​ប្រទះ​ឃើញ​ទូក​បទល្មើស​នេសាទ​ធំៗ នៅ​តែ​បន្ដ​លួច​ចូល​នេសាទ​ដោយ​ខុសច្បាប់​ក្នុង​ដែន​អភិរក្ស​សហគមន៍។ សកម្មភាព​ទាំង​នេះ បាន​រំខាន និង​គំរាម​កំហែង​ដល់​ជីវិត​សត្វ​ផ្សោត​ទាំង​ពីរ​ប្រភេទ គឺ​ផ្សោត​ខ្មៅ​ក្បាល​ត្រឡោក និង​ផ្សោត​ពណ៌ផ្កាឈូក កំពុង​រស់នៅ​ទឹក​ប្រៃ។

ប្រធាន​សហគមន៍​លោក អ៊ុក សុវណ្ណារិទ្ធ បាន​ប្រាប់​Sabay តាម​រយៈ​បទសម្ភាសន៍​ខ្លី​មួយ​បន្ទាប់​ពី​មន្ដ្រី​ជំនាញ​ជលផល តំណាង​អង្គការ MCC ស្រង់​ត្រី​ផ្សោត​ដែល​ងាប់​នៅ​ទៅ​កប់​កាល​ពី​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០២៤ ថា តាម​សភាព​សាកសព គឺ​ផ្សោត​បាន​ងាប់​ប្រហែល​១​សប្ដាហ៍​មុន​ប្រជា​សហគមន៍​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ទី៨ ខែ​ឧសភា។ ផ្សោត​ដែល​ងាប់​នោះ​មាន​ទម្ងន់​ប្រមាណ ១០០​គីឡូក្រាម និង​មាន​ប្រវែង ២ម៉ែត្រ។

បើ​តាម​ប្រធាន​សហគន៍​រូប​នេះ ផ្សោត​ដែល​កំពុង​មាន​វត្ដមាន​នៅ​ក្នុង​តំបន់​អភិរក្ស​សហគន៍​ព្រែក​ត្នោត មាន​ប្រហែល ៤០​ក្បាល។ ក្រៅ​ពី​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​ក្នុង​តំបន់​អភិរក្ស ដើម្បី​ភិរក្ស​សត្វផ្សោត សហគមន៍​ព្រែក​ត្នោត​ដោយ​មាន​ការ​សហការ​ជាមួយ​មន្ដ្រី​ជំនាញ អាជ្ញាធរ និង​មន្ដ្រី​អង្គការ​ក្រៅរដ្ឋាភិបាល បាន​ទម្លាក់​ថ្ម​សិប្បនិម្មិត​ចំនួន ២០​ដុំ ដោយ​ក្នុង​មួយ​ដុំៗ​មាន​ទម្ងន់ ២​តោន​ក្នុង ហើយ​ថ្ម​ទម្ងន់​ក្រោម​២​តោន ជាង១០០​ដុំ ត្រូវ​បាន​ទម្លាក់​ចូល​ជា​បន្ដបន្ទាប់​គ្នា​តាំង​ពី​ឆ្នាំ​២០០៧ ដើម្បី​ធ្វើ​ជា​រនាំង​កាត់​បន្ថយ​ទប់​រលក​ទឹក​សមុទ្រ និង​ជា​ជម្រក​ដ៏​សំខាន់​សម្រាប​សត្វ​ផ្សោត​ទឹក​ប្រៃ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី